(កំពង់ធំ)៖ លោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ ​បានអញ្ជើញផ្សព្វផ្សាយ​ ស្តីពី​កិច្ច​សហការ ការ​អនុវត្តច្បាប់ព្រហ្មទ័ណ្ឌ ដល់អាជ្ញាធរស្រុកកំពង់ស្វាយ មេឃុំ មេភូមិ នគរបាល​ស្រុក មេប៉ុស្តិ៍ អាវុធហត្ថស្រុក យោធា នៅសាលាប្រជុំស្រុក​កំពង់ស្វាយ ។

លោក រស់ សារាំ បានលើកឡើងអំពីគោលបំណង​សំខាន់ៗចំនួន៣ ដូចខាងក្រោម៖

១៖ ផ្សព្វផ្សាយនីតិវិធីច្បាប់ ផ្អែកលើក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា។
២៖ ពង្រឹង និងពង្រីកកិច្ចសហការក្នុងការអនុវត្ត ច្បាប់ព្រហ្មទណ្ឌ។
៣៖ ជំរុញ បង្ការ និងបង្ក្រាបបទល្មើសចាំបាច់​សំខាន់ៗរួមមាន៖ បទល្មើសគ្រឿងញៀន, ក្មេងទំនើង, ឆបោកតាមប្រព័ន្ធទំនាក់ទំនងសង្គម, ជលផល និងនេសាទខុសច្បាប់, ព្រៃឈើ និងធនធានធម្មជាតិ, ផ្តល់ឯកសារដោយទុច្ចរិត, សុំផ្តល់ឯកសារដោយទុច្ចរិត និងបទល្មើសសុំផ្តល់លិខិតបញ្ជាក់មិនពិត។

លោក រស់ សារាំ ស្នើសុំឲ្យថ្នាក់ដឹកនាំរដ្ឋបាលស្រុកកំពង់ស្វាយ កងកម្លាំងទាំងបី មេឃុំ​ មេភូមិ  មន្រ្តីជំនាញជលផល មន្រ្តីជំនាញរដ្ឋបាលព្រៃឈើ និងមន្ត្រីទាំងអស់ ចូលរួមផ្តល់កិច្ចសហការគាំទ្រនូវយុទ្ធនាការ និងការអនុវត្តគោលនយោបាយនានា របស់ក្រសួងយុត្តិធម៌ ដើម្បីបម្រើសេវាយុត្តិធម៌​ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ត្រឹមត្រូវ តម្លាភាព និង ប្រសិទ្ធភាព ព្រមទាំងបន្តធ្វើកិច្ចសហការឲ្យកាន់តែ​ស្អិតរមួត ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងឡាយ ក្នុងដែនសមត្ថកិច្ចស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕