(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយផលិតផលឥណទានដល់សមាជិកសហគមន៍ នៅខេត្តកំពង់ចាម ក្រោមអធិបតីភាពរបស់លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1 និងអភិបាលរងស្រុកព្រៃឈរ ខេត្តកំពង់ចាម នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។
កម្មវិធីនេះត្រូវបានរៀបចំនៅសហគមន៍ចំនួន២ រួមមាន៖ សហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង និងសហគមន៍កសិកម្មអភិវឌ្ឍន៍កសិករ ក្នុងគោលបំណងធ្វើការណែនាំបន្ថែមដល់សមាជិកសហគមន៍ និងភ្នាក់ងារឥណទានគម្រោង ACSEP តាមខេត្ត ស្រុក និងឃុំគោលដៅ, ផ្តល់ព័ត៌មានអំពីការផ្តល់ប្រាក់កម្ចី របស់គម្រោង ACSEP ដល់សមាជិកសហគមន៍កសិកម្មដែលមានក្នុងបញ្ជីក្រុមគោលដៅ និងកសិករចិញ្ចឹមមាន់ស្រុក និងបង្ហាញអំពីនីតិវិធីដែលអាចទទួលបានឥណទានដល់សមាជិកសហគមន៍កសិកម្ម ដែលមានបំណងស្វែងរកទុនគាំទ្រផែនការអាជីវកម្មលើវិស័យកសិកម្ម។
កម្មវិធីនេះមានការចូលរួមពីសមាជិក/សមាជិកា និងទីប្រឹក្សារបស់ ACSEP PIU1, តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម, អភិបាលរងស្រុក, ក្រុមប្រឹក្សាឃុំ, មេភូមិ និងក្រុមការងារមកពីស្ថាប័នហិរញ្ញវត្ថុដៃគូទាំងពីរ រួមមាន ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងធនាគារស្ថាបនា៕