(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា «មនុស្ស» គឺជាកត្តាស្នូលនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូច្នេះទើបរាជរដ្ឋាភិបាលជំរុញការអប់រំ និង ការបណ្តុះបណ្តាលមូលធនមនុស្ស ដើម្បីបង្កើតមូលដ្ឋាន សង្គម-សេដ្ឋកិច្ច និង ឧស្សាហកម្ម ដែលផ្តោតលើជំនាញ និង ចំណេះដឹង ដើម្បីឈានឆ្ពោះទៅសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ការលើកឡើងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីដាក់ឲ្យដំណើរការ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORt) ដែលមានអាយុជាង១៥០ឆ្នាំ របស់ចក្រភពអង់គ្លេស នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។
សម្តេចធិបតីគូសបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ បានកំណត់យកអទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពោលគឺយកកត្តាមនុស្សជាអទិភាពខ្ពស់បំផុត។
សម្តេចធិបតីមានប្រសាសន៍យ៉ាងដូច្នេះថា «មនុស្ស គឺជាកត្តាស្នូលនៃគោលនយោបាយរបស់យើង, ដូច្នេះហើយការអប់រំ និង ការបណ្តុះបណ្តាលមូលធនមនុស្ស គឺជាយុទ្ធសាស្ត្រវិនិយោគវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតមូលដ្ឋាន សង្គម-សេដ្ឋកិច្ច និង ឧស្សាហកម្ម ដែលផ្តោតលើជំនាញ និងចំណេះដឹង និងដើម្បីធានាថា កម្ពុជានឹងមិនធ្លាក់ចូលក្នុងអន្ទាក់នៃប្រទេសចំណូលមធ្យម នៅក្នុងដំណើរដ៏វែងឆ្ងាយរបស់យើងឈានឆ្ពោះទៅឋានៈជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០»។
សម្តេចធិបតីថ្លែងបន្តថា ដើម្បីឈានទៅដល់គោលដៅនេះ ស្ថាប័នឧត្តមសិក្សាគឺជាដៃគូដ៏សំខាន់មិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលបើនិយាយជារួម ហើយស្ថាប័នសិក្សារបស់អង់គ្លេសក៏មានតម្លៃបន្ថែមជាពិសេសរបស់ខ្លួន ទាក់ទងទៅនឹងការចូលរួមចែករំលែកបទពិសោធន៍របស់អង់គ្លេស នៅក្នុងការកសាងសង្គមសេដ្ឋកិច្ច និងឧស្សាហកម្មជឿនលឿនដោយផ្នែកលើចំណេះដឹង និងជំនាញ បើនិយាយដោយឡែក។
សម្តេចធិបតី លើកឡើងថា យើងមិនអាចក្លាយជាប្រទេសអ្នកមានបានទេ ប្រសិនបើធនធានមនុស្សរបស់យើង ពុំមានចំណេះដឹង និង សមត្ថភាពជំនាញ, ពុំអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ, ពុំមានសុខភាពល្អគ្រប់គ្រាន់ និងពុំមានសមត្ថភាពចូលរួមកសាង មូលដ្ឋាននៃសង្គម សេដ្ឋកិច្ច និង ឧស្សាហកម្ម ដែលផ្អែកលើចំណេះដឹង។
ទន្ទឹមគ្នានេះ សម្តេចធិបតីបានលើកទឹកចិត្តដល់សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត សហការឱ្យបានជិតស្និតជាមួយបណ្តាញធុរកិច្ចរបស់ចក្រភពអង់គ្លេស ដើម្បីជំរុញការផ្សារភ្ជាប់ការអប់រំជាមួយនឹងទីផ្សារការងារ និងសហការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានការគាំទ្រផ្សេងៗទាក់ទងនឹងការបណ្តុះសហគ្រិនភាព ដើម្បីចូលរួមបង្កើតការងារជាក់ស្តែងនៅកម្ពុជា៕