(ភ្នំពេញ)៖ គោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី គឺជាអំណាចនៃការផ្លាស់ប្តូរ និងបានបង្កើតបរិយាកាសមួយក្នុងការកសាងសហគមន៍ឡើងវិញ ហើយអ្នកដោះមីនអាចធ្វើការ ដោយគ្មានការភ័យខ្លាច។ នេះជាការលើកឡើងរបស់បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកកិច្ចប្រជុំអនុសញ្ញា ហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស៖ «ជោគជ័យ បញ្ហាប្រឈម និងឱកាស» នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffles Hotel Le Royal ដែលរៀបចំឡើងដោយគណៈកម្មាធិការកាកបាទ ក្រហមអន្តរជាតិ (ICRC) ក្រោមកិច្ចសហការជាមួយអាជ្ញាធរមីន និងអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា (ISU)។
ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងទស្សនៈវិស័យនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពយូរអង្វែងដល់ប្រទេសជាតិ ព្រោះបើគ្មានកត្តាសំខាន់ទាំងពីរនេះទេ វឌ្ឍនភាពដែលយើងបានធ្វើនៅក្នុងវិស័យសកម្មភាពមីននឹងមិនអាចទៅរួចនោះទេ។
ទន្ទឹមនឹងនោះ បណ្ឌិត លី ធុជ បានថ្លែងទៀតថា ជាមួយភាពជោគជ័យក្នុងវិស័យមីន កម្ពុជាមានកិត្តិយសដែលបានចូលកាន់តំណែងជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ដើម្បីបន្តរក្សានូវស្មារតី និងគោលបំណងនៃអនុសញ្ញា ក្នុងការរួមចំណែកជំរុញគោលដៅរួមនៃពិភពលោកគ្មានការគំរាមពីមីនប្រឆាំងមនុស្ស ក្នុងនោះការជំរុញធ្វើសកលភាវូបនីយកម្ម នៃអនុសញ្ញាគឺចាំបាច់សម្រាប់ពិភពលោកមួយដែលគ្មានមីន។
លោកបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់សកលភាវូបនីយកម្មនៃអនុសញ្ញានេះ នឹងមិនមានអ្វីកើតឡើងឡើយ ប្រសិនបើគ្មានការដឹកនាំប្រកបដោយចក្ខុវិស័យ និងការណែនាំរបស់ សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតី បានបង្ហាញនូវការណែនាំពិសេសក្នុងការលើកកម្ពស់គោលការណ៍នៃអនុសញ្ញាទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ដែលក្នុងនោះវិស័យការ ទូតបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការលុបបំបាត់មីន។
មុននឹងបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យលើកទី៥ នៃអនុសញ្ញាអូតាវ៉ា លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ចំពោះការលះបង់ឥត ឈប់ឈរក្នុងការងារមនុស្សធម៌ ជាពិសេសក្នុងការគាំទ្រអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលអនុសញ្ញានេះតំណាងឱ្យសមិទ្ធផលសំខាន់មួយក្នុងការស្វែងរកសន្តិភាព និងសន្តិសុខអន្តរជាតិ ដែលក្នុងនោះអង្គភាព ISU គឺជាឆ្អឹងខ្នងមួយយ៉ាងសំខាន់ក្នុងជំរុញឱ្យគោលដៅរបស់អនុសញ្ញាទទួលជោគជ័យ។
កិច្ចប្រជុំនេះ មានការចូលរួមពី លោក Paht Tanattanawin ប្រធានផ្នែកប្រតិបត្តិការ ICRC, លោក Juan Carlos Ruan នាយក ISU, តំណាងស្ថានទូតនិងក្រសួងការបរទេសឡាវ ជប៉ុន ចិន ថៃ ម៉ាឡេស៊ី និងហ្វីលីពីន និងតំណាង ICRC ប្រចាំប្រទេសថៃ ចិន និងកម្ពុជា៕