(ភ្នំពេញ)៖ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ បានដឹកនាំគណៈប្រតិភូចុះប្រកាសកែសម្រួល សមាសភាពមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បំពេញភារកិច្ចនៅតាមស្ថានីយថ្លឹងយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ រួមមានចំនួន ៦ទីតាំង ដើម្បីពង្រឹងយន្តការអនុវត្តការងារ របស់មន្ត្រីតាមស្ថានីយនីមួយៗ ឱ្យកាន់តែមានប្រសិទ្ធភាព និងដើម្បីឱ្យមន្ត្រីអាចផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ដល់មន្ត្រីថ្មីៗបន្ថែមទៀត។
លោក សេង ឈួន បានបានចុះប្រកាសដូចនេះ រយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី៦-៧ ខែសីហា ឆ្នាំ២០២៤ ហើយស្ថានីយជញ្ជីងអចល័តទាំង៦ នេះមានដូចជា៖ ស្ថានីយជញ្ជីងអចល័តមានជ័យ ខេត្តក្រចេះ ស្ថានីយជញ្ជីងអចល័តថ្នល់ទទឹង ខេត្តត្បូងឃ្មុំ ស្ថានីយជញ្ជីងអចល័តអ្នកលឿង ខេត្តព្រៃវែង ស្ថានីយជញ្ជីងអចល័តព្រែកហូរ រាជធានីភ្នំពេញ ស្ថានីយជញ្ជីងអចល័តអូរចំណារ ខេត្តព្រះសីហនុ និងស្ថានីយជញ្ជីងអចល័តលង្វែក ខេត្តកំពង់ឆ្នាំង។
នាឱកាសនោះលោក សេង ឈួន បានផ្តាំផ្ញើដល់មន្រ្តីដែលបានកែសម្រួលសមាសភាពថ្មី ក៏ដូចជាមន្រ្តីចាស់ទាំងអស់ឱ្យខិតខំអនុវត្តការងារទប់ស្កាត់បទល្មើសដឹកជញ្ជូនលើសទម្ងន់ដែលនាំឱ្យខូចខាតផ្លូវថ្នល់មុនអាយុកាលកំណត់ ពិសេសត្រូវបញ្ឈប់រាល់សកម្មភាពអសកម្មមួយចំនួនក្នុងទីតាំងស្ថានីយ ដែលនាំឱ្យប៉ះពាល់ដល់កិត្តយស និងសេចក្តីថ្លៃថ្នូររបស់មន្រ្តីរាជការ។
មន្ត្រីរបស់ក្រសួង ដែលបានកែសម្រួលផ្លាស់ទៅទីតាំងស្ថានីយថ្មី ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការទប់ស្កាត់បទល្មើសនៃការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ អនុវត្តយ៉ាងត្រឹមត្រូវតាមបទប្បញ្ញត្តិដែលមានចែងក្នុងមាត្រា២៦ និងមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ បង្កើនសាមគ្គីភាព ពង្រឹងវិន័យ និងកិច្ចសហការឱ្យកាន់តែល្អរវាងអង្គភាពចម្រុះ ដែលបំពេញតួនាទីភារកិច្ចក្នុងស្ថានីយជញ្ជីងអចល័ត ព្រមទាំងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំ រួមទាំងសេចក្តីណែនាំលេខ១២២ សណន.លគសអ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការពង្រឹងវិន័យ និងបែបបទអនុវត្តការងាររបស់មន្រ្តីស្ថានីយត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់៕