(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនមួយរបស់ជប៉ុន ដែលជាក្រុមហ៊ុនមានបទពិសោធន៍ នៅក្នុងវិស័យឥណទានកាបូន ដើម្បីសហការគ្នាក្នុងការវិនិយោគ ទៅលើឥណទានកាបូន​ ក្នុងការទាញយកចំណូលពីវិស័យនេះ ស្របពេលដែលកម្ពុជា ​បានដាក់គោលដៅជាប្រទេសអព្យាក្រិត្យកាបូន នៅឆ្នាំ២០៥០។

ការចុះអនុស្សារណៈយោគយល់គ្នានេះ​ បានធ្វើឡើងនៅក្នុង ​«សន្និសីទស្តីពីការបង្កើតកិច្ចសហការរួមគ្នាកម្ពុជា-ជប៉ុន ចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូននៅកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងសំហរអាកាសទំនើបចុងក្រោយបំផុត របស់ប្រទេសជប៉ុន» នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤​។

អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា កិច្ចសហការនេះ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយ នូវការបំភាយនូវឧស្ម័ន ទៅលើលំហអាកាស។ បើតាមកិច្ចប្រជុំនៅក្នុងទីក្រុងបារីស បានតម្រូវឱ្យប្រទេស ដែលមានឧស្សាហកម្មជឿនលឿនធំៗ ដែលបានបញ្ចេញឧស្ម័នបំពុលបរិស្ថាន ត្រូវតែចូលរួមទិញ​កាបូននេះ​ ខណៈប្រទេសដែលកំពុងអភិវឌ្ឍន៍ ត្រូវ​ចូលរួមអនុវត្ត ដើម្បីកាត់បន្ថយការបំភាយឧស្ម័ននេះ តាមដែលអាចធ្វើទៅបាន។

​លោកបន្តថា នៅក្នុងធុរកិច្ចបៃតងនេះ មាន៥ផ្នែក គឺកសិកម្ម ឧស្សាហកម្ម បរិស្ថាន ដឹកជញ្ជូន និងសំរាម។ ការវិនិយោគនៅក្នុងវិស័យឥណទានកាបូន ទាមទារពេលវេលារយៈពេលវែង ក្នុងការសម្រេចបាន និងទាមទារឱ្យអ្នកពាក់ព័ន្ធទាំងអស់ រួមមានផលិតករ សហគមន៍ ម្ចាស់រោងចក្រឧស្សាហកម្ម ដឹកជញ្ជូន ចូលរួមរាប់ទាំងរាជរដ្ឋាភិបាលផង។

លោកបាន​ឱ្យដឹងថា សម្រាប់កិច្ចសហការរវាងកម្ពុជា និងជប៉ុន ក្នុងដំណាក់កាលដំបូងនេះ ក្រុមហ៊ុនជប៉ុននឹងចុះទៅពិនិត្យមើលតំបន់ ដែលមានសក្តានុពល ជាពិសេសតំបន់ផលិតដំណាំស្រូវនៅខេត្តព្រៃវែង និងនៅក្នុងខេត្តបាត់ដំបង។

បើតាមតួលេខដែលបង្ហាញដោយក្រុមហ៊ុន ជប៉ុនក្នុងមួយឆ្នាំ កម្ពុជាអាចទាញបានចំណូល ពីការធ្វើឥណទានកាបូនពីទីផ្សារពិភពលោក បានរហូតដល់១០០លានដុល្លារ សម្រាប់តែវិស័យកសិកម្មមួយប៉ុណ្ណោះ។

​សូមជម្រាបថា «សន្និសីទ ស្តីពីការបង្កើតកិច្ចសហការរួមគ្នាកម្ពុជា-ជប៉ុន ចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូននៅកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងសំហរអាកាសទំនើបចុងក្រោយបំផុត របស់ប្រទេសជប៉ុន» បានធ្វើឡើងក្នុងគោលបំណង បង្កើនការយល់ដឹងដល់ធុរជន តាមរយៈបច្ចេកវិទ្យា និងបង្កើននូវឱកាសអាជីវកម្មថ្មីៗ ដើម្បីបង្កើតប្រភពចំណូលមួយផ្សេងទៀត តាមរយៈការលក់ឥណទានកាបូន និងពង្រីកអាជីវកម្ម តាមរបៀបបៃតង និងនិរន្តរភាព។

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានថ្លែងថា បន្ទាប់ពីគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានចូលរួមអមដំណើរ សម្តេចធិបតីក្នុងដំណើទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុន កាលពីចុងឆ្នាំ២០២៣រួចមក សមាគមឧកញ៉ាកម្ពុជា បានបន្តធ្វើការ ជាមួយភាគីជប៉ុនជាហូរហែ។

លោកអ្នកឧកញ៉ាមានប្រសាសន៍ថា ការធ្វើធុរកិច្ចបៃតង និងឥណទានកាបូន នៅប្រទេសជប៉ុន ជាដែលនឹងត្រូវយកមកអនុវត្តកម្ពុជា នឹងជួយប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសឈានមុខគេ ក្នុងតំបន់ក្នុងការធ្វើធុរកិច្ចបៃតង និងឥណទានកាបូននេះ។ ​

សូមជម្រាបផងដែរថា ចាប់ពីថ្ងៃទី៦-៧-៨ ខែសីហា ឆ្នាំ២០២៤ នេះ គណៈប្រតិភូជប៉ុនចំនួន ២៤រូប ដែលអញ្ជើញមកបំពេញ ទស្សនកិច្ចធុរកិច្ចនៅកម្ពុជា ចូលជួបសម្តែងការគួរសម សម្តេចធិបតីនាយករដ្ឋមន្ត្រី និងទស្សកិច្ចសិក្សានៅរោងចក្រនិងចំការអំពៅ ក្នុងខេត្តកំពង់ស្ពឺ, រោងចក្រ ខ្មែរ ប៊ែវើរីជីស ក្នុងទីក្រុង ភ្នំពេញ និងកសិដ្ឋានផលិតស្រូវ និងជីកំប៉ុស្តិ៍ ក្នុងខេត្តព្រៃវែងផងដែរ៕