(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំលើកទី៣៧ អាណត្តិទី៣ ក្រោមវត្តមានលោក តុប សំ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំរបស់ខ្លួនលើកទី៣៦ អាណត្តិទី៣។
ដោយឡែកនៅក្នុងខែកក្កដា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងចំនួន៤៨ ពាក្យប្ដឹង។ កន្លងមកអង្គភាពប្រឆាំងអំពើពុករលួយ ( អ.ប.ព.) សម្រេចបាននូវសមិទ្ធផលការងារជាច្រើនក្នុងនេះដូចជាការប្រកាសទ្រព្យសម្បត្តិ និងបំណុល ការងារពាក្យប្តឹង ការអប់រំផ្សព្វផ្សាយអំពីការប្រឆាំងអំពើពុករលួយ ការងារបណ្តុះបណ្តាល កិច្ចការងារតំបន់ និងអន្តរជាតិជាដើម។
ជាមួយគ្នានេះកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានធ្វើរបាយការណ៍ពីសភាពការណ៍មួយចំនួន នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលមានមន្ត្រីចំនួន ២,៩៨១នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ១,៤៤៧នាក់ និងមន្ត្រី ១,៥៣៤នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារចូលនិវត្តន៍ និងចប់អាណត្តិ។
លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យ ACU បានបញ្ជាក់ឱ្យដឹងថា៖ «ក្នុងខែកក្កដានេះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកជំនាញផ្នែកច្បាប់របស់ អ.ប.ព. បានផ្តល់បទឧទ្ទេសនាមជាថ្មី ច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌ ដល់សិស្សវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ដល់សិក្ខាកាមចំនួន ៩៨រូប នៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤»។
មន្រ្តីអ្នកនាំពាក្យរូបនេះ បញ្ជាក់បន្ថែមថា ចំពោះការងារបង្ការ និងទប់ស្កាត់អំពើពុករលួយវិញ អង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមសង្កេតការណ៍ការប្រឡងចំនួន០២លើកក្នុងនេះដូចជា៖ ការប្រឡងបញ្ចប់ឆ្នាំសិក្សា របស់និស្សិតផ្នែកសុខាភិបាល នៃបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលនានា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលរៀបចំដោយក្រសួងសុខាភិបាល និងការប្រឡងជ្រើសរើសគ្រូបឋមសិក្សា សម្រាប់ បម្រើការក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ និង ក្រសួងអប់រំ យុវជន និងកីឡា។
ដោយឡែកចំពោះ ការងារបណ្តុះបណ្តាលវិញអង្គភាពប្រឆាំងអំពើពុករលួយបានបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងមន្រ្តីសរុបចំនួន១០០នាក់។ មន្រ្តីអ្នកនាំពាក្យរូបនេះបានលើកឡើងថា សម្រាប់ការងារតំបន់ និងអន្តរជាតិនៅខែកក្កដា អង្គភាពប្រឆាំងអំពើពុករលួយបានជួប និងសំណួរនានារបស់ធានាគារពិភពលោក (World Bank, WB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund, IMF)។
គួរបញ្ជាក់ថា ក្នុងខែដដែលនេះ គណៈប្រតិភូរបស់អង្គភាពប្រឆាំងអំពើពុករលួយ ចំនួន៤រូបក៏បានចូលរួមកិច្ចប្រជុំលេខាធិការដ្ឋាន អាស៊ាន-ផេក លើកទី២០ផងដែរ៕