(ភ្នំពេញ)៖ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORt) អាយុជាង១៥០ឆ្នាំ របស់ចក្រភពអង់គ្លេស បានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា។ នេះគឺជាសាកលវិទ្យាល័យដំបូងគេហើយរបស់ចក្រភពអង់គ្លេស ដែលបានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា។
ពិធីសម្ពោធដាក់ឱ្យដំណើរការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យដ៏ល្បីមួយរបស់ចក្រភពអង់គ្លេស ធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាផងដែរ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតីហ៊ុន ម៉ាណែត៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសប្បាយរីករាយ ដែលបានឃើញសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត ដ៏ល្បីរបស់ចក្រភពអង់គ្លេស វិនិយោគលើការបណ្តុះបណ្តាលនៅកម្ពុជា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាអតីតនិស្សិត ដែលបានសិក្សានៅចក្រភពអង់គ្លេស, ពេលវេលារបស់សម្តេចនៅប្រទេស អង់គ្លេស គឺជាអនុស្សាវរីយ៍មួយដ៏ល្អ និងពេញចិត្តបំផុតមួយ នៅក្នុងបទពិសោធសិក្សារៀនសូត្ររបស់សម្តេច។ ដូច្នេះ, សម្តេចពិតជាមានសេចក្តីរំភើបជាពិសេស ចំពោះវត្តមាននៃសាកលវិទ្យាល័យ De Montfort នៅកម្ពុជា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វត្តមាននេះបង្ហាញពីការទទួលស្គាល់គុណភាពអប់រំរបស់ ព្រះរាជាណាចក្រកម្ពុជា និងសមត្ថភាព របស់និស្សិតខ្មែរថា អាចចូលរៀនបាន, ទទួលយកការអប់រំកម្រិតខ្ពស់ និងមានសមត្ថភាពប្រកួតប្រជែងក្នុងបរិការណ៍នៃស្តង់ដារ អប់រំកម្រិតអន្តរជាតិ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សាកលវិទ្យាល័យ De Montort បានសម្រេចជ្រើសរើស ប្រទេសកម្ពុជា ជាគោលដៅសម្រាប់បើកសាខារបស់ខ្លួន ដោយសារតែសាកលវិទ្យាល័យនេះ បានទទួលស្គាល់ថា ប្រទេសកម្ពុជាផ្តល់តម្លៃលើវិស័យអប់រំ តាំងពីកម្រិតមូលដ្ឋាន រហូតដល់កម្រិតឧត្តមសិក្សា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សាកលវិទ្យាល័យ De Montfort បានមើលឃើញថា ការអប់រំកំពុងតែមានឥទ្ធិពលលើការអភិវឌ្ឍ របស់ប្រទេសកម្ពុជា ខណៈដែលរាជរដ្ឋាភិបាល នៅតែបន្តឥតឈប់ឈរក្នុងការពង្រឹងគុណភាព និង បង្កើន សក្ដានុពលរបស់វិស័យអប់រំ ព្រមទាំងលើកកម្ពស់អន្តរជាតិនីយកម្ម ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សាកលវិទ្យាល័យនេះ ក៏បានសម្លឹងឃើញថា ប្រទេសយើងពោរពេញទៅដោយយុវជន ដែលប្រកបដោយភាពស្វាហាប់ ព្រមទាំងមានភាពបុរេសកម្ម នៅក្នុងការចូលរួមចំណែកអភិវឌ្ឍខ្លួន ក៏ដូចជា អភិវឌ្ឍសហគមន៍ដែលពួកគេរស់នៅ ព្រមទាំងសង្គមជាតិទាំងមូល។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការទទួលស្គាល់ស្ថិរភាពនយោបាយ, ការរីកចម្រើនសេដ្ឋកិច្ច និង សក្តានុពល កំណើនតទៅអនាគតរបស់កម្ពុជា, ជាពិសេសគឺការវាយតម្លៃទៅលើអំណាចចាយវាយរបស់ទីផ្សារកម្ពុជា ដែលមានបរិមាណកាន់តែរីកធំធាត់ឡើង ស្របតាមការអភិវឌ្ឍជឿនលឿនសេដ្ឋកិច្ចកម្ពុជា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបើកសាកលវិទ្យាល័យបាន គឺជារឿងអស្ចារ្យម្យ៉ាង, ប៉ុន្តែការពិនិត្យលើលទ្ធភាពនៃការបន្តឈរជើង ឱ្យបានយូរអង្វែង និងធានានិរន្តរភាពគ្រប់គ្រង គឺជាបញ្ហាដែលសាកលវិទ្យាល័យនីមួយៗ ត្រូវពិចារណាដោយប្រយ័ត្នប្រយែងខ្លាំងណាស់, ទម្រាំគេសុខចិត្តមកបង្កើតសាខា ដែលមានសំណង់អគារជារូបវន្តនៅក្រៅប្រទេស។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វត្តមានរបស់សាកលវិទ្យាល័យ De Montfort នឹងក្លាយជាកាតាលីករជំរុញការប្រកួតប្រជែង គុណភាពអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា និង ជាការបង្កើនជម្រើសកាន់តែសំបូរបែប ដល់ទីផ្សារអប់រំ និង និស្សិតកម្ពុជា ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វត្តមាននៃសាកលវិទ្យាល័យ De Montfort គឺជាការផ្តល់តម្លៃបន្ថែមដល់គ្រឹះស្ថានអប់រំឧត្តមសិក្សា ដោយហេតុថា សាកលវិទ្យាល័យនេះ ត្រូវបានជ្រើសរើសជាមជ្ឈមណ្ឌលជាសកលមួយរបស់អង្គការសហប្រជាជាតិ, និង ដៃគូផ្សេងទៀត ដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការស្រាវជ្រាវ, ការងារសហគមន៍ និង ឧត្តមភាពសិក្សា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សាកលវិទ្យាល័យ De Montfort អាចជួយកម្ពុជា ក្នុងការការពាររំហូរចេញនៃធនធាន ខួរក្បាល តាមរយៈការផ្ដល់នូវការអប់រំ និង ការបង្កើតការងារនៅនឹងកន្លែងពោល គឺនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្ដង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយជឿជាក់ថា នេះគឺជាកាលានុវត្តភាពថ្មី សម្រាប់និស្សិតយើង ក្នុងការ ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស នៅក្នុងប្រទេសកំណើតរបស់ខ្លួន ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សាកលវិទ្យាល័យ De Montfort ក៏នឹងផ្ដល់ឱកាសដល់និស្សិតខ្មែរ ដែលមានបំណង ចង់ទទួលបានបទពិសោធសិក្សាថ្នាក់ឧត្តមសិក្សា ទាំងរយៈពេលខ្លី និង វែង នៅចក្រភពអង់គ្លេស ឬ នៅ ប្រទេសផ្សេងទៀត, ប៉ុន្តែយ៉ាងណាក្តី តាមរយៈការផ្សារភ្ជាប់វត្តមានផ្ទាល់ នៅលើទឹកដីរបស់កម្ពុជា សាកលវិទ្យាល័យនេះ ក៏នឹងរួមចំណែកបណ្ដុះវប្បធម៌ និង ការយល់ដឹងពីបរិការណ៍អន្តរជាតិ ទន្ទឹមគ្នានឹងបរិការណ៍ដោយឡែកនៃគុណតម្លៃ និងការវិវឌ្ឍនៃសង្គមកម្ពុជាផងដែរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះកត្តា «មនុស្ស» នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងមិនអាចក្លាយជាប្រទេសអ្នកមានបានទេ ប្រសិនបើធនធានមនុស្សរបស់យើង ពុំមាន ចំណេះដឹង និង សមត្ថភាព ជំនាញ, ពុំអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ, ពុំមានសុខភាពល្អគ្រប់គ្រាន់ និងពុំមានសមត្ថភាពចូលរួមកសាង មូលដ្ឋាននៃសង្គម សេដ្ឋកិច្ច និង ឧស្សាហកម្ម ដែលផ្អែកលើចំណេះដឹង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «មនុស្ស» គឺជាកត្តាស្នូលនៃគោលនយោបាយរបស់យើង, ដូច្នេះហើយការអប់រំ និង ការបណ្តុះបណ្តាលមូលធនមនុស្ស គឺជាយុទ្ធសាស្ត្រវិនិយោគវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតមូលដ្ឋាន សង្គម-សេដ្ឋកិច្ច និង ឧស្សាហកម្ម ដែលផ្តោតលើជំនាញ និង ចំណេះដឹង និងដើម្បីធានាថា កម្ពុជានឹង មិនធ្លាក់ចូលក្នុងអន្ទាក់នៃប្រទេសចំណូលមធ្យម នៅក្នុងដំណើរដ៏វែងឆ្ងាយរបស់យើង ឈានឆ្ពោះទៅ ឋានៈជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិនិយោគរបស់សាកលវិទ្យាល័យ De Montfort គឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដែលមានលក្ខណៈយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។ សម្តេចចង់លើកទឹកចិត្ត ឱ្យសាកលវិទ្យាល័យ De Montfort សហការឱ្យបានជិតស្និទ្ធជាមួយនឹងបណ្តាញធុរកិច្ចរបស់ចក្រភពអង់គ្លេស ដើម្បីជំរុញការផ្សារភ្ជាប់ការអប់រំ ជាមួយនឹងទីផ្សារការងារ ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចក៏លើកទឹកចិត្តឱ្យសាកលវិទ្យាល័យ សហការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានការគាំទ្រផ្សេងៗ ទាក់ទងនឹងការបណ្តុះសហគ្រិនភាព ដើម្បីចូលរួមបង្កើតការងារជាក់ស្ដែងនៅក្នុងប្រទេស។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចចង់ឃើញសាកលវិទ្យាល័យ De Montfort ក្លាយជាទីប្រមូលផ្តុំ (hub) និង ជាដែកឆក់ (magnet) នៃការវិនិយោគមកពីចក្រភពអង់គ្លេស ដែលជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងធនធានមនុស្ស និង អនាគតអ្នកដឹកនាំ ដែលសាកលវិទ្យាល័យបានខិតខំបណ្តុះបណ្តាល ជាមួយនឹងតួអង្គទីផ្សារ វិនិយោគិន និង ឧស្សាហកម្មអនាគតរបស់ចក្រភពអង់គ្លេស ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៨៖២៣នាទីព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕