(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា ទំនាក់ទំនងកម្ពុជា-ចិន បានរីកចម្រើនកាន់តែខ្លាំងក្លាពីមួយឆ្នាំទៅមួយឆ្នាំ ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប។
សម្តេច ម៉ែន សំអន ថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំប្រទេសកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤។
សម្តេចកិត្តិសង្គហបណ្ឌិត បានបញ្ជាក់យ៉ាងដូច្នេះថា «ទំនាក់ទំនងកម្ពុជា-ចិន បានរីកចម្រើនកាន់តែខ្លាំងក្លាពីមួយឆ្នាំទៅមួយឆ្នាំ ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ និងបង្កើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ»។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការស្វាគមន៍ និងអបអរសារទរយ៉ាងកក់ក្តៅ ជូនចំពោះលោក វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីថ្មី នៃសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំនៅប្រទេសកម្ពុជាបន្ទាប់ពី លោក វ៉ាង វិនធាន បានបញ្ចប់អាណត្តិបេសកកម្ម។
លោកឯកអគ្គរដ្ឋទូតចិន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានអនុញ្ញាតឱ្យលោក និងសហការី បានចូលជួបសម្ដែងការគួរសមនាព្រឹកនេះ។
លោកក៏បានកោតសសើរ ចំពោះការអភិវឌ្ឍន៍របស់កម្ពុជាយ៉ាងឆាប់រហ័យ ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាពិសេសការពូនជ្រំទំនាក់ទំនង មិត្តភាពយូរអង្វែងកម្ពុជា-ចិន។
លោកក៏បានបេ្តជ្ញាថា ក្នុងអាណត្តិការទូតនៅកម្ពុជា លោកនឹងពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ ក្នុងនោះផងដែរ លោកក៏បានអញ្ជើញសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដើម្បីចូលរួមក្នុងវេទិកា ស្ត្រីកិច្ចសហប្រតិបត្តិការសៀងហៃ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខេត្តសានទុង ប្រទេសចិន នៅថ្ងៃទី៧-១០ ខែកញ្ញា ឆ្នាំ ២០២៤ខាងមុខនេះ។
ជាកិច្ចឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងអំពីចំណងមិត្តភាពកម្ពុជា-ចិន សម្រាប់ឆ្នាំនេះជាខួបលើកទី ៦៦ នៃចំណងការទូតប្រទេសទាំងពីរ។ សម្ដេចតេជោ បានបន្តទៀតថា រដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាពយូរអង្វែងជាមួយមិត្តចិន។ ការផ្លាស់ប្តូរទស្សនកិច្ចញឹកញាប់គ្រប់ជាន់ថ្នាក់ បានធ្វើឱ្យទំនុកចិត្តនយោបាយរវាងថ្នាក់ដឹកនាំនៃប្រទេសទំាងពីររឹងមាំ ដូចដែកថែប មិនអាចបំបែកបាន។
សម្តេចមានជំនឿយ៉ាងមុតមាំ ចំពោះមិត្តចិនក្នុងការបន្តជួយបណ្តុះបណ្តាលធនធានមនុស្សជូនមន្ត្រីគណបក្សប្រជាជនកម្ពុជា ការកសាងបក្ស និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាសំខាន់ៗ ជាពិសេស គឺការគាំទ្រ ចំពោះការបណ្តុះបណ្តាលអ្នកនយោបាយវ័យក្មេងរបស់កម្ពុជា៕