(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមើលឃើញថា ស្ថេរភាពនយោបាយ និងការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា គឺជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌចាំបាច់មួយចំនួនទៀត ដែលជំរុញឱ្យសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORT) បោះទុនវិនិយោគលើការអប់រំនៅកម្ពុជា។
សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត ជាគ្រឹះស្ថានអប់រំឧត្តមសិក្សាដ៏ល្បាញល្បីរបស់ចក្រភាពអង់គ្លេស ដែលបានធ្វើដំណើរលើវិថីអប់រំជាង ១៥០ឆ្នាំមកហើយ។ ក្រៅពីចក្រភពអង់គ្លេស សាកលវិទ្យាល័យនេះ ក៏បានបើកសាខានៅមជ្ឈិមបូព៌ា ក្នុងប្រទេសឌូបៃ នៅអាស៊ីបូព៌ា ក្នុងប្រទេសកាហ្សាក់ស្ថាន និងនៅកម្ពុជា សម្រាប់អាស៊ីអាគ្នេយ៍។ នេះក៏ជាសាកលវិទ្យាល័យលើកដំបូងរបស់ចក្រភពអង់គ្លេស ដែលបានវិនិយោគលើការអប់រំនៅកម្ពុជាផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិនិយោគលើសាកលវិទ្យាល័យ ត្រូវការទុនច្រើន ជាពិសេសលើការបំពាក់ហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង។ ដូច្នេះការសម្រេចចិត្តវិនិយោគ គឺពិតជាត្រូវការការវាយតម្លៃ ដោយប្រាកដប្រជា និងប្រកបដោយភាពប្រយ័ត្នប្រយែងខ្ពស់។
សម្រាប់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានចាត់ទុកការវិនិយោគរបស់សាកលវិទ្យាល័យចក្រភពអង់គ្លេសនៅកម្ពុជា ជាការទទួលស្គាល់ស្ថិរភាពនយោបាយ, ការរីកចម្រើនសេដ្ឋកិច្ច និងសក្តានុពល កំណើនតទៅអនាគតរបស់កម្ពុជា។ ជាពិសេស ការវាយតម្លៃទៅលើអំណាចចាយវាយ (consumption power) របស់ទីផ្សារកម្ពុជា ដែលមានបរិមាណកាន់តែរីកធំធាត់ឡើង ស្របតាមការអភិវឌ្ឍជឿនលឿននៃសេដ្ឋកិច្ចកម្ពុជា។
«ការបើកសាកលវិទ្យាល័យបាន គឺជារឿងអស្ចារ្យម្យ៉ាង ប៉ុន្តែការពិនិត្យលើលទ្ធភាពនៃការបន្តឈរជើងឱ្យបានយូរអង្វែង និង ធានានិរន្តរភាព គ្រប់គ្រង គឺជាបញ្ហាដែលសាកលវិទ្យាល័យនីមួយៗ ត្រូវពិចារណាដោយប្រយ័ត្នប្រយែងខ្លាំងណាស់។ ទម្រាំគេសុខចិត្តមកបង្កើតសាខា ដែលមានសំណង់អគារជារូបវន្តនៅក្រៅប្រទេស។ ដូច្នេះ ខ្ញុំគិតថា ការសម្រេចចិត្តរបស់សាកលវិទ្យាល័យ ដោយជ្រើសរើសយកប្រទេសកម្ពុជា ជាទីតាំងបង្កើតសាខាទីមួយ របស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ គឺជាសក្ខីភាពបញ្ជាក់ពីទំនុកចិត្តដ៏រឹងមាំចំពោះបរិយាកាសវិនិយោគ និង អំណាចទីផ្សាររបស់ប្រទេសកម្ពុជា»។
ក្រៅពីការមើលឃើញពីកត្តាស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជាហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមើលឃើញថា ការវិនិយោគរបស់សាកលវិទ្យាល័យ ដោយសារសាកលវិទ្យាល័យ ទទួលស្គាល់គុណភាពអប់រំរបស់កម្ពុជា និងសមត្ថភាពរបស់និស្សិតខ្មែរថា អាចចូលរៀនបាន, ទទួលយកការអប់រំកម្រិតខ្ពស់ និងមានសមត្ថភាពប្រកួតប្រជែង ក្នុងបរិការណ៍នៃស្តង់ដារអប់រំកម្រិតអន្តរជាតិ។ បន្ថែមពីលើនេះ សាកលវិទ្យាល័យនេះ បានទទួលស្គាល់ថា ប្រទេសកម្ពុជាផ្តល់តម្លៃលើវិស័យអប់រំ តាំងពីកម្រិតមូលដ្ឋាន រហូតដល់កម្រិតឧត្តមសិក្សា។
សម្តេចធិបតី ក៏បានមើលឃើញដែរថា សាកលវិទ្យាល័យក៏បានបានមើលឃើញថា ការអប់រំកំពុងតែមានឥទ្ធិពលលើការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលនៅតែបន្តឥតឈប់ឈរ ក្នុងការពង្រឹងគុណភាព និងបង្កើនសក្តានុពលរបស់វិស័យអប់រំ ព្រមទាំងលើកកម្ពស់អន្តរជាតិនីយកម្ម។ សាកលវិទ្យាល័យនេះក៏បានសម្លឹង ឃើញថា ប្រទេសយើងពោរពេញទៅដោយយុវជន ដែលប្រកបដោយភាពស្វាហាប់ ព្រមទាំងមានភាពបុរេសកម្ម ក្នុងការចូលរួមចំណែកអភិវឌ្ឍខ្លួន ក៏ដូចជាអភិវឌ្ឍសហគមន៍ដែលពួកគេរស់នៅព្រមទាំងសង្គមជាតិទាំងមូល។
ការអប់រំ គឺជាវិស័យមួយដែលរាជរដ្ឋាភិបាលកម្ពុជាទាំងក្នុងនីតិកាលចាស់ និងនីតិកាលថ្មីយកចិត្តទុកដាក់ខ្ពស់ណាស់ ព្រោះថាវិស័យអប់រំនេះ ជាថ្នាលបណ្តុះមូលធនមនុស្សសម្រាប់កិច្ចកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។
ជាមួយវត្តមានសាកលវិទ្យាល័យដ៏ល្បាញល្បីរបស់ចក្រភពអង់គ្លេសនៅកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរំពឹងថា សាកលវិទ្យាល័យនេះ នឹងក្លាយជាកាតាលីករជំរុញការប្រកួតប្រជែង គុណភាពអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា និងជាការបង្កើនជម្រើសកាន់តែសំបូរបែបដល់ទីផ្សារអប់រំ និងនិស្សិតកម្ពុជា។
«ខ្ញុំជឿជាក់ថា នេះគឺជាកាលានុវត្តភាពថ្មី សម្រាប់និស្សិតយើង ក្នុងការទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស នៅក្នុងប្រទេសកំណើតរបស់ខ្លួន»។ នេះជាក្តីរំពឹងរបស់សម្តេចធិបតីអតីតនិស្សិតបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចពីចក្រភពអង់គ្លេស។
សូមបញ្ជាក់ថា ជាមួយនឹងការចាប់ផ្តើមដំណើរការនៅកម្ពុជា សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត មានកម្មវិធីឧត្តមសិក្សាដូចជាថ្នាក់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្ម គណនេយ្យ និងហិរញ្ញវត្ថុ និងបច្ចេកវិទ្យាព័ត៌មាន។ សាកលវិទ្យាល័យនឹងចាប់ផ្តើមដំណើរការសិក្សារបស់ខ្លួននៅខែតុលា ឆ្នាំ២០២៤នេះហើយ។ កម្មវិធីថ្នាក់បរិញ្ញាបត្រកម្រិតឧត្តមសិក្សាទាំងអស់ មានរយៈពេល៤ឆ្នាំ។
ក្រៅពីការបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សា សាកលវិទ្យាល័យក៏នឹងបើកការបណ្តុះបណ្តាលថ្នាក់ក្រោយឧត្តមសិក្សា ព្រមទាំងគ្រោងបើកមជ្ឈមណ្ឌលសិក្សាភាសាអង់គ្លេសនៅដំណាច់ឆ្នាំ២០២៤នេះផងដែរ។ មជ្ឈមណ្ឌលសិក្សាភាសាអង់គ្លេស នឹងមានសិក្សាវគ្គត្រៀមភាសាអង់គ្លេស និងភាសាអង់គ្លេសសម្រាប់ពាណិជ្ជម្ម៕