(សៀមរាប)៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការកសាងសមត្ថភាព និងអ្នកជំនាញលើការប្រើប្រាស់គ្រឿងចក្រកម្ទេចមីន ដើម្បីបង្កើនសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការបោសសម្អាតមីន ដល់អ្នកជំនាញអ៊ុយក្រែនចំនួន១៤នាក់ ដែលជាផ្នែកមួយនៃគម្រោងសហប្រតិបត្តិការ ត្បូង-ត្បូងគាំទ្រដោយរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
ពិធីបើកវគ្គនេះក្រោមវត្តមានរបស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC រួមជាមួយលោក សានុអិ កាហ្ស៊ូម៉ាសា (Sanui Kazumasa) ប្រធាន JICA ប្រចាំកម្ពុជា និងលោក ផេដ្រូ ហាឡាហ្ស៊ុន នាយកវិទ្យាស្ថានហ្វឹកហ្វឹន និងជាប្រធានក្រុមសិក្ខាកាមអ៊ុយក្រែន ព្រមទាំងថ្នាក់ដឹកនាំមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាជាច្រើននាក់ផងដែរ។
លោក ហេង រតនា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយរដ្ឋាភិបាលជប៉ុន បានផ្ដល់ការគាំទ្រដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលកំចាត់មីនមនុស្សធម៌ ជូនដល់មន្រ្តីជំនាញបោសសម្អាតមីនប្រទេសអ៊ុយក្រែន មកពីអង្គភាពផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ក្នុងការកសាងសមត្ថភាពជំនាញលើការប្រើប្រាស់គ្រឿងចក្រកម្ទេចមីន ដើម្បីបង្កើនសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការរំដោះផ្ទៃដីដែលទទួលរងការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។
លោក ហេង រតនា បន្តថា អង្គភាព CMAC បានទទួលការគាំទ្រយ៉ាងពេញទំហឹង និងការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់ការហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីន ដល់មន្រ្ដីជំនាញមកពីអង្គភាពផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន បានចំនួន០២លើករួចមកហើយ នៅអំឡុងខែមករា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា និងលើកទី២ ក្រោមកិច្ចសហប្រតិបត្តិការជាមួយមូលនិធិសាមគ្គីភាពប៉ូឡូញ នៅក្នុងខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសប៉ូឡូញ ដោយទទួលបានលទ្ធផលប្រកបដោយជោគជ័យ គួរជាទីមោទនៈសម្រាប់ហ្វឹកហ្វឺនដល់ប្រទេសអ៊ុយក្រែនផងដែរ។
លោក ហេង រតនា ក៏បានរំលឹកពីប្រវត្តិសង្រ្គាមនៅកម្ពុជា និងបុព្វហេតុដែលបង្កឲ្យមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ធសង្រ្គាមនៅកម្ពុជា រួមមាន៖ ការទម្លាក់គ្រាប់បែកចំនួន ៤.០៣លានតោន, គ្រាប់បែកចង្កោមចំនួន ២៨លានតោន, គ្រាប់បែកគីមីចំនួន២០០ទីតាំង, គ្រាប់មីនប្រឆាំងមនុស្ស គ្រាប់មីនប្រឆាំងរថក្រោះ និងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណជា៤ ទៅ ៦លានតោន។
លោក Sanui Kazumasa បានលើកឡើងដែរថា ចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសអ៊ុយក្រែន ទស្សនវិស័យរបស់ JICA គឺអនុវត្តគំរូដែលយើងបានអភិវឌ្ឍប្រកបដោយជោគជ័យ នៅប្រទេសកម្ពុជា ដើម្បីផ្តល់ទៅកាន់ប្រទេសអ៊ុយក្រែន។ លោកបន្តថា រយៈពេល ២ឆ្នាំកន្លងមកនេះ JICA បានរៀបចំកម្មវិធីសម្រាប់កម្រិតថ្នាក់ដឹកនាំនៅក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសជប៉ុន ព្រមទាំងសម្រាប់កម្រិតបច្ចេកទេសមួយផ្សេងទៀត នៅក្នុងប្រទេសប៉ូឡូញកាលពីឆ្នាំមុន។
លោកបន្តថា សម្រាប់ថ្ងៃនេះ JICA រីករាយ ដែលមន្រ្តីជំនាញបោសសម្អាតមីនប្រទេសអ៊ុយក្រែន មកពីអង្គភាពផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន មកទទួលការបណ្តុះបណ្តាលដោយផ្ទាល់ស្តីពី ប្រតិបត្តិការគ្រឿងចក្រវាយកម្ទេចមីន ទាំងទ្រឹស្តី និងប្រតិបត្តិការដោយដោយផ្ទាល់ នៅចម្ការមីនផងដែរ។
លោក Sanui Kazumasa ក៏បានរំលឹកពីដំណើរទស្សនកិច្ចផ្លូវការ របស់រដ្ឋមន្ត្រីការបរទេសជប៉ុន គឺលោកស្រី ខាមិខាវ៉ា យូកុ នៅប្រទេសកម្ពុជា និងមកកាន់អង្គភាពស៊ីម៉ាក់កាលពីខែកក្កដា ឆ្នាំ២០២៤ ដើម្បីប្រកាសជាជំហរក្នុងការគាំទ្រយ៉ាងពេញទំហឹងលើ «គំនិតផ្តួចផ្តើមនៃសកម្មភាព កម្ចាត់មីនកម្ពុជា-ជប៉ុន» ព្រមទាំងគំនិតផ្តួចផ្តើមរួម ដូចជា៖ ការចូលរួមចែករំលែកបទពិសោធន៍ របស់អង្គភាពស៊ីម៉ាក់ជាមួយបណ្ដាប្រទេស ដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។
លោក ផេដ្រូ ហាឡាហ្ស៊ុន បានសម្តែងនូវសេចក្តីរីករាយ ដែលមានឱកាសបានចូលរួមនៅ ក្នុងវគ្គបណ្តុះបណ្តាលនៅប្រទេសកម្ពុជា ដើម្បីទទួលបាននូវការចែករំលែកនូវជំនាញ បទពិសោធន៍ ដែលផ្តល់ដោយស៊ីម៉ាក់ (CMAC) ក្នុងនាមជាប្រតិបត្តិករ ដែលពោរពេញទៅដោយបទពិសោធន៍ នៅក្នុងវិស័យសកម្មភាពមីនកម្រិតសាកលលោក។ ក្នុងនាមលោកជាប្រធានតំណាងសិក្ខាកាមអ៊ុយក្រែន ពិតជាសប្បាយរីករាយ ដែលទទួលបានការហ្វឹកហ្វឺនដ៏មានសារៈសំខាន់នេះ ក្រោមកិច្ចសហប្រតិបត្តិការរវាងស៊ីម៉ាក់ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន៕