(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សម្តេចចង់ឃើញសាកលវិទ្យាល័យដ៏ចំណាស់ និងល្បីល្បាញរបស់អង់គ្លេស De Montfort (ដឹ ម៉ុងហ្វត) ក្លាយជាទីប្រមូលផ្តុំ (hub) និងជាដែកឆក់ (magnet) នៃការវិនិយោគមកពីចក្រភពអង់គ្លេស។ នេះក៏ដោយសារសម្តេចធិបតី យល់ឃើញថា សាកលវិទ្យាល័យនេះ នឹងជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងធនធានមនុស្ស និង អនាគតអ្នកដឹកនាំ ដែលសាកលវិទ្យាល័យ បានខិតខំបណ្តុះបណ្តាល ជាមួយនឹងតួអង្គទីផ្សារ វិនិយោគិន និង ឧស្សាហកម្មអនាគតរបស់ចក្រភពអង់គ្លេស។

បំណងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវវបានបង្ហាញឡើងក្នុងឱកាសដែល សម្តេចអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឲ្យដំណើរការ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត បណ្តុះបណ្តាល នៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។

សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត គឺជាគ្រឹះស្ថានអប់រំឧត្តមសិក្សាដ៏ល្បាញល្បីមួយ​របស់ចក្រភាពអង់គ្លេស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧០ និងបានធ្វើដំណើរលើវិថីអប់រំជាង ១៥០ឆ្នាំមកហើយ។ សាកលវិទ្យាល័យនេះ មាននិស្សិតប្រមាណ ៣៥,០០០ នាក់ កំពុងសិក្សានៅចក្រភពអង់គ្លេស និងតាមបណ្តាសាខានានានៅក្រៅប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅថ្ងៃអនាគត ខ្ញុំចង់ឃើញសាកលវិទ្យាល័យ De Montfort ក្លាយជាទីប្រមូលផ្តុំ (hub) និងជាដែកឆក់ (magnet) នៃការវិនិយោគមកពីចក្រភពអង់គ្លេស ដែលជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងធនធានមនុស្ស និង អនាគតអ្នកដឹកនាំ ដែលសាកលវិទ្យាល័យបានខិតខំបណ្តុះបណ្តាល ជាមួយនឹងតួអង្គទីផ្សារ វិនិយោគិន និង ឧស្សាហកម្មអនាគតរបស់ចក្រភពអង់គ្លេស»

សូមជម្រាបដែរថា ដឹ ម៉ុងហ្វត ក៏ជាសាកលវិទ្យាល័យតែមួយគត់ នៅចក្រភពអង់គ្លេស ត្រូវបានអង្គការសហប្រជាជាតិ ផ្តល់ឋានៈជាមជ្ឈមណ្ឌលសាកលសម្រាប់គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា De Montort បានសម្រេចជ្រើសរើស ប្រទេសកម្ពុជា ជាគោលដៅសម្រាប់បើកសាខារបស់ខ្លួន ដោយសារតែសាកលវិទ្យាល័យនេះ បានទទួលស្គាល់ថា ប្រទេសកម្ពុជាផ្តល់តម្លៃលើវិស័យអប់រំ តាំងពីកម្រិតមូលដ្ឋាន រហូតដល់កម្រិតឧត្តមសិក្សា។ វត្តមាននេះ បង្ហាញពីការទទួលស្គាល់គុណភាពអប់រំរបស់កម្ពុជា និងសមត្ថភាព របស់និស្សិតខ្មែរថា អាចចូលរៀនបាន, ទទួលយកការអប់រំកម្រិតខ្ពស់ និងមានសមត្ថភាពប្រកួតប្រជែងក្នុងបរិការណ៍នៃស្តង់ដារអប់រំកម្រិតអន្តរជាតិ៕