(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាវាគ្មិន នៅក្នុងសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៨ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា ក្រោមប្រធានបទ «ការព្យាបាលជំងឺបេះដូង និងសរសៃឈាមក្នុងបរិបទសុខាភិបាលឌីជីថល - Advanced Cardiovascular Management in Digital Transformation» នៅដើមខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ក្រោមអធិតីភាពលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល, លោកសាស្ត្រាចារ្យ ហ្វីលីព វ៉ុង (Dr. Philip Wong) ក៏បានចែករំលែកនូវវិធីបង្ការ ការពារ ពីជំងឺមិនឆ្លង ដែលផ្ដោតសំខាន់ទៅស្ទះសរសៃឈាមបេះដូង ក្រៅពីចែករំលែកបច្ចេកវិទ្យាទំនើប នៃការព្យាបាលជំងឺបេះដូង។
លោកសាស្ត្រាចារ្យ ហ្វីលីព វ៉ុង (Dr. Philip Wong) ឯកទេសខាងជំងឺបេះដូង រយៈពេល៣៣ឆ្នាំ និងកំពុងបម្រើការនៅមន្ទីរពេទ្យ Raffle Hospital ប្រទេសសិង្ហបុរី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ជំងឺស្ទះសរសៃឈាមបេះដូង ជាឃាតករមួយក្នុងចំណោមជំងឺផ្សេងៗ ដែលសម្លាប់ប្រជាជននៅលើសកលលោក បូករួមទាំងប្រទេសសិង្ហបុរីផងដែរ។
លោកសាស្ដ្រាចារ្យបានបញ្ជាក់ទៀតថា ថ្វីត្បិតតែជំងឺស្ទះសរសៃឈាមបេះដូង អាចបណ្ដាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់ជីវិតក៏ពិតមែន តែជំងឺនេះអាចបង្ការ ការពារវាជាមុនបាន។ ដូច្នេះដើម្បីចៀសផុតពីជំងឺនេះ គឺផ្ដោតសំខាន់បំផុត ទៅលើរបៀបរស់នៅប្រចាំថ្ងៃ គឺត្រូវបរិភោគ តិចអំបិល តិចស្ករ និងតិចខ្លាញ់ ហើយត្រូវធ្វើលំហាត់ប្រាណ និងត្រូវមកឆែកសុខភាពជាមួយគ្រូពេទ្យផងដែរ ទោះមិនឈឺក៏ដោយ យ៉ាងហោចតិចណាស់ មួយឆ្នាំឱ្យបានម្ដង។
លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា ការស្ទះសរសៃឈាម មានពីរប្រភេទ ទី១ គឺគាំងបេះដូង នៅពេលគាំងបេះដូង ជញ្ជាំងសរសៃឈាមបេះដូង ដាច់រហែកចេញឈាម បណ្តាលឱ្យមានកំណកឈាមក្នុងសរសៃបេះដូង។ អ្នកជំងឺអត់មានរោគសញ្ញាអ្វីទេ នៅសុខៗអ្នកជំងឺស្រាប់ តែមានអាការឈឺចុកដើមទ្រូង។ ពេលឈឺចុកក្នុងទ្រូងខ្លាំង បណ្តាលឱ្យបែកញើសត្រជាក់ចេញមក។ ទី២ ចំពោះការគាំងបេះដូង ជាជំងឺធ្ងន់ធ្ងរមែនទែន ហើយក្នុងស្ថានភាពនេះ សូមប្រញាប់ទៅមន្ទីរពេទ្យដោយផ្ទាល់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោកបានបន្ដថា បញ្ហាសរសៃឈាមបេះដូង ពេលដែលវាស្ទះឬគាំងបេះដូង គឺត្រូវប្រញាប់ព្យាបាលដើម្បីបើកផ្លូវសរសៃឈាម (ដាក់រឺស័រពង្រីកសរសៃឈាម) ឱ្យបានកាន់តែលឿនកាន់តែល្អក្នុងរយៈពេលពី ៦ ទៅ ១២ម៉ោង ដើម្បីកុំឱ្យមានការខ្វះឈាមក្នុងបេះដូង ដែលបណ្តាលឱ្យខូចសាច់ដុំបេះដូងលែងដំណើរការ។ ប្រភេទទីពីរនៃការស្ទះ គឺជាប្រភេទដែលកើតឡើងបន្តិចម្តងៗក្នុងរយៈពេលច្រើនឆ្នាំ។ កត្តាហានិភ័យកាន់តែធ្ងន់ធ្ងរ គឺការកកស្ទះកាន់តែច្រើន ដែលបណ្តាលមកពីអ្នកជំងឺមានជំងឺលើសជាតិខ្លាញ់ សម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម និងការជក់បារីជាដើម។ ទាំងនេះគឺជាការកត្ដាជំរុញធ្វើឱ្យមានការស្ទះកាន់តែធ្ងន់ធ្ងរ។
«នៅពេលដែលការស្ទះសរសៃឈាមបេះដូងបានកើនឡើងច្រើនជាង៧០% គឺបានបង្ហាញរោគសញ្ញាមក ដែលរោគសញ្ញាខុសគ្នាពីការគាំងបេះដូង ប្រសិនគាំងបេះដូងវាកើតឡើងភ្លាមៗក្នុងរយៈពេលតែប៉ុន្មានវិនាទី តែការស្ទះសរសៃឈាមកើតឡើងបន្តិចម្តងៗយូរឆ្នាំ គឺនៅពេលណាដែលយើងធ្វើការរាងហត់ គឺឈឺចុកក្នុងទ្រូង ដូចជា ដើរឆ្ងាយ ឬឡើងជណ្តើរ បានវាចាប់ផ្តើមឈឺ។ ជំងឺប្រភេទនេះកើតមានច្រើនជាងនៅសុខៗគាំងបេះដូងភ្លាមៗ»។
លោកសាស្ដ្រាចារ្យបានបញ្ជាក់ថា សម្រាប់ការការព្យាបាល គឺទី១) ដាក់រឺស័រដើម្បីពង្រីកសរសៃឈាមដែលស្ទះ, ទី២) អ្នកជំងឺខ្លះសរសៃឈាមបេះដូងធំៗទាំងបី ស្ទះទាំងអស់ មិនអាចដាក់រឺស័របានច្រើននោះទេ ករណីនេះតម្រូវឱ្យមានការវះកាត់ប្តូរសរសៃបេះដូង ការវះកាត់នេះត្រូវវះបើកទ្រូង ហើយយកសរសៃឈាមវ៉ែនពីជើង រួចតជាផ្លូវវាងកាត់សរសៃឈាមដែលស្ទះ, ចំណែកវិធីសាស្ត្រទី៣) គឺប្រើថ្នាំដើម្បីការពារកន្លែងស្ទះកុំឱ្យកាន់តែស្ទះថែមទៀត និងជួយបង្ការកុំឱ្យមានកំណកឈាម និងចុងក្រោយប្រើថ្នាំជួយបំបាត់អាការៈឈឺចុកទ្រូង។
លោកបានបន្ថែមថា រឿងដែលសំខាន់ក្រៅពីការព្យាបាល អ្នកជំងឺត្រូវតែគ្រប់គ្រងកម្រិតអំបិល ជាតិស្ករ និងជាតិខ្លាញ់ និងជំងឺលើសឈាមឱ្យបានល្អ ។ការគ្រប់គ្រងសម្ពាធឈាមបានល្អ ជួយការពារជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។ទាក់ទងនឹងស្ថានភាពជំងឺបេះដូងនៅក្នុងប្រទេសកម្ពុជា លោកសាស្ដ្រាចារ្យបានលើកឡើងថា ដូចនៅបណ្តាប្រទេសអាស៊ានផ្សេងទៀតដែរ អត្រាប្រេវ៉ាឡង់នៃជំងឺបេះដូងកំពុងកើនឡើងច្រើនជាងមុន។ ប្រទេសមួយចំនួនបានអភិវឌ្ឍល្អជាងមុន ប្រជាជនជាច្រើនមានជីវភាពល្អប្រសើរលទ្ធភាពនៃការហូបចុកមានកាន់តែច្រើន ។ដោយសាររបបអាហារពួកគេ បានជួបបញ្ហាជំងឺសរសៃឈាមបេះដូង។ ជំងឺទឹកនោមផ្អែម លើសឈាម កូលេស្តេរ៉ុលខ្ពស់ ជាមូលហេតុនាំឱ្យកើតជំងឺបេះដូង។
នៅកម្ពុជារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងជាច្រើន និងគាំទ្រដល់វិស័យវេជ្ជសាស្ត្រ ដើម្បីរកជំងឺនេះឱ្យបានទាន់ពេលវេលា ហើយកំពុងព្យាយាមដើម្បីគ្រប់គ្រងជំងឺរ៉ាំរ៉ៃដូចជា ទឹកនោមផ្អែម ជំងឺលើសឈាម កូលេស្តេរ៉ុលខ្ពស់ផងដែរ ហើយនៅក្នុងសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៨ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានអំពាវនាវឱ្យការគ្រប់គ្រងជំងឺមិនឆ្លងមួយចំនួនដូចជា ទឹកនោមផ្អែម និងលើសឈាម។
ចំពោះជំងឺលើសសម្ពាធឈាម លោកសាស្ត្រាចារ្យ ហ្វីលីព វ៉ុង បានថ្លែងទៀតថា តាមពិតជំងឺលើសឈាម គឺជារឿងសាមញ្ញណាស់។ មានការយល់ខុសថា ជំងឺលើសសម្ពាធឈាមចាប់ផ្ដើមនៅពេលចុងក្រោយនៃជីវិត។ ប៉ុន្តែតាមពិតជំងឺលើសឈាមចាប់ផ្តើមជាចម្បងនៅពេលដែលអ្នកជំងឺមានអាយុលើសពី៣០ឆ្នាំ។ បច្ចុប្បន្ននេះ ដោយសារតែមានការជឿនលឿនខាងវេជ្ជសាស្ត្រ គេរកឃើញថាក្មេងៗកាន់តែច្រើនកើតជំងឺលើសឈាម។ ដូច្នេះមានកត្តាជាច្រើនដែលប៉ះពាល់ដល់សម្ពាធឈាមខ្ពស់ និងធ្វើឱ្យវាកាន់តែធ្ងន់ធ្ងរ។ មូលហេតុចម្បង គឺការទទួលទានអំបិលខ្ពស់ និងមិនធ្វើលំហាត់ប្រាណ។
កត្តាទាំងពីរនេះកើតឡើងនៅក្នុងប្រជាជនវ័យក្មេងព្រមទាំងអ្នកទាំងឡាយ ដែលលើសទម្ងន់ធ្វើឱ្យស្ថានភាពជំងឺលើសឈាមកាន់តែធ្ងន់ធ្ងរឡើង។ លោកសាស្ដ្រាចារ្យបានឱ្យដឹងទៀតថា «សព្វថ្ងៃនេះយើងមានឱសថជាច្រើនសម្រាប់ព្យាបាលជំងឺលើសឈាម។ ដូច្នេះប្រសិនបើអ្នកជំងឺមានលើសសម្ពាធឈាមលើសពី ១៤០ លើ៩០ គាត់គួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាព។ ហើយប្រសិនបើចាំបាច់ត្រូវមានថ្នាំដើម្បីគ្រប់គ្រងសម្ពាធឈាម។ សំខាន់ណាស់ក្នុងការគ្រប់គ្រងសម្ពាធឈាមបានល្អ ជួយការពារជំងឺដាច់សរសៃឈាមខួរក្បាលនិងគាំងបេះដូង»។
ដោយសារតែបច្ចុប្បន្ននេះ អត្រាស្លាប់ដោយសារជំងឺមិនឆ្លងបានកើនឡើងច្រើនពីមួយឆ្នាំទៅមួយ ដែលជាក្ដីបារម្មណ៍នៅលើសកលលោក ក៏ដូចជានៅកម្ពុជាផងដែរនោះ ពិសេសជំងឺស្ទះសរសៃឈាមបេះដូង បានជាលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវដល់សមាគមជំងឺបេះដូងកម្ពុជា ក៏ដូចជាអង្គការដៃគូ រួមទាំងនិស្សិតពេទ្យជំនាន់ក្រោយៗ ត្រូវតែផ្ដោតអារម្មណ៍យកចិត្ដទុកដាក់ឱ្យបានខ្លាំងខ្ពស់ ដើរឱ្យទាន់នូវការវិវឌ្ឍន៍នៃសុខភាពរបស់ប្រជាពលរដ្ឋ។
ជាពិសេសពង្រឹងសមត្ថភាពជាបន្ដបន្ទាប់ ខិតខំធ្វើយ៉ាងណា ត្រូវដើរឱ្យទាន់បច្ចេកវិទ្យាព្យាបាល ដោយត្រូវសហការគ្នា ក្នុងការស្រាវជ្រាវ ទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីប្រសិទ្ធិភាពព្យាបាល បង្ការ និងការពារ។ ជាងនេះទៅទៀតត្រូវផ្ដល់នូវសារអប់រំសុខភាពដល់ប្រជាពលរដ្ឋឱ្យបាននូវការយល់ដឹងនូវជាការអប់រំសុខភាពឱ្យកាន់តែទូលាយបន្ថែម ការហូបចុកក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបានការពារទុកជាមុន និងឱ្យមកស្វែងរកការពិនិត្យសុខភាពឱ្យទាន់ពេលវេលា កុំឱ្យមានបញ្ហា។
ក្នុងឱកាសនោះលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានសមាគមជំងឺបេះដូងកម្ពុជា រួមទាំងអង្គការដៃគូ និងសិស្សនិស្សិត បានប្ដេជ្ញារួមគ្នា លើកកម្ពស់សមត្ថភាព និងចំណេះដឹង ចំណេះធ្វើរបស់វេជ្ជបណ្ឌិតខ្មែរយើង ដើម្បីធានាឱ្យបាននូវប្រសិទ្ធិភាពនៃការព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋរបស់យើងឱ្យបានល្អប្រសើរ៕