(ភ្នំពេញ)៖ រហូតដល់ម៉ោងជាង ៣៖០០រសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ សង្ស័យ៨នាក់ពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែក នៅលើផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នោះ ត្រូវបានសមត្ថកិច្ចក្រសួង មហាផ្ទៃ បញ្ជូនទៅដល់សាលាដំបូង រាជធានីភ្នំពេញហើយ។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ពេលនេះព្រះរាជអាជ្ញារង លោក ហ៊ឹង ប៊ុនថន កំពុងសួរនាំ។ លោកថា «លោក ហ៊ឺង ប៊ុនថន ព្រះរាជអាជ្ញារងទទួលចាត់ការរឿងក្តីនេះកំពុងពិនិត្យឯកសារសំណុំរឿងនិងសួរចម្លើយជនសង្ស័យ»។
ជនសង្ស័យ៨នាក់នោះមានជនដៃដល់ មេខ្លោង និងអ្នកផ្សំគំនិតដែលក្នុងនោះក៏មានជនជាតិវៀតណាម៣នាក់ដែរ។ បើតាមសមត្ថកិច្ច, ករណីនេះមិនមែនជា ការបង្កចលាចលនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែជារឿងគំនុំសុទ្ធសាធដែលមានមេខ្លោងឈ្មោះ សុខ គឹមលី ភេទស្រី អាយុ៤១ឆ្នាំ ព្យាយាមបោកគ្រាប់បែក សម្លាប់ជនរងគ្រោះឈ្មោះ អៀ គឹមហួរ ប៉ុន្តែមិនបានសម្រេចគ្រាន់តែរបួសប៉ុណ្ណោះហើយថា ការតាមធ្វើឃាតជនរងគ្រោះបែបនេះ បានធ្វើឡើងម្តងរួចទៅហើយ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥។
សូមជំរាបថា កាលពីព្រលប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ មានករណីបំផ្ទុះគ្រាប់បែកមួយគ្រាប់នៅលើផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល និងបណ្តាលឲ្យរថយន្ត៤គ្រឿង រួមទាំងទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅក្បែរនោះខូចខាតផងដែរ៕