(ពោធិ៍សាត់)៖ លោក ហួត សារឹម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈកម្មកាអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានធ្វើការបានចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន៧ខ្សែ សរុបមានប្រវែង ១០៨គីឡូនិង១៦០ម៉ែត្រ និងចុះត្រួតពិនិត្យលើការងារបំពាក់ស្លាកចរាចរណ៍ តាមដងផ្លូវចំនួន ៣ខ្សែសរុបចំនួន៣១០ស្លាក នៅតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តពោធិ៍សាត់។
ក្នុងឱកាសចុះពិនិត្យវាយតម្លៃនេះ គណៈកម្មកាអន្តរក្រសួង បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវទាំងនោះដោយ លោក ហួត សារឹម បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ហើយលោកក៏បានជម្រាបជូនថា ក្រសួងអភិវឌ្ឍន៍ជនបទមានទិសដៅកម្មវិធីជាអទិភាពចំនួន ៤សំខាន់គឺ ទី១-ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍នៅជនបទ ទី២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅ របស់សហគមន៍ជនបទ មានផ្នែកសុខភាព ទឹកស្អាតនិងអនាម័យជាដើម ទី៣-ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ គឺជួយលើកម្ពស់ជីវភាពប្រជាជនតាមជនបទ ឱ្យមានជិវភាពកាន់តែប្រសើរឡើង និងទី៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ នៅទីជនបទ។
ចំពោះហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ បច្ចុប្បន្ននៅទូទាំងប្រទេសផ្លូវជនបទ សរុបប្រវែង ៥២០០០គីឡូម៉ែត្រ គឺស្ថិតក្រោមដែនសមត្ថកិច្ចនៃក្រសួងអភិវឌ្ឍន៍ជនបទ មានទាំងផ្លូវកៅស៊ូ និងផ្លូវគ្រួសក្រហម ហើយក្រសួងបាននឹងកំពុងខិតខំ លើការងារថែទាំផ្លូវទាំងនោះ ដើម្បីការប្រើប្រាស់បានយូរអង្វែង និងងាយស្រួលធ្វើដំណើរ ដោយផ្តល់អាទិភាពដល់ផ្លូវ ដែលមានចរាចរណ៍មមាញឹក និងផ្លូវសំខាន់សម្រាប់ប្រជាពលរដ្ឋ ក្នុងនោះលោកសូមឱ្យប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ ត្រូវចូលរួមជួយថែរក្សាផ្លូវទាំងអស់គ្នា កុំចាក់ដីលុបផ្លូវទឹកតាមសងខាងផ្លូវ និងសូមឱ្យអាជ្ញាធរភូមិ-ឃុំ ចូលរួមទប់ស្កាត់លើរថយន្តដឹកលើទំងន់ផងដែរ ។
គួរឱ្យដឹងដែរថា ផ្លូវកៅស៊ូ DBST ទាំង ៧ខ្សែដែលត្រូវពិនិត្យ និងវាយតំលៃលើការងារថែទាំ ក្នុងពេលនេះរួមមាន ២ខ្សែ គឺស្ថិតក្នុងស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ប្រវែងប្រមាណ ៣១គីឡូម៉ែត្រ, ៣ខ្សែស្ថិតក្នុងស្រុកបាកាន និងស្រុកភ្នំក្រវាញ ប្រវែងសរុបជិត ៤៦គីឡូម៉ែត្រ និង២ខ្សែទៀតស្ថិតក្នុងស្រុកតាលោសែនជ័យ ប្រវែងសរុបប្រមាណ ៣២គីឡូណម៉ែត្រ ចំពោះផ្លូវដែលត្រូវបំពាក់ស្លាកចរាចរណ៍ គឺ១ខ្សែស្ថិតក្នុងឃុំក្បាលត្រាច មានបំពាក់ស្លាក់ចំនួន១០០ និងផ្លូវ២ខ្សែទៀតក្នុងស្រុកភ្នំក្រវាញបំពាក់ស្លាកចំនួន ២១០ ៕