(ទីក្រុងវៀងចន្ទន៍)៖ នៅក្នុងអំឡុងបំពេញបេសកកម្ម ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រីវេជ្ជបណ្ឌិត Sania Nishatar នាយកប្រតិបត្តិអង្គការ Gavi នៅទីក្រុងវៀងចន្ទន៍ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ GAVI ចំពោះការគាំទ្រជាបន្តបន្ទាប់ដល់កម្ពុជា ចាប់តាំងពីឆ្នាំ ២០០១មក។ លោកសាស្ដ្រាចារ្យក៏បានជម្រាប ជូនដល់អង្គការដៃគូថា ការចាក់ថ្នាំបង្ការ ជាសេវាស្នូលនៃការថែទាំសុខភាពបឋម ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល និងជាវិធានការបង្ការដ៏មានប្រសិទ្ធភាពបំផុតមួយ ដើម្បីការពារអាយុជីវិតប្រជាជន ជាពិសេសរួមចំណែកដល់ការកាត់បន្ថយ អត្រាមរណភាពមាតា និងទារក។
ជាការឆ្លើយតប លោកស្រីនាយកប្រតិបត្តិ Gavi បានកោតសរសើរដល់កម្ពុជា ដែលសម្រេចបានស្ថានភាពគ្មានជំងឺស្វិតដៃជើងតាំងពីឆ្នាំ២០០០ និងការលុបបំបាត់តេតាណូសមាតា និងទារកតាំងពីឆ្នាំ២០១៥ និងការចាក់វ៉ាក់សាំងជាប្រចាំ នៅរក្សាអត្រាគ្របដណ្តប់ បានកម្រិតខ្ពស់គួរឱ្យកោតសរសើរ ទោះជាក្នុងអំឡុងពេលនៃការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយព្រមទាំងបញ្ជាក់ថា Gavi នឹងបន្តពង្រឹងពង្រីកការគាំទ្រកម្ពុជា កម្មវិធីចាក់ថ្នាំបង្ការនាពេលអនាគតជាបន្តទៀត។
លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ GAVI ជាពិសេសលោកស្រីនាយកប្រតិបត្តិ ដែលបានប្តេជ្ញាបន្តគាំទ្រពង្រឹងកម្មវិធីជាតិផ្តល់ថ្នាំបង្ការរបស់កម្ពុជា តាមរយៈគម្រោង Gavi-FPP សម្រាប់រយៈពេល ៥ឆ្នាំ (២០២៣ ដល់ ២០២៧) បន្ថែមទៀត។
ការគាំទ្រថ្មីនេះរបស់ GAVI ផ្តោតលើគ្រប់ទារក/កុមារ និងសហគមន៍ងាយរងគ្រោះ ដែលការគាំទ្រនេះ ជាសកម្មភាពអាទិភាពមួយ ក្នុងចំណោមអាទិភាពសុខាភិបាល ដែលបានលើកក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ក្រសួងសុខាភិបាល បានដាក់គោលដៅធានានូវជីវិតមានសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពសម្រាប់មនុស្សគ្រប់វ័យ។ ក្រសួងសុខាភិបាលនឹងបន្តកិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកសេវាផ្តល់ថ្នាំបង្ការ ដែលមានគុណភាពខ្ពស់ដល់គ្រប់សហគមន៍ រួមទាំងប្រជាជនដែលមានហានិភ័យខ្ពស់៕