(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ តាងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថា ក្នុងកម្មវិធីប្រារព្ធទិវាជាតិនៃសហព័ន្ធស្វីស។
ក្នុងពិធីនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា កម្ពុជា និងស្វីស មានទំនាក់ទំនងការទូតជាមួយគ្នាចាប់តាំងពីឆ្នាំ១៩៦៣ មកម្ល៉េះ ដែលត្រូវបានកំណត់ដោយការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការសហការគ្នា ហើយការប្រារព្ធទិវាជាតិនាថ្ងៃនេះ គឹដើម្បីគោរពដល់ស្មារតីនៃមិត្តភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក ដែលបានចងភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ទៀតថា ភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរួមគ្នាសម្រាប់សន្តិភាព វិបុលភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ប្រទេសស្វីស បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា តាមរយៈទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ(SDC) ហើយតាមរយៈគម្រោង SDC បានជួយលើកកម្ពស់ការ អភិវឌ្ឍប្រកបដោយចីរភាព ការកែលម្អជីវភាពរស់នៅ និងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
ក្នុងឱកាសនោះ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ប្រទេសស្វីសដល់មន្ទីរពេទ្យគន្ធបុប្ផាអស់រយៈពេលជាង ៣០ឆ្នាំ ក្នុងការធ្វើឱ្យប្រសើរឡើងនូវលទ្ធផលនៃការថែទាំសុខភាពសម្រាប់កុមារកម្ពុជា និងបានជួយសង្គ្រោះជីវិតមនុស្សរាប់មិនអស់។
ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បណ្ឌិត លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ ប្រទេសស្វីស។ ការរួមចំណែករបស់រដ្ឋាភិបាលស្វីសចំពោះការបោសសម្អាតមីន គឺមានតម្លៃមិនអាចកាត់ថ្លៃបាន និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមមនុស្សធម៌ និងការលើកកម្ពស់សន្តិភាព។ កម្ពុជាសង្ឃឹមថា ប្រទេសស្វីស ដែលជាដៃគូដ៏សំខាន់មួយ នឹងបន្តគាំទ្រដល់គោលដៅរបស់កម្ពុជាក្នុងការក្លាយជាប្រទេសគ្មានមីន។
ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណសម្រាប់ការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសស្វីសចំពោះតួនាទីជាប្រធាននៃអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស និងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ របស់ប្រទេសកម្ពុជា។ ការគាំទ្រនេះ គឺមានសារៈសំខាន់នៅក្នុងបេសកកម្មរួមគ្នាក្នុងការលុបបំបាត់ការគំរាមកំហែងនៃគ្រាប់មីន និងលើកកម្ពស់ពិភពលោកដែលមានសុវត្ថិភាព និងសុវត្ថិភាពជាងមុន៕