(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមនឹងក្រុមការងារបានផ្តល់រទេះរុញចំនួន១០៨ ជូនដល់មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំង៥៤ នៅទូទាំងខេត្ត ដើម្បីចូលរួមធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតនូវការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
រទេះរុញដែលរដ្ឋមន្ត្រីប្រធានក្រុមការងារ បានគូសបញ្ជាក់ថា នឹងធ្វើឱ្យមណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាពមានសម្ភារបន្ថែមដើម្បីបម្រើសរវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ជាពិសេស ជួយសម្រួលសម្រាប់អ្នកជំងឺ ដែលមានពិការភាព និងពិបាកធ្វើដំណើរ។
នេះជាលើកទី៣ ហើយដែលរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងក្រុមការងារបានប្រគល់ជូនរទេះរុញជូនដល់មន្ទីរសុខាភិបាលខេត្តក្រចេះសរុប១៦៨រទេះ ដើម្បីចែកដល់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក និងនៅពេលនេះបាន ចែកដល់មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពទាំងអស់នៅក្នុងខេត្ត។
លោក នេត្រ ភក្ត្រា បានថ្លែងថា រទេះរុញនេះនឹងធ្វើឱ្យមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពក្នុងខេត្តក្រចេះទទួលបានពិន្ទុបន្ថែមទៀតលើ ការផ្តល់សេវាជូនដល់អ្នកជំងឺជាពិសេសសម្រាប់ជនពិការភាព។
ការគិតគូរ និងផ្តល់រទេះរុញនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះរួមនឹងថ្នាក់ដឹកនាំខេត្តក្រចេះចំពោះវិស័យសុខាភិបាល និងការផ្តល់ សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត។ ការពង្រីកសេវាសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលដែលត្រូវបានលោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ជាកម្មវិធីនយោបាយអាទិភាព១ ក្នុងចំណោមគោល នយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាលកម្ពុជាដែលដាក់ចុះដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា រទេះរុញទាំង១៦៨នេះ ដែលត្រូវបានចែកដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅទូទាំងខេត្តក្រចេះនេះជាអំណោយសប្បុរសធម៌របស់សមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍន៍នៅកម្ពុជា ដែលមាន លោកស្រី ខា ឡេង ជាប្រធានសមាគម និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាធ្វើឱ្យការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋកាន់តែប្រសើរថែមទៀត។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានជំរុញ និងលើកទឹកចិត្តដល់មន្ទីរសុខាភិបាល មន្ត្រីបុគ្គលិកទាំងអស់បន្តផ្តល់សេវាជូនពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់ វិជ្ជាជីវៈនិងការទទួលខុសត្រូវ។ លោកបានកត់សម្គាល់ថា សេវាសុខាភិបាលនៅក្នុងខេត្តក្រចេះ មានភាពល្អប្រសើរ និងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ ហើយបណ្តាខេត្តមួយចំនួននៅជុំវិញខេត្តក្រចេះបានមកទទួលសេវានៅខេត្តក្រចេះផងដែរ៕