(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង លោក Fahmi Fadzil បាននិយាយថា រដ្ឋាភិបាលម៉ាឡេស៊ី កំពុងស្វែងរកអ្នកជំនាញ ឬក្រុមហ៊ុនបច្ចេកទេស ដើម្បីបង្កើតបណ្ដាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន (Social Media Platform) និងប្រើប្រាស់សម្រាប់ប្រជាជនរបស់ខ្លួនតែម្តង និងបង្កើតដោយស្នាដៃជនជាតិម៉ាឡេស៊ី។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។
លោករដ្ឋមន្រ្តីបាននិយាយថា នេះគឺដោយសារតែអ្នកផ្តល់សេវាកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនទទួលបានផលចំណេញ ជាច្រើនពីប្រជាជនម៉ាឡេស៊ី និងមិនធានាសុវត្ថិភាពអ្នកប្រើក្នុងប្រទេសរបស់ខ្លួន ។
លោករដ្ឋមន្ត្រីរូបនេះបានបន្ថែមទៀតថា «យើងត្រូវសិក្សា និងវាយតម្លៃស្ថានភាព។ វាមិនងាយស្រួលទេ ក្នុងការបង្កើតបណ្តាញទំនាក់ទំនង សង្គមផ្ទាល់ខ្លួនរបស់ប្រទេសយើង ប៉ុន្តែប្រទេសមួយចំនួនបានព្យាយាមធ្វើវា។ យើងនឹងពិនិត្យមើលវា»។
គំនិតផ្ដួចផ្ដើមនេះ ត្រូវបានលោករដ្ឋមន្ត្រីបញ្ជាក់ថា វាជារបស់លោក Aznil Nawawi ដែលជាពិធីករ តារាសម្ដែង និងតារាចម្រៀងដ៏ល្បី ដោយបានភ្ជាប់មកជាមួយនូវហេតុផលមួយចំនួន។ ពោលសំណើនេះត្រូវបានធ្វើឡើងបន្ទាប់ពីសកម្មភាពថ្មីៗនេះរបស់ក្រុមហ៊ុនយក្សអាមេរិក Meta ក្នុងការលុបចោលការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលទាក់ទងនឹងប៉ាឡេស្ទីន។
សូមជំរាបថា បច្ចុប្បន្នបណ្ដាប្រទេសដែលជាសមាជិកអាស៊ាន ដែលមានកម្មវិធីបណ្ដាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួននោះគឺមានកម្ពុជា ដែលមានឈ្មោះថា CoolApp និងប្រទេសវៀតណាម ដែលមានឈ្មោះថា Zalo ចំណែកក្រៅពីនេះពុំមាននោះទេ៕