(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា មាន សារព័ត៌មានអនឡាញមួយចំនួននៅកម្ពុជា មិនទាន់ចុះបញ្ជីត្រឹមត្រូវនៅឡើយទេ ហើយក្រសួងកំពុងតែអំពាវនាវបន្ថែមទៀត និងជំរុញឱ្យពួកគាត់មកចុះបញ្ជីស្របច្បាប់ប្រតិបត្តិការនៅក្រសួងព័ត៌មាន។
ការលើកឡើងបែបនេះ បានធ្វើឡើងនាឱកាសដែល លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នៅសាលសវនាការវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងដូច្នេះថា៖ បច្ចុប្បន្ននេះទិន្នន័យរួមរបស់អ្នកសារព័ត៌មានបុរាណ និងទំនើប ទៅបានចេញអាជ្ញាប័ណ្ណពីក្រសួងព័ត៌មាន គឺមានប្រមាណជាជាង២ពាន់ស្ថាប័ន ហើយនៅក្នុងនោះអង្គភាព គេហទំព័រ TV Online ដែលជាប្រព័ន្ធប្រភេទសារព័ត៌មានទំនើបថ្មី គឺមានប្រមាណជាង ១ពាន់ អង្គភាពតែកំពុងតែប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ កត់សម្គាល់ឃើញថា សុខភាពសារព័ត៌មានមួយចំនួន ដែលប្រតិបត្តិការនៅតាមអនឡាញ គឺមិនទាន់មានចុះបញ្ជីត្រឹមត្រូវទេ ហើយក្រសួងកំពុងតែអំពាវនាវបន្ថែមទៀត និងជំរុញឱ្យពួកគាត់មកចុះបញ្ជីស្របច្បាប់ប្រតិបត្តិការនៅក្រសួងព័ត៌មាន អង្គភាពផ្នែកបោះពុម្ពតាំងពីទសវត្សឆ្នាំ១៩៩០មក មានអង្គភាពរបស់ពុម្ពកាសែតទស្សនាវដ្ដី ជិត៥០០ អង្គភាពដែលទទួលបានឡាយសិនពី ក្រសួងព័ត៌មាន ហើយនៅក្នុងនោះចំណែកឯវិទ្យុគឺយើងមាន២៨៣ វិទ្យុ មានទូរទស្សន៍ផ្កាយរណប មានទូរទស្សន៍ផ្ទាល់ គឺពាក់ព័ន្ធជាមួយនឹងប្រព័ន្ធអ៊ីនធឺណិតអញ្ចឹងជាង២ពាន់ ដែលកំពុងតែប្រតិបត្តិការ»។
លោករដ្ឋមន្ត្រីបានបន្ដថា ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមនៅក្នុងវិស័យព័ត៌មានធ្វើឱ្យតម្លៃវិជ្ជាជីវៈអ្នកសារព័ត៌មាន ត្រូវបានបាត់បង់នៅក្នុងអារម្មណ៍នៅក្នុងជំនឿទុកចិត្ត របស់សាធារណជន គឺនៅពេលដែលកំណើនយ៉ាងច្រើននៃប្រព័ន្ធផ្សព្វផ្សាយទំនើបកើនឡើងឱ្យប្រព័ន្ធផ្សព្វផ្សាយនេះ គឺអាចាប់ផ្ដើមចេញដំបូងដោយប្រើប្រាស់ប្រព័ន្ធ facebook ធម្មតាទៅយកទំនាក់ទំនងតាមបណ្ដាញ «facebook,tik tok» នេះទៅជាមូលដ្ឋាននៅក្នុងការផ្សព្វផ្សាយព័ត៌មាននៅក្នុងចំណោមឡាយសិនអាជ្ញាប័ណ្ណប្រមាណជាង១ពាន់ នេះគឺស្នើសុំយើងអនុញ្ញាតផ្ដល់ជូនតែគេហទំព័រទេ។ ក៏ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលទទួលបានអាជ្ញាប័ណ្ណពី ក្រសួងព័ត៌មាន ទៅទៅបង្កើតគេហទំព័រ គឺគាត់មិនយកទៅកើតគេហទំព័រនោះទេ គឺគាត់យកទៅបង្កើតត្រឹមតែហ្វេសប៊ុកឬក៏ហៅថា TV Online តែប៉ុណ្ណឹង។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ដថា នៅក្នុងក្រមខណ្ឌនេះ ក្រសួងព័ត៌មានបានផ្ដោតទៅលើការងារសំខាន់ គឺសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មាន ផ្ដោតទៅលើតត្ដាបីសំខាន់ដែលត្រូវ ធ្វើឱ្យបានក្នុងការធានានៅសន្តិសុខព័ត៌មានសម្រាប់ប្រជាពលរដ្ឋយើងនិយាយអំពី សន្តិសុខទឹក សន្តិសុខថាមពល សន្តិសុខស្បៀង ធ្វើយ៉ាងណាឱ្យធានាបាននៅស្បៀង ថាមពល ទឹក។ ប៉ុន្តែនៅក្នុងបរិបទឌីជីថល អំពីសន្តិសុខព័ត៌មាន គឺចាំបាច់ណាស់ដែលអ្នកប្រើប្រាស់ព័ត៌មាន ត្រូវតែមានសុវត្ថិភាព សន្តិសុខព័ត៌មាន គឺយើងផ្ដល់ទៅលើ៣ សំខាន់មានដូចជា ធានាសិទ្ធិទៅលើប្រជាពលរដ្ឋ គុណភាពព័ត៌មានដើម្បីឱ្យអ្វីដែលយើងផលិត ជាព័ត៌មានដែលមានគុណភាព ការបណ្ដុះបណ្ដាលការពង្រឹងព័ត៌មាន ក៏ជាអាទិភាពមួយរបស់ ក្រសួងព័ត៌មានទៅលើការងារ ផ្ដល់សុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ព័ត៌មាន។
សូមជម្រាបដែរថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កម្ពុជា គឺជាមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីអ្នកសារព័ត៌មាន មានមូលដ្ឋានរួម តម្លៃរួមសម្រាប់ការអនុវត្តវិជ្ជាជីវៈ ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ គណនេយ្យភាព អនុលោមភាព ឯករាជភាព និងជាពិសេសលើកកម្ពស់តម្លៃ និងពង្រឹងជំនឿទុកចិត្តមកលើវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា៕