(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត ប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដើម្បីចូលរួមអបអរ សាទរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា នៅសាខាកាកបាទក្រហមខេត្តព្រះសីហនុ។
លោក ម៉ាង ស៊ីណេត បានថ្លែងអំណគុណដល់អ៊ុំពូមីង បងប្អូនកូនក្មួយ ជាសប្បុរសធម៌ទាំងអស់ ដែលបានចូលចែករំលែកនូវទឹកចិត្ត និងពេលវេលាដ៏មានតម្លៃ ឧបត្ថមតាមរយៈកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីតបស្នងឲ្យ មានតម្លៃជូនត្រឡប់ដល់សប្បុរសធម៌យើងវិញនោះ លោកនឹងខិតខំពាំនាំអំណោយទាំងអស់ យកទៅដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះជាក់ស្តែង។
ប្រធានស្តីទីសាខាបានអំពាវនាវដល់ លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជនរួមជាតិ អាជីវករ ពាណិជ្ជករ ចូលរួមបរិច្ចាគជាថវិកាក្តី និងជាសម្ភារក្តីតាមសទ្ធាជ្រះថ្លាជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានធនធានបន្តផ្តល់សេវាមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់ក្នុងសហគមន៍ និងជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ជនងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយមានកូនច្រើន និងកុមារកំព្រា។
ថវិកា និងសម្ភារ ដែលសាខាទទួលបានពីសប្បុរសជននាពេលនេះ មានចំនួន ៨១នាក់ មានថវិកាចំនួន ២ ៨៣៣ដុល្លាអាមេរិក លុយខ្មែរ ៣.១២០.០០០រៀល និងអង្ករ ៤តោន ទឹកត្រី ៤០០យួរ មី ៤០០កេសតូច និងត្រីខ ២០កេសធំ៕