(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោក អ៊ុំ សុផល ស្នងការរងនគរបាលខេត្ត សហការជាមួយកម្លាំងសមត្ថកិច្ចខេត្តសមុទ្រប្រាកន ប្រទេសថៃ តាមទៅចាប់ខ្លួន ពាក់ព័ន្ធការកាប់ប្រហារ ទៅលើជនរងគ្រោះម្នាក់ រហូតស្ទើរស្លាប់កាលពីជិត២ឆ្នាំមុន ហើយត្រូវតុលាការខេត្ត សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៣០ឆ្នាំ។
លោក អ៊ុំ សុផល បានបញ្ជាក់ថា ជនដៃដល់រូបនេះ ត្រូវបាននាំខ្លួន មកដល់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បន្ទាប់ពីត្រូវបានចាប់ខ្លួន នៅវេលាម៉ោង១១ព្រឹកថ្ងៃម្សិលមិញ នៅស្រុកសំរោង ខេត្តសមុទ្រប្រាកាន ប្រទេសថៃ។
បើតាមស្នងការរងនគរបាលរូបនេះ ជនដៃដល់ខាងលើមានឈ្មោះ ផាត់ ប៊ុនធឿន ហៅស្រួច ឬអ៊ូច អាយុ២៨ឆ្នាំ មានទីលំនៅភូមិមោង ឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
លោក អ៊ុំ សុផល បានបញ្ជាក់ថា «ជនដៃដល់ត្រូវឃាត់ខ្លួនតាមដីកា របស់សាលាដំបូងខេត្តបន្ទាយជ័យ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់៣០ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោស»។
លោក អ៊ុំ សុផល បានបន្តថា មុនគេចខ្លួនទៅពួនសម្ងំនៅប្រទេសថៃ ជនដៃដល់បានកាប់ជនរងគ្រោះឈ្មោះ ពៅ រតនា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត របួស៣កន្លែងដៃ, ក្បាលនិងជើង ប៊ិះស្លាប់ ដោយប្រព្រឹត្តនៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៤ ហើយក្រោយទទួលបានដីកាពីតុលាការភ្លាម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ តាមស្រាវជ្រាវ រហូតតាមចាប់ខ្លួនតែម្តង៕