(ព្រុយណេ-ឥណ្ឌូណេស៊ី)៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមថ្លែងសន្ទរកថា បើកក្នុងកិច្ចប្រជុំប្រមុខមុខងារសាធារណៈ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីបញ្ហាពាក់ព័ន្ធនឹងមុខងារសាធារណៈ (ACCSM) លើកទី ២២។
អង្គប្រជុំបានផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលស្តីពីសុខភាពផ្លូវចិត្ត និងសុខុមាលភាពដើម្បីសម្រេចបានតុល្យភាពជីវិតនិងការងារ នៅក្នុងវិស័យសាធារណៈ ពិនិត្យតាមដានវឌ្ឍនភាពនៃផែនការការងារ ACCSM ឆ្នាំ២០២១-២០២៥ និងបានពិភាក្សាលម្អិតស្តីពីអាទិភាពនានា សម្រាប់កិច្ចសហប្រតិបត្តិការក្រោយឆ្នាំ២០២៥។
អង្គប្រជុំ ក៏បានអបអរសាទរប្រទេសព្រុយណេ ដែលបានធ្វើជាប្រធាន ACCSM ពីឆ្នាំ២០២២ ដល់ ២០២៤ ហើយបានស្វាគមន៍ប្រទេសកម្ពុជាដែលទទួលធ្វើជាប្រធាន ACCSM សម្រាប់រយៈពេល ២០២៤ ដល់ ២០២៦។
ក្រោយពីកិច្ចប្រជុំនេះ ក៏មានកិច្ចប្រជុំប្រមុខមុខងារសាធារណៈ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានបូកបីស្តីពីបញ្ហាពាក់ព័ន្ធនឹងមុខងារសាធារណៈ (ACCSM) លើកទី៧ ដែលមានការចូលរួម ពីតំណាងមកពីប្រទេសចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េផងដែរ។
នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី បន្ទាប់ពីវិលត្រឡប់មកពីប្រទេសព្រុយណេ លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញទទួលគំនូរពីព្រះរាជាណាចក្រថៃ ក្រោមមូលបទ «ចក្ខុវិស័យសហគមន័អាស៊ានឆ្នាំ២០៤៥៖ អាស៊ានដែលមានភាពធន់ ប្រកបដោយនវានុវត្តន៍ ស្វាហាប់ និងយកប្រជាជនជាស្នូល» ដែលតំណាងដោយ លោក Nikorndej Balankura អគ្គនាយកព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងការបរទេសថៃ ព្រមទាំង លោកស្រី Phantipha Iamsudha Ekarohit តំណាងអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រថៃប្រចាំអាស៊ាន។ គំនូរនេះ គឺជាគំនូរទី ១៣៨ ហើយ ដែលដាក់តាំងបង្ហាញនៅវិចិត្រសាលអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា។
នៅល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន ក៏បានបន្ដអញ្ជើញផ្តល់សន្ទរកថាគន្លឹះពិសេស នៅក្នុងពិធីជប់លៀងដើម្បីអបអរខួបអនុស្សាវរីយ៍ ១៥ ឆ្នាំ នៃការបង្កើតស្ថានបេសកកម្មអចិន្រៃ្តយ៍ហ្វីលីពីនប្រចាំអាស៊ាន។
អគ្គលេខាធិការអាស៊ាន បានឆ្លុះបញ្ចាំងពីការចូលរួមចំណែកដ៏សំខាន់របស់ហ្វីលីពីន ក្នុងរយៈពេលកន្លងទៅ ហើយបានគូសបញ្ជាក់ពីភាពជាអ្នកដឹកនាំរបស់ហ្វីលីពីនក្នុងការពង្រឹងសាមគ្គីភាព និងមជ្ឈភាពអាស៊ាន រួមទាំងនៅក្នុងការងាររបស់គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ានផងដែរ។
ពិធីនេះដែរ ត្រូវបានរៀបចំឡើងដើម្បីទទួលស្គាល់ពីតួនាទីដ៏សំខាន់ និងការប្តេជ្ញាចិត្តរបស់ហ្វីលីពីន នៅក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន៕