(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន​ ប្រធានគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបជុំអតីតយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន៦៦៧នាក់ មកពី១៨ រាជធានី-ខេត្ត ដើម្បីបើកប្រាក់ឧបត្ថម្ភគោលនយោបាយ ១លើក ក្រោយពេលដាក់ឱ្យចូលសោធននិវត្តន៍។ ពិធីនេះបានប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។

នាឱកាសនោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​​ បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់​​​ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជូនដល់និវត្តន៍ជននៃគណៈយុទ្ធមិត្ត ដោយសេចក្តីនឹករលឹក និងបានផ្តាំផ្ញើឱ្យនិវត្តជនទាំង អស់ត្រូវថែរក្សាសុខភាព និងចូលរួមចំណែកអភិវឌ្ឍន៍នៅមូលដ្ឋាន ប្រែក្លាយការដឹងគុណ សម្តេចតេជោ ទៅសកម្មកភាពការពារសន្តិភាព និងស្ថេរភាពនៅមូលដ្ឋានរៀងៗខ្លួន។

សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងអំពីការបង្កើតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ គឺក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាមគ្គុទេសឯក និងជាស្ថាបនិកនយោបាយឈ្នះឈ្នះ ដែលមានគោលដៅវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិត ប្រជាជនកម្ពុជា និងមានវិសាលភាពអនុវត្តតែចំពោះយុទ្ធជន យុវនារីដែលបានចូលបម្រី កងទ័ពចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ និងស្ថិតក្រោមដឹកនាំ គ្រប់គ្រងបញ្ជាដោយផ្ទាល់របស់សម្តេចតេជោ នាពេលនោះតែប៉ុណ្ណោះ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរដល់អង្គពិធីទាំងមូលដូចតទៅ៖

*ទី១៖ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ការពារសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងសមិទ្ធិផល របស់គណបក្សឱ្យនៅស្ថិតស្ថេរគង់វង់សម្រាប់ទុកជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ

*ទី២៖ ត្រូវអប់រំកូនចៅឱ្យក្លាយជាកូនល្អ សិស្សល្អ​​ ពលរដ្ឋល្អនៅក្នុងសង្គមជាតិ រស់នៅ គោរពច្បាប់ចរាចរណ៍ និងចាក់ឆ្ងាយពីគ្រឿងញៀន ក្រុមក្មេងអន្ធពាល អាណាធិបតេយ្យ ដែលបានបំផ្លាញ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុង សង្គមជាតិយើង

*ទី៣៖ ចូលរួមការពារអនាម័យបរិស្ថានឱ្យបានស្អាត ដើម្បីខ្លួនយើង ដើម្បី ទាំងអស់គ្នា និងដើម្បីកិត្តិយសមោទនភាពជាតិរបស់យើង។

ទន្ទឹមនឹងនោះផងដែរ អតីតយុទ្ធជនដែលបានទទួលបានប្រាក់ឧបត្ថម្ភពី រាជរដ្ឋាភិបាល ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលតែងតែបានគិតគូរដល់សុខទុក្ខអតីតកងទ័ពនាពេលនេះ ដោយបានបង្ហាញ អំពីការយកចិត្តទុក្ខដាក់ និងការទទួលខុសត្រូវខ្ពស់ អំពីជីវភាពរស់នៅរបស់កងទ័ព៕