(ភ្នំពេញ)៖ លោកស្រី អុង សុភាវី រដ្ឋលេខាធិការទទួលបន្ទុកការងារយេនឌ័រក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានដឹកនាំគណៈប្រតិភូចុះពិនិត្យស្ថានភាពជាក់ស្តែងក្នុងការផ្តល់អាហារូបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកូនតាមម្តាយ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ និងតម្រូវការសុខាភិបាល នៅក្នុងប៉ុស្តិ៍សុខភាព ដែលស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន៖ ពន្ធនាគាររាជធានីភ្នំពេញ មណ្ឌលអប់រំកែប្រែទី១ និងមណ្ឌលអប់រំកែប្រែទី២ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤។
ក្នុងឱកាសនេះ លោកស្រីបាននាំមកនូវប្រសាសន៍ថ្លែងអំណរគុណពីឧបនាយករដ្ឋមន្ត្រីអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ជូនចំពោះសាស្ត្រចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងបានផ្តាំផ្ញើសួរសុខទុក្ខ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់គ្រងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ គ្រប់ឋានានុក្រមទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ឱ្យសម្រេចទៅបានសមិទ្ធិផលថ្មីៗ ជូនអគ្គនាយកដ្ឋានពន្ធនាគារ ជូនក្រសួងមហាផ្ទៃ និងជូនជាតិមាតុភូមិ។
ដើម្បីឆ្លើយតបទៅនឹង អនុសាសន៍ចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងអនុសាសន៍ណែនាំរបស់ឧបនាយករដ្ឋមន្ត្រីអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
នៅថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤ លោកស្រី អុង សុភាវី បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល និងអគ្គនាយកដ្ឋានពន្ធនាគារ ចុះពិនិត្យស្ថានភាពជាក់ស្តែងក្នុងការផ្តល់អាហារូបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកូនតាមម្តាយ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ និងតម្រូវការសុខាភិបាល នៅក្នុងប៉ុស្តិ៍សុខភាព ដែលស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមានពន្ធនាគាររាជធានីភ្នំពេញ មណ្ឌលអប់រំកែប្រែទី១ និងមណ្ឌលអប់រំកែប្រែទី២។
នៅក្នុងការចុះពិនិត្យនេះ មានការចូលរួមពីរដ្ឋលេខាធិការ ក្រសួងសុខាភិបាល អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារបច្ចេកទេស ប្រធាននាយកដ្ឋានអប់រំកែប្រែ និងស្តារនីតិសម្បទា ប្រធានពន្ធនាគារ ប្រធានមណ្ឌលអប់រំកែប្រែទី១ និងទី២ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ សរុបចំនួន ២២រូប។
ជាលទ្ធផលសង្ខេប នៃការចុះនេះ ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាលបានស្នើសុំមានដូចខាងក្រោម៖
១៖ ស្នើសុំឲ្យមានការកែសម្រួលប្រកាសអន្តរក្រសួង លេខ២៧៤៤ប្រក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ស្តីពីបង្កើតក្រុមការងារបច្ចេកទេសសុខាភិបាលពន្ធនាគារដែលមានសមាសភាពមន្ត្រីមកពីក្រសួងមហាផ្ទៃ និងមន្រ្តីបច្ចេកទេសមកពីក្រសួងសុខាភិបាល។
២៖ អភិវឌ្ឍន៍ប៉ុស្តិ៍សុខភាពពន្ធនាគារឲ្យទៅជាមណ្ឌលសុខភាព(CPA II)សម្រាប់ភូមិសាស្ត្រពន្ធនាគាររាជធានីភ្នំពេញ។
៣៖ ស្នើសុំក្រសួងសុខាភិបាលជួយជំរុញការផ្តល់សម្ភារៈបច្ចេកទេស និងឪសថឆ្លើយតបនឹងតម្រូវការចាំបាច់របស់ជនជាប់ឃុំ ព្រមទាំងរៀបចំបន្ទប់សុវត្ថិភាពនៅពេលបញ្ជូនជនជាប់ឃុំទៅទទួលការព្យាបាលនៅតាមមន្ទីរពេទ្យ។
៤៖ ជួយជំរុញការផ្តល់អាហាររូបត្ថម្ភស្ត្រីមានផ្ទៃពោះ និងកូនតាមម្តាយដែលកំពុងជាប់ឃុំ និងផ្តល់ឪកាសឲ្យមន្រ្តីពន្ធនាគារចូលរួមវគ្គបណ្តុះបណ្តាលស្តីពីអាហាររូបត្ថម្ភ៕