(ភ្នំពេញ)៖ ក្នុងប្រទេសមួយដែលពោរពេញដោយកំណែទម្រង់សេដ្ឋកិច្ច សហគ្រិនភាព គឺជាកម្លាំងមេកានិចដ៏មានសារៈសំខាន់សំរាប់ការអភិវឌ្ឍន៍។ នៅកម្ពុជា ការផ្តួចផ្តើមកម្មវិធីការបណ្តុះបណ្តាល សហគ្រិនភាព តាមគ្រឹះស្ថានឧត្តមសិក្សា នឹងក្លាយជាកម្លាំងចលករមួយដ៏សកម្ម សំដៅលើកទឹកចិត្តស្មារតីនវានុវត្តរបស់និស្សិត។
ដោយទទួលបាននូវការឧបត្ថម្ភគាំទ្រ ដោយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) និងក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីនេះ នឹងឆ្លើយតបជាយុទ្ធសាស្ត្រ ចំពោះបញ្ហាប្រឈម នៃសង្គមសេដ្ឋកិច្ច នៅកម្ពុជា។
ប្រទេសកម្ពុជា សំបូរដោយប្រពៃណីវប្បធម៌ និងស្ថិតក្នុងយុគសម័យនៃទំនើបកម្ម បានស្គាល់នូវការរីកចំរើនផ្នែកសេដ្ឋកិច្ច នាប៉ុន្មានទសវត្យចុងក្រោយនេះ។ ស្ថិតក្នុងន័យនេះ រាជរដ្ឋាភិបាលថ្មីនៃកម្ពុជា ក្រោមការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ នឹងជំរុញនូវកំណើនសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំនិងបរិយាប័ន្ន។
យុទ្ធសាស្ត្រនេះ មិនត្រឹមតែសំដៅបង្កើតការងារប្រកបដោយគុណភាព ប៉ុន្តែនូវកាត់បន្ថយភាពក្រីក្រនិងពង្រឹងអភិបាលកិច្ចឲ្យបានល្អផងដែរ។ យោងលើចំណុចស្នូលនៃការផ្លាស់ប្តូរនេះ ការអភិវឌ្ឍន៍ ធនធានមនុស្ស ប្រកបដោយគុណភាព មានសារៈសំខាន់ជាចម្បង និងសង្កត់ធ្ងន់ជាពិសេសលើការ បណ្តុះបណ្តាលយុវជន។ ស្ថិតក្នុងបរិបទនេះ កម្មវិធីបណ្តុះបណ្តាលសហគ្រិនភាព ដែលបង្កើតឡើង និងគាំទ្រដោយ AUF មានតួនាទីយ៉ាងសំខាន់។
តាមរយៈលទ្ធផលនៃជំនួបជាផ្លូវការ របស់សាកលវិទ្យាធិការ AUF លោក Slim Khalbous ជាមួយលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាខែមីនាឆ្នាំ២០២៣កន្លងទៅ AUF បានស្នើនូវការសិក្សាមួយដែលដឹកនាំដោយអ្នកជំនាញអន្តរជាតិ លោក Dr. Éric Mousset ដើម្បីស្វែងយល់ឲ្យច្បាស់ អំពីស្ថានភាពជាក់ស្តែងនៃស្ថាប័ន បណ្តាញតួអង្គពាក់ព័ន្ធនានា និងអន្តរសកម្មភាពនានា ជុំវិញការអភិវឌ្ឍន៍វិស័យសហគ្រិនភាពនៅកម្ពុជា។
ការសិក្សានេះ បានរៀបចំធ្វើឡើងនៅខែមិថុនា ឆ្នាំ២០២៤ និងបានកំណត់អត្តសញ្ញាណសមាសភាពដឹកនាំ និងការផ្តល់ជំនួយសម្រាប់និស្សិតសហគ្រិន។ ការសិក្សាបានបង្ហាញនូវគម្លាតយ៉ាងខ្លាំង ដូចជាការផ្តល់ជំនួយមិនគ្រប់គ្រាន់ និងមិនស្មើភាពទៅតាមតម្រូវការរវាងគ្រឹះស្ថានឧត្តមសិក្សាទាំងឡាយ។
អនុសាសន៍នៃការសិក្សានេះ គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា និង AUF សំដៅប្រមូលផ្តុំ នូវភាពខ្វះចន្លោះតាមរយៈការបង្កើតប៉ូលសហគ្រិនភាព ដែលមានទំនាក់ទំនងជាមួយមជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូនរបស់ AUF នៅកម្ពុជា និងការអភិវឌ្ឍន៍ភាពជាដៃគូរអន្តរសាកលវិទ្យាល័យនានា។
ការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា មានសារៈសំខាន់ ដើម្បីភាពជោគជ័យនៃកម្មវិធីនេះ។ លោក អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញការគាំទ្រ ចំពោះការបង្កើតកម្មវិធីនេះ ដោយបានថ្លែងថា ការសិក្សានេះ នឹងរួមវិភាគទាន ដល់ការអភិវឌ្ឍន៍វប្បធម៌សហគ្រិនភាព នៅតាមសាកលវិទ្យាល័យនានា របស់កម្ពុជា។ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ត្រូវបានជ្រើសរើសជាគ្រឹះស្ថានមួយក្នុងការកសាងលក្ខ័ន្តិកៈថ្នាក់ជាតិសំរាប់ និស្សិត-សហគ្រិន។
គម្រោងនេះ សំដៅបញ្ចូលការបណ្តុះបណ្តាលសហគ្រិនភាពជាផ្លូវការ ជាសមាសធាតុមួយនៃកម្មវិធីអប់រំនៅតាមគ្រឹះស្ថានឧត្តមសិក្សា។ លោក ប៊ុន ឡុង ដែលជាតំណាងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានលើកឡើងថា លក្ខ័ន្តិកៈនេះអាចអោយនិស្សិតទទួលបាននូវជំនួយបន្ថែម ទទួលបាននូវធនធានហិរញ្ញវត្ថុនិងជំនួយលើការ ដឹកនាំគម្រោងនានាផងដែរ។
កម្មវិធីនេះ ក៏ជាគំនិតផ្តួចផ្តើមមួយសំដៅទាក់ទាញវិនិយោគិន និងបង្កើតនូវបរិស្ថានមួយ ដែលលើកទឹកចិត្តយុវជនសហគ្រិនជំនាន់ថ្មី ក្នុងបរិបទមួយដែលបុគ្គលម្នាក់ៗរៀនសូត្រពីគ្នា ទទួលបានការផ្លាស់ប្តូរបទពិសោធន៍ និងការគាំទ្រលើកទឹកចិត្តឲ្យបង្កើត និងអភិវឌ្ឍក្រុមហ៊ុន ឬអាជីវកម្មផ្ទាល់ខ្លួន។
កម្មវិធីសហគ្រិនភាពនៅកម្ពុជា មិនត្រឹមតែជាការផ្តួចផ្តើមក្នុងវិស័យអប់រំប៉ុណ្ណោះទេ ប៉ុន្តែការជំរុញភាពជាសហគ្រិនដល់យុវជន នឹងនាំឲ្យកម្ពុជាទទួលបាននូវសេដ្ឋកិច្ចមានភាពប្រកួតប្រជែង កាន់តែខ្លាំងក្លា និងជានិរន្តតាមរយៈការផ្លាស់ប្តូរស៊ីជំរៅ ក្នុងនោះនវានុវត្តភាព និងការបង្កើតថ្មីរបស់យុវជនដើរតួនាទីស្នូល ក្នុងការអភិវឌ្ឍន៍ប្រទេស៕