(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា បានរៀបចំជំនួបផ្គូរផ្គងធុរកិច្ចកម្ពុជា-ជប៉ុន ដោយមានអ្នកចូលរួមជាង២០០នាក់ ដែលសុទ្ធសឹងតែជាធុរជន និងវិនិយោគ ដែលមានសក្តានុពលពីប្រទេសជប៉ុន និងកម្ពុជា ដើម្បីបង្ហាញពីសក្តានុពលវិនិយោគនៅកម្ពុជា។
«ជំនួបផ្គូរផ្គងធុរកិច្ចកម្ពុជា-ជប៉ុន» ដែលរៀបចំឡើងនារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ក្រោមប្រធានបទ«ធុរកិច្ចឥណទានកាបូន និងបរិយាកាសវិនិយោគនៅកម្ពុជា» ធ្វើឡើងក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានថ្លែងថា ការរៀបចំ«ជំនួបផ្គូរផ្គងធុរកិច្ចកម្ពុជា-ជប៉ុន» ដើម្បីអនុញ្ញាតឱ្យធុរជននៃប្រទេសទាំងពីរបានចាប់ដៃគូ និងពិភាក្សាគ្នាក្នុងការពង្រឹង និងពង្រីកសក្តានុពលវិនិយោគ និងសកម្មភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ជាពិសេសការធ្វើបទបង្ហាញពីសក្តានុពល និងបរិយាកាសវិនិយោគ ព្រមទាំងក្របខណ្ឌគតិយុត្ត និងគោលនយោបាយនានានៅកម្ពុជា ជូនដល់ធុរជនជប៉ុនផងដែរ។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា កម្ពុជាគឺជម្រើសដ៏ល្អ ក្នុងការបណ្តាក់ទុនវិនិយោគពីបណ្តាវិនិយោគិនបរទេស។
លោកឧបនាយករដ្ឋមន្រ្តីបន្តថា រាជរដ្ឋាភិបាលតែងតែគាំទ្រដល់ការធ្វើធុរកិច្ច និងជាម៉ាស៊ីនជំរុញនូវកំណើនវិនិយោគ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលតែងតែដើរតួនាទីក្នុងការសម្របសម្រួលជាមួយវិស័យឯកជន ក្នុងនោះបានបង្កើតក្រុមការងាចំនួន១៦ក្រុម ដើម្បីជជែក និងដោះស្រាយបញ្ហាដែលវិស័យឯកជនបានជួបប្រទះផងដែរ។
នាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ថែមទាំងបានគូសរំលេចបន្ថែមអំពីសក្តានុពលវិជ្ជមាននានា របស់កម្ពុជា មានជាអាទិ៍ សុខសន្តិភាព និងស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន បែបបទនៃការវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប ប្រទាក់ក្រឡាផងដែរ។
សូមជម្រាបថា នៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា-ជប៉ុន មានទំហំប្រមាណ៤៧ ពាន់លានដុល្លារ ខណៈជប៉ុនគឺជាទិសដៅនាំចេញធំទី៣របស់កម្ពុជា។ ទំនិញចម្បងដែលកម្ពុជានាំចេញទៅជប៉ុន គឺសម្លៀកបំពាក់៕