(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានអប់រំអំពីសិទ្ធិមនុស្សភូមា និងបុគុ្គលិកអង្គការពណ៌ឥន្ទធនូ ចំនួន២៦នាក់ បានមកធ្វើទស្សនកិច្ច នៅព្រះរាជបណ្ណាល័យហ្លួងម៉ែ និងនៅទីស្នាក់ការកណ្តាលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីសិក្សាឈ្វេងយល់អំពីយុត្តិធម៌អន្តរកាលនៅប្រទេសកម្ពុជា, សន្តិភាព, ការផ្សះផ្សាបស់កម្ពុជា ជាពិសេសវិធីសាស្រ្ត នៃការស្រាវជ្រាវ, ដំណើរការបញ្ចូលទិន្នន័យ, ការចងចាំ, យុត្តិធម៌, សន្តិភាព, រឿងរ៉ាវ និងបញ្ហាសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម (ពីឆ្នាំ១៩៧៥-១៩៧៩)។
ដំណើរទស្សនកិច្ចរបស់ក្រុមអ្នកស្រាវជ្រាវ មកពីវិទ្យាស្ថានអប់រំអំពីសិទ្ធិមនុស្សភូមា និងបុគុ្គលិកអង្គការពណ៌ឥន្ទធនូ គឺមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងអ្នកស្រី សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា។
នៅក្នុងឱកាសនោះ លោក ឆាំង យុ បានលើកឡើងអំពីកិច្ចការរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា, ដំណើរការ នៃការប្រមូលឯកសារដោយការចុះទៅសម្ភាសដោយផ្ទាល់ ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, ការកើតឡើងនូវអំពើប្រល័យពូជសាសន៍នៅកម្ពុជា, ដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម, យុត្តិធម៌, ការផ្សះផ្សារវាងជនរងគ្រោះ និងជនដៃដល់ និងសំណងជំងឺចិត្តសម្រាប់ជនរងគ្រោះពីអំពើប្រល័យពូជសាសន៍។
លោក ឆាំង យុ ក៏បានលើកឡើងពីជំហររបស់មជ្ឈមណ្ឌលឯកសារដែលធ្វើការដោយផ្តោតសំខាន់ទៅលើជនរងគ្រោះនៃអំពើប្រល័យពូជសាសន៍, ការដាក់បញ្ចូលកម្មវិធីអប់រំ អំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ទៅក្នុងកម្មវិធីសិក្សាជាផ្លូវការរបស់រដ្ឋ និងមិនផ្លូវការនៅតាមសហគមន៍ដាច់ស្រយាល ព្រមទាំងការយកចិត្តទុកដាក់ ទៅលើសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បន្ទាប់ពីតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ដែលកិច្ចទាំងនេះត្រូវការចំណាយពេលវេលាយ៉ាងយូររហូតដល់ ទៅ១៦ឆ្នាំ។
រហូតមកដល់សព្វថ្ងៃប្រទេសភូមា នៅតែបន្តកើតមានជម្លោះផ្ទៃក្នុងយ៉ាងខ្លាំងក្លា ហើយត្រូវបានស្គាល់ថា ជាប្រទេសដែលមានសង្រ្គាមស៊ីវិលអូសបន្លាយយូរជាងគេនៅក្នុងតំបន់ និងពិភពលោក។ ក្រុមអ្នកស្រាវជ្រាវរំពឹងថា កម្ពុជាអាចជាមេរៀនដល់ប្រទេសភូមា ឲ្យសម្រេចបាននូវសន្តិភាពមួយក្នុងពេលអនាគត៕