(កំពង់ធំ)៖ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យស្ថានភាពផ្លូវលំ ដែលកំពុងខូចខាត និងដំណាំស្រូវ របស់ប្រជាកសិករនៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក អ៊ុត វណ្ណរ៉ា បានបញ្ជាក់ថា ផ្លូវលំក្នុងឃុំកំពង់គោ ត្រូវបានទឹកជំនន់ហូរកាត់ផ្លូវបណ្ដាលឲ្យខូចខាតផ្លូវប្រវែងជាង ៣គីឡូម៉ែត្រ បង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាជន និងខូចខាតផលដំណាំស្រូវ របស់ប្រជាកសិករ នៅក្នុងឃុំកំពង់គោ ប្រមាណជាង៨០០ហិកតា ដែលមិនអាចជួយសង្គ្រោះបាន។ ដោយឡែកដំណាំស្រូវប្រមាណ១០០ហិកតាទៀត កំពុងរងផលប៉ះពាល់ តែអាចសង្គ្រោះបាន បើសិនជាមិនមានភ្លៀងធ្លាក់មកបន្ថែមទៀតទេ។
លោក គន់ គីម បានថ្លែងនូវការសោកស្ដាយចំពោះការខូចខាតហេដ្ឋារចនាសម្ព័ន្ធ បម្រើឲ្យសេចក្តីត្រូវការរបស់ប្រជាជនប្រចាំថ្ងៃ និងការខូចខាតដំណាំស្រូវជាង៨០០ហិកតា ដែលមិនអាចសង្គ្រោះបាន នៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅពេលនេះ។
លោកបានបញ្ជាឲ្យអាជ្ញាធរដែនដី មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ដើម្បីសិក្សា និងជួសជុលស្ថាបនាផ្លូវ ដែលខូចខាតនេះឡើងវិញ ក្រោយពេលទឹកសម្រក ដើម្បីបម្រើឲ្យការធ្វើចរាចរណ៍របស់ប្រជាជន។
លោក គន់ គីម បានស្នើដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមបម្រុងកងកម្លាំងអន្តរាគមន៍ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ តាមតម្រូវការ និងសំណូមពរជាក់ស្ដែង របស់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕