(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងស្នើអ្នកសារព័ត៌មាន បន្តចូលរួមផ្សព្វផ្សាយឱ្យកាន់តែសកម្មអំពីហានិភ័យនៃមេរោគអេដស៍ ជួយផ្សព្វផ្សាយលើកទឹកចិត្តឱ្យអ្នកសង្ស័យទៅធ្វើតេស្តរកមេរោគអេដស៍ ផ្សព្វផ្សាយពីរឿងរ៉ាវជោគជ័យនៃគ្រួសារ ដែលរងគ្រោះដោយសារមេរោគអេដស៍ និងចូលរួមលុបបំបាត់ការមាក់ងាយ និងរើសអើងលើគ្រប់ទម្រង់ភេទ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍។
លោកទេសរដ្ឋមន្ត្រី អៀង មូលី បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ នាឱកាសដែលលោកអញ្ជើញជាអធិបតីបើកសិក្ខាសាលាជាមួយបណ្តាញសារព័ត៌មានស្តីពី ស្ថានភាព និងការចូលរួមឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជា ដែលបានរៀបចំឡើងដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) នៅសណ្ឋាគារភ្នំពេញ មានការចូលរួមពីលោកស្រី ឆៃ ច័ន្ទរិទ្ធី សូលីដា រដ្ឋលេខាធិការ និងប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងព័ត៌មាន លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ លោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងមានអ្នកសារព័ត៌មាន បណ្តាញការងារ និងអង្គការសង្គមស៊ីវិលជាច្រើនរូបទៀត។
លោកទេសរដ្ឋមន្ត្រី អៀង មូលី បានបន្ថែមទៀតថា កម្ពុជាជាប្រទេសដែលទទួលបាននូវការទទួលស្គាល់ពីអង្គការយូអិនអេដស៍ថា ឈរនៅលំដាប់កំពូលក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក។ ជោគជ័យរបស់កម្ពុជា គឺដោយសារមានសសរស្តម្ភ៣សំខាន់៖ ភាពជា អ្នកដឹកនាំ ឬភាពជាម្ចាស់, ភាពជាដៃគូ និង ការវិនិយោគ។ នៅក្នុងភាពជាអ្នកដឹកនាំ ឬភាពជាម្ចាស់ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាតិក្នុងឆ្លើយតបជាពហុវិស័យ និងផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ចីរភាពនៃការឆ្លើយតប។
ជាពិសេសក្នុងខែមីនា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ផងដែរ។ ចំពោះភាពដៃគូ យើងបានសហការគ្នាជាមួយម្ចាស់ជំនួយដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិលធ្វើការឆ្លើយតបព្រមគ្នា។ ចំណែកឯការវិនិយោគវិញ រាជរដ្ឋាភិបាលបានចូលរួមចំណែកទិញឱសថប្រឆាំងនឹងមេរោគអេដស៍តាំងពីឆ្នាំ២០១៥មក ព្រមទាំងផ្តល់ការគាំទ្របុគ្គលិកជាប់កិច្ចសន្យាផងដែរ។
លោកទេសរដ្ឋមន្ត្រី អៀង មូលី បានបញ្ជាក់ទៀតថា តាមរយៈការចូលរួមក្នុងវេទិកាអន្តរជាតិក្នុងខែមិថុនា និងកក្កដាកន្លងទៅថ្មីៗនេះ កម្ពុជាបានបង្ហាញជូនអង្គការយូអិនអេដស៍ពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដែលបានដាក់ចេញដោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។ ទន្ទឹមនឹងនេះអង្គការយូអិនអេដស៍ បានទទួលស្គាល់ថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ីប៉ាស៊ីហ្វ៊ិក ក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ផងដែរ។ ក្នុងនោះគោលដៅ៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន ៨៩-៩៨-៩៨។
លោកទេសរដ្ឋមន្ត្រី អៀង មូលី បានបន្ថែមថា បើតាមតួលេខចុងក្រោយ អ្នកឆ្លងមេរោគអេដស៍ថ្មីនៅកម្ពុជាមានចំនួន ១.២០០នាក់ ក្នុងឆ្នាំ២០២៣ ខណៈដែលនៅកម្ពុជាមានអ្នកឆ្លងមេរោគអេដស៍សរុប ៧៦,០០០ម៉ឺននាក់ ក្នុងនោះមានអ្នកមិនទៅទទួលសេវាព្យាបាល (លាក់មុខ) មានរហូតទៅដល់ ៨,០០០នាក់ ដែលជាអត្រាគួរឱ្យព្រួយបារម្ភ។
បើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ ប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ ជាប្រទេសដែលទទួលបានជោគជ័យ ក្នុងកាងារប្រយុទ្ធនឹងជំងឺអេសដ៍ដែលក្នុងនោះ ៩០% នៃអ្នកផ្ទុកមេរោគអេដស៍កំពុងទទួលបានការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ តែចំនួននៃការឆ្លងមេរោគអេដស៍ថ្មី ជាពិសេសក្នុងចំណោមយុវជនវ័យក្មេង និងការស្លាប់ដោយសារជំងឺអេដស៍នៅតែជាការព្រួយបារម្ភ ដែលយើងទាំងអស់គ្នាត្រូវផ្តោតការយកចិត្តទុកដាក់ និងចូលរួមប្រយុទ្ធទប់ស្កាត់ឱ្យសកម្មបំផុត។ ការរើសអើង និងការមាក់ងាយនៅគ្រប់ទម្រង់ចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រឈមមុខនៅតែ មានបន្ត ដែលជាឧបសគ្គចម្បងសម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍ផងដែរ៕