(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ប្រាប់ លោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគម ជប៉ុន-កម្ពុជាថា កម្ពុជាមានសន្តិភាព ពេញលេញ និងការអភិវឌ្ឍ ក្រោមការការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។ សម្តេច សាយ ឈុំ បានសង្កត់ថា «នៅកម្ពុជាគ្មានទេ វិបត្តិនយោបាយ គឺមានតែអ្នកនយោបាយធ្វើខុស ប្រឈមមុខនឹងច្បាប់ ជាក់ស្តែង គឺជាករណីបុគ្គល និងតុលាការមិនមែនជារឿងនយោបាយទេ»

ការបញ្ជាក់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានធ្វើឡើងខណៈសម្តេច បានអនុញ្ញាតឲ្យលោក តាកាហាស៊ី ហ្វូមីអាគី ជួបសម្តែងការគួរសម  នៅ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅវិមានព្រឹទ្ធសភា ។ ជាការឆ្លើយតប លោក តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមនជប៉ុន-កម្ពុជា ក៏បានមានចំណាប់អារម្មណ៍ អំពី សភាពការនយោបាយ និងបញ្ហាប្រឈមរបស់ប្រជាកសិករកម្ពុជា អំពីតម្លៃស្រូវ ដែលកំពុងធ្លាក់ចុះ។ លោកបានបញ្ជាក់ថា ចង់ឲ្យស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ត្រៀមលក្ខណៈជាមុន និងពង្រឹងសមត្ថភាព នៅតាមមូលដ្ឋានដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ ជួយដល់ ប្រជាពលរដ្ឋនៅមូលដ្ឋាន។ សម្តេច សាយ ឈុំ ក៏បានទទួលស្គាល់ និងថ្លែងអំណរគុណចំពោះ លោក តាកាហាស៊ី ហ្វូមីអាគី  ដែលមានចំណាប់អារម្មណ៍ចំពោះបញ្ហាសភាពការនយោបាយ និងបញ្ហាប្រឈមរបស់ប្រជាកសិករកម្ពុជា។ សម្តេច បានឲ្យដឹងថា បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងតែអនុវត្ត ក្នុងកំណែទម្រង់ស៊ីជម្រៅយ៉ាងសកម្ម ដោយប្រើប្រាស់វិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការច្បាប់ ដើម្បីធ្វើយ៉ាងណាឲ្យ ការអនុវត្តរបស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមានប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋាន។

សម្តេច សាយ ឈុំ បានស្នើសុំ លោក តាកាហាស៊ី ហ្វូមីអាគី  បន្តជួយចលនាអ្នកវិនិយោគជប៉ុន និងរដ្ឋាភិបាលជប៉ុន ពិនិត្យលទ្ធភាពមក វិនិយោគ និងជួយផ្តល់នូវបច្ចេកទេសផ្នែក ជ្រើសរើសពូជ ម៉ាស៊ីនកិនស្រូវ និងម៉ាស៊ីនសម្ងួតស្រូវបន្ថែមនៅកម្ពុជា៕