(កណ្តាល)៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះជួសជុលគល់ស្ពានស្ទឹងជ្រៅដែលរងគ្រោះដោយទឹកហូរច្រោះខ្លាំង ដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ដែលបានបណ្តាលឱ្យផ្នែកខ្លះនៃក្បាលស្ពានត្រូវបានទឹកហូរច្រោះដី។ ស្ពានស្ទឹងជ្រៅនេះស្ថិតក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។
លោក ម៉ឹង យូឡេង បានបន្ថែមថា បន្ទាប់ពីស្ថានភាពទឹកភ្លៀងធ្លាក់ជាប់គ្នាៗខ្លាំង និងទទួលបានព័ត៌មានថាមានការហូរច្រោះដីក្បាលស្ពាន, លោក គួច ចំរើន អភិបាលខេត្ត បានបញ្ជាឱ្យមន្ទីរចុះមកធ្វើការត្រួតពិនិត្យជាបន្ទាន់ ហើយពេលពិនិត្យជាក់ស្តែងឃើញថា មានលំនៅដ្ឋានប្រជាពលរដ្ឋមួយគ្រូសារ បានសង់នៅក្បែរគល់ស្ពាន មិនបានសហការជាមួយជំនាញ ក្នុងការដាក់លូរដើម្បីបញ្ចៀសទឹកឱ្យបានត្រឹមត្រូវបានបច្ចេកទេស ទើបធ្វើឱ្យទឹកហូរច្រោះក្បាលស្ពាន។ ប៉ុន្តែមិនបណ្តាលឱ្យប៉ះពាល់ដល់គ្រឹះស្ពាននោះទេ តែដើម្បីកាត់បន្ថ យហានិភ័យនាពេលខាងមុខ ទើបយើងចុះមកធ្វើការជួសជុល ដើម្បីពង្រឹងសុវត្ថិភាព និងផ្តល់នូវទំនុកចិត្តជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះលោក ឯក សំណាង ចៅសង្កាត់ដើមមៀន បានប្រាប់ថា ស្ពានស្ទឹងជ្រៅ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ទំនាក់ទំនងដោយផ្ទាល់រវាងប្រជាពលរដ្ឋសង្កាត់ដើមមៀន ទៅកាន់សង្កាត់ព្រែកឬស្សី ហើយស្ពាននេះ ដើមឡើយជាស្ពានឈើ ក្រោយមកប្តូរមកជាស្ពានដែកបេឡេ ហើយដោយស្ពានភាពចាស់ទ្រុតទ្រោម ទើបរដ្ឋបាលខេត្តកណ្តាល សម្រេចកសាងស្ពានបេតុងថ្មីស្រឡាងនេះឡើង ដើម្បីបង្កើនសុវត្ថិភាពក្នុងការឆ្លងកាត់ និងដឹកទំនិញរាល់ថ្ងៃ។
ដោយសារតែភ្លៀងធ្លាក់ខ្លាំង ទើបធ្វើឱ្យទឹកហូរច្រោះក្បាលស្ពាន ទើបធ្វើឱ្យអ្នកភូមិព្រួយបារម្ភ តែឥឡូវនៅពេលដែលជំនាញចុះមកពិនិត្យនិងជួលជុលឡើងវិញដូច្នេះ ពលរដ្ឋពិតជាសប្បាយរីករាយ និងលែងព្រួយបារម្ភទៀយហើយ។
សូមបញ្ជាក់ថា ស្ពានប្រភេទបេតុងអាមេខ្សែកាប នេះ មានប្រវែង២៦ម៉ែត្រ ទទឹង៥ម៉ែត្រ ត្រូវបានកសាងឡើងកាលពីដើមឆ្នាំ២០២៤នេះ ដោយថវិកាគុណប្រយោជន៍របស់ខេត្ត៕