(ភ្នំពេញ)៖ បណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិល នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍រួមសម្តែងការដឹងគុណចំពោះ គុណូបការៈមហាធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាសន្តិភាព និងការអភិវឌ្ឍ ពិសេសការបណ្តុះមនសិការស្នេហាជាតិនិយម។
សេចក្តីថ្លែងការណ៍រួមរបស់បណ្តុំអង្គការសង្គមស៊ីវិល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ បានឱ្យដឹងថា «យើងខ្ញុំជាយុវជនប្រជាជនកម្ពុជា សូមចងចាំ និងដឹងនូវគុណូបការៈមហាធំធេងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា»។
ក្នុងឱកាសនៃពិធីសម្ពោធបើកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ» បានសបញ្ជាក់យ៉ាងច្បាស់ អំពីស្មារតីជាតិនិយម សាមគ្គី មនសិការស្នេហាជាតិ កាន់តែរឹងមាំរបស់ប្រជាជនខ្មែរក្រោយមហាព្រឹត្តការណ៍ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូនតេជោ ៥ សីហា ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយបានបើកនូវសករាជថ្មីបន្តបន្ទាប់អំពីមហាសមិទ្ធផលជាតិរបស់បុព្វបុរសខ្មែរក្នុងរយៈពេលជិត២ពាន់ឆ្នាំមកនេះ និងក្រោយពីកម្ពុជាទទួលបានសុខសន្តិភាព ពេញលេញបន្ទាប់ពីមានការដឹកនាំដោយ នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងក្រោមការខិតខំរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោ អាចអនុវត្តន៍បាន ដោយមានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន។
យើងខ្ញុំជាក្រុមយុវជននៃបណ្ដុំអង្គការសមាគមសង្គមស៊ីវិល ជារួមទាំងគម្រោងព្រែកជីកហ្វូណនតេជោ និងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម (CLV) គឺពិតណាស់បានផ្តល់ផលប្រយោជន៍ជូនប្រជាជនកម្ពុជា ពិសេសប្រជាជនខ្មែរ គ្រប់ទិសទី គ្រប់ស្រទាប់វណ្ណៈ គ្រប់គណបក្សនយោបាយ ទាំងក្នុងនិងក្រៅប្រទេស បានចូលរួមអបអរសាទរ និងគាំទ្រនូវការអភិវឌ្ឍនេះយ៉ាង ច្រើនលើសលប់។
ជាការពិតណាស់កូនខ្មែរទាំងអស់បានចងចាំ និងដឹងគុណូបការៈមហាធំធេង មិនអាចកាត់ថ្លៃបាន ក្រោមការដឹកនាំប្រទេសជាតិកន្លងមក របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាបិតាសន្តិភាព ក្នុងការបង្រួបបង្រួមបណ្តុះ មនសិការស្នេហាជាតិ ពិសេសការខិតខំ លះបង់បូជាសាច់ស្រស់ឈាមស្រស់របស់សម្តេច ស្ទើមួយជីវិតដើម្បីជាតិមាតុភូមិ ក្នុងការស្វែងរកឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាពសង្គម សម្រាប់ប្រជាជនកម្ពុជាទាំងមូល។
ប៉ុន្តែជាអកុលសយើងអាចសង្កេតឃើញថា បច្ចុប្បន្ននៅតែមានក្រុមអ្នកនយោបាយជ្រុលនិយមមួយចំនួនតូច ឬអ្នកនយោបាយ ចាស់វស្សាជាទណ្ឌិតភៀសខ្លួននៅក្រៅប្រទេស តែងតែបង្កើតនយោបាយមនោគមវិជ្ជាខ្មៅកខ្វក់ នយោបាយយកជើងរាទឹក មានចិត្តគំនិត ទុច្ចរិក បំផ្លើសបំផ្លែព័ត៌មាន ញុះញង់ គ្រប់រឿង ចំពោះការអភិវឌ្ឍរបស់កម្ពុជា ដើម្បីតែមហិច្ឆតាផ្ទាល់ខ្លួនហួសហេតុ ចង់បំផ្លាញប្រយោជន៍ ជាតិខ្លួន និងធ្វើឱ្យសង្គមជាតិមានការចលាចល។
ការធ្វើនយោបាយខ្មៅកខ្វក់ជ្រុលនិយមរាប់សិបឆ្នាំដដែលៗបែបនេះ មិនទទួលបានលទ្ធផលទេ ផ្ទុយទៅវិញកាន់តែធ្វើឱ្យប្រជាជនខ្មែរសាមគ្គីគ្នា និងស្រឡាញ់ជាតិកាន់តែខ្លាំងឡើង ពិសេសក្រុមជ្រុលនិយមទាំងនេះ បាត់ទំនុកចិត្តពីបក្សពួក និងសកម្មជនខ្លួនទៅវិញ៕