(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកការបើកសាខារបស់សាកលវិទ្យាល័យ De Montort ដែលជាសាកលវិទ្យាល័យដ៏ល្បីរបស់ចក្រភពអង់គ្លេស នៅក្នុងប្រទេសកម្ពុជា ដោយសារតែសាកលវិទ្យាល័យនេះ ទទួលស្គាល់ និងមើលឃើញពីការផ្ដល់តម្លៃលើវិស័យអប់រំ តាំងពីកម្រិតមូលដ្ឋាន រហូដល់កម្រិតឧត្តមសិក្សារបស់រាជរដ្ឋាភិបាលកម្ពុជា។
ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORt) ដែលអាយុជាង១៥០ឆ្នាំ របស់ចក្រភពអង់គ្លេសនៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា វត្តមានរបស់សាកលវិទ្យាល័យនេះ ក៏បង្ហាញពីការទទួលស្គាល់គុណភាពអប់រំរបស់ ព្រះរាជាណាចក្រកម្ពុជា និងសមត្ថភាព របស់និស្សិតខ្មែរថា អាចចូលរៀនបាន, ទទួលយកការអប់រំកម្រិតខ្ពស់ និងមានសមត្ថភាពប្រកួតប្រជែងក្នុងបរិការណ៍នៃស្តង់ដារ អប់រំកម្រិតអន្តរជាតិ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «វត្តមាននេះបង្ហាញពីការទទួលស្គាល់គុណភាពអប់រំរបស់ ព្រះរាជាណាចក្រកម្ពុជា និងសមត្ថភាព របស់និស្សិតខ្មែរថា អាចចូលរៀនបាន, ទទួលយកការអប់រំកម្រិតខ្ពស់ និងមានសមត្ថភាពប្រកួតប្រជែងក្នុងបរិការណ៍នៃស្តង់ដារ អប់រំកម្រិតអន្តរជាតិ។ សាកលវិទ្យាល័យ De Montort បានសម្រេចជ្រើសរើស ប្រទេសកម្ពុជា ជាគោលដៅសម្រាប់បើកសាខារបស់ខ្លួន ដោយសារតែសាកលវិទ្យាល័យនេះ បានទទួលស្គាល់ថា ប្រទេសកម្ពុជាផ្តល់តម្លៃលើវិស័យអប់រំ តាំងពីកម្រិតមូលដ្ឋាន រហូតដល់កម្រិតឧត្តមសិក្សា»។
បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា, សាកលវិទ្យាល័យ De Montfort បានមើលឃើញថា ការអប់រំកំពុងតែមានឥទ្ធិពលលើការអភិវឌ្ឍ របស់ប្រទេសកម្ពុជា ខណៈដែលរាជរដ្ឋាភិបាល នៅតែបន្តឥតឈប់ឈរក្នុងការពង្រឹងគុណភាព និងបង្កើនសក្ដានុពលរបស់វិស័យអប់រំ ព្រមទាំងលើកកម្ពស់អន្តរជាតិនីយកម្ម។
បន្ថែមពីនេះ សាកលវិទ្យាល័យនេះ ក៏បានសម្លឹងឃើញថា ប្រទេសកម្ពុជា ពោរពេញទៅដោយយុវជន ដែលប្រកបដោយភាពស្វាហាប់ ព្រមទាំងមានភាពបុរេសកម្ម នៅក្នុងការចូលរួមចំណែកអភិវឌ្ឍខ្លួន ក៏ដូចជា អភិវឌ្ឍសហគមន៍ដែលពួកគេរស់នៅ ព្រមទាំងសង្គមជាតិទាំងមូល។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដែរថា ការវិនិយោគរបស់សាកលវិទ្យាល័យ De Montfort គឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដែលមានលក្ខណៈយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។ សម្តេចចង់លើកទឹកចិត្ត ឲ្យសាកលវិទ្យាល័យ De Montfort សហការឲ្យបានជិតស្និទ្ធជាមួយនឹងបណ្តាញធុរកិច្ចរបស់ចក្រភពអង់គ្លេស ដើម្បីជំរុញការផ្សាភ្ជាប់ការអប់រំ ជាមួយនឹងទីផ្សារការងារ៕