(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណ:កម្មាធិការអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំលើកទី២ គណៈកម្មាធិការអន្តរក្រសួង អនុវត្តបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការបង្រ្កាបអំពើរត់គេចពន្ធ។
កិច្ចប្រជុំនេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើងនាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ មានគោលបំណង៖
១៖ ពិនិត្យវឌ្ឍនភាពការងារសម្រេច បានបន្ទាប់ពីកិច្ចប្រជុំលើកទី១ នាឆ្នាំ២០២២,
២៖ ពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរ
និង៣៖ ផ្តល់ការណែនាំ និងលើកទិសដៅការងារស្របតាមស្មារតី នៃបទបញ្ជាលេខ ០១ បប នេះ ឲ្យកាន់តែមានភាពល្អប្រសើរឡើង។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលតែងតែផ្តល់ការគាំទ្រដល់អង្គភាពគយ និងរដ្ឋាករ ក្នុងការអនុវត្តតួនាទី និងភារកិច្ចលើការងារកៀរគរ ចំណូលថវិកាជាតិ។
ជាពិសេស លើការងារបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ ដែលការងារនេះ មិនត្រឹមតែបានពង្រឹងការប្រមូលចំណូលពន្ធ និងអាករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់អនុលោមភាពរបស់ធុរជន ធានាបរិយាកាសប្រកួតប្រជែងប្រកបដោយសមធម៌ និងចូលរួមចំណែកដល់កិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសុខុមាលភាពសង្គមផងដែរ។
បន្ទាប់ពីបានពិភាក្សាយ៉ាងផុលផុស ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ អង្គប្រជុំបានលើកទិសដៅអនុវត្ដដូចខាងក្រោម៖
* បន្តពង្រឹង និងគាំទ្រកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត ដល់អង្គភាពគយ និងរដ្ឋាករពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ស្របតាមខ្លឹមសារបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល
* បន្ថែមសមាសភាពអគ្គនាយកដ្ឋានពន្ធដារ ចូលជាសមាជិករបស់គណៈកម្មាធិការអន្តរក្រសួងអនុវត្តបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២
* រៀបចំអនុស្សរណៈនៃការយោគយល់គ្នា ក្នុងចំណោមស្ថាប័ននគរបាលយុត្តិធម៌ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការប្រមូលចំណូលថវិកាជាតិ ពង្រឹងអនុលោមភាព រក្សាសណ្តាប់ធ្នាប់ និងសុខុមាលភាពសង្គម
* ដាក់ចេញនូវយន្តការកិច្ចសហប្រតិបត្តិការទំនាក់ទំនង ៣ កម្រិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ជួយសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ឲ្យបានទាន់ពេលវេលារួមមាន ៖ ថ្នាក់គណៈកម្មាធិការអន្តរក្រសួង, ថ្នាក់មូលដ្ឋានរាជធានី-ខេត្ត និងថ្នាក់មាត់ច្រកសំខាន់ៗ៕