(ភ្នំពេញ)៖ អនាគតនៃប្រទេសកម្ពុជា កំពុងតែត្រូវបានរំលេចជារូបរាងថ្មី នៅក្នុងថ្នាក់រៀនទូទាំងប្រទេស តាមរយៈកម្មវិធីជាតិកុមាររៀនកុមារចេះ ដោយមានការគាំទ្រពីគម្រោងអប់រំ បរិយាបន្ននៅបឋមសិក្សា (IPEA) ក្រោមការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID។ ខេត្តតាកែវ បានក្លាយទៅជាខេត្តចុងក្រោយបំផុត ដែលបានចូលរួម ក្នុងការអនុវត្តថ្នាក់ជាតិ និងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ។
អំណានកម្រិតថ្នាក់ដំបូង ជាដំណាក់កាលចម្បងសម្រាប់កុមារ ដើម្បីឈានទៅរកភាពជោគជ័យ ដែលការដាំគ្រាប់ពូជនៃចំណេះដឹងនេះ នឹងលូតលាស់ទៅជាអនាគតដ៏ភ្លឺស្វាង។ គម្រោង IPEA គាំទ្រ កម្មវិធីជាតិ កុមាររៀនកុមារចេះ ក្នុងការបង្កើនគុណភាពនៃការអប់រំកម្រិតថ្នាក់ដំបូងសម្រាប់ កុមារគ្រប់រូប ដែលមាន និងមិនមានពិការភាព។
កិច្ចសហការ ដើម្បីឈានទៅរកការអនុវត្តថ្នាក់ជាតិ កិច្ចសហការរវាងគម្រោង IPEA ជាមួយក្រសួងអប់រំ យុវជន និងកីឡា រួមទាំងដៃគូនានា មានគោលបំណងឲ្យអនុវត្តទូទាំងប្រទេស នូវកម្មវិធីជាតិកុមារ រៀនកុមារចេះ។
គោលដៅប្រកបដោយមហិច្ឆតានេះ មិនមែនគ្រាន់ តែជាការបង្រៀនដល់សិស្សានុសិស្សកាន់តែច្រើននាក់ថែមទៀតតែប៉ុណ្ណោះទេ ថែមទាំងជាការបង្កប់នូវការអនុវត្ត និងផ្តល់នូវគុណភាពអប់រំដ៏ល្អបំផុត សម្រាប់ប្រព័ន្ធអប់រំនៅកម្ពុជា។
ដោយសហការជាមួយអាជ្ញាធរអប់រំមូលដ្ឋាន គម្រោង IPEA ធានាថាការធ្វើអន្តរាគមន៍ទាំងនេះ មាននិរន្តរភាព និងសម្របតាមតម្រូវការជាក់ស្តែង របស់សិស្សានុសិស្សនៅកម្រិតថ្នាក់ដំបូង។
កម្មវិធីកុមាររៀនកុមារចេះ រួមមាន៖ កញ្ចប់អំណានភាសាខ្មែរ ដែលបានបង្កើតឡើងប្រកបដោយសុខុដុមនីយកម្ម ដោយទីភ្នាក់ងារ ជំនួយអាមេរិក USAID សម្រាប់ការប្រើប្រាស់ទូទាំងប្រទេស និង ការកសាងសមត្ថភាព ដល់លោកគ្រូ អ្នកគ្រូ ក្នុងការប្រើប្រាស់កញ្ចប់អំណាននេះ។
អ្នកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារជំនួយអាមេរិក USAID បានលើកឡើងថា «តាងនាមឲ្យប្រជាជនអាមេរិក ទីភ្នាក់ងារជំនួយអាមេរិក USAID បាន និងកំពុងគាំទ្រអំណានកម្រិត ថ្នាក់ដំបូងនៅកម្ពុជា អស់រយៈពេលជិតមួយទសវត្សរ៍មកហើយ»។
អ្នកស្រីបន្ដថា «យើងពេញចិត្តណាស់ដែលបានដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រើប្រាស់ធនធានពីមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ និងពីភាគីពាក់ព័ន្ធដទៃទៀត ដើម្បីដាក់ឲ្យអនុវត្ត ទូទាំងប្រទេសនូវកម្មវិធីសិក្សាប្រកបដោយបរិយាបន្នមួយ ដែលមានឈ្មោះថា កម្មវិធីកុមាររៀនកុមារចេះ។ ការប្តេជ្ញាចិត្តនេះគឺជាការសន្យាដ៏មុតមាំ ក្នុងដំណើរពង្រឹងអក្ខរកម្ម នៅកម្ពុជា»។
លទ្ធផលជាវិជ្ជមាន នៃកម្មវិធីកុមាររៀនកុមារចេះ គឺមានជាក់ស្តែង។ លទ្ធផលតេស្តរង្វាយតម្លៃអំណានថ្នាក់ ដំបូង ដែលគាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID បានបង្ហាញពីការរីកចម្រើន គួរឲ្យកត់សម្គាល់ក្នុងរយៈពេលតែមួយឆ្នាំ ក្នុងចំណោមសិស្សថ្នាក់ទី៣ នៅក្នុងសាលាដែលបានអនុវត្តកម្មវិធីកុមាររៀនកុមារចេះ បើប្រៀបធៀប ទៅនឹងសិស្សដែលសិក្សា ក្នុងសាលាដែលមិនមានអន្តរាគមន៍។
ល្បឿនអំណានជាមធ្យមរបស់សិស្សថ្នាក់ទី៣ បានកើនឡើងពី ៣២ ទៅ៥០ ពាក្យ ក្នុងមួយនាទី ខណៈដែលពិន្ទុនៃការអានយល់ន័យ របស់សិស្សកើនឡើងជិតទ្វេដង ពី ៣២ ទៅ ៥៧ ភាគរយ។
លោកបណ្ដិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានថ្លែងថា «ការកើនឡើងទ្វេដងនៃការអានយល់ន័យ របស់សិស្សនៅគ្រប់សាលាបឋមសិក្សា នៅខេត្តកំពង់ឆ្នាំង បន្ទាប់ពីការអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ទី៣របស់យើង បង្ហាញពីការប្ដេជ្ញាចិត្តក្នុងការជំរុញឲ្យមានការធានា បានគុណភាពនៃការអប់រំនៅទូទាំងកម្ពុជា»។
ការអភិវឌ្ឍគ្រូបង្រៀន និងការផ្តល់អត្ថប្រយោជន៍ដល់សិស្សគ្រូបង្រៀនគឺបេះដូងនៃការអប់រំ។ ដោយហេតុនេះ គម្រោង IPEA ផ្តោតសំខាន់លើការបណ្តុះបណ្តាល និងការអភិវឌ្ឍគ្រូបង្រៀន។
ការផ្តល់នូវវិធីសាស្ត្រ បង្រៀនថ្មីៗ ដល់លោកគ្រូអ្នកគ្រូ និង ការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីការអប់រំបរិយាបន្ននេះ ធានាថាគ្រូមិនត្រឹមតែជាគ្រូបង្រៀន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នក គាំពារសិទ្ធិរបស់សិស្សទាំងអស់ ឲ្យទទួលបានឱកាសសិក្សាផងដែរ។
ដោយមានការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID គ្រូបង្រៀនប្រមាណ ៦,៤០០នាក់ បានទទួលការបណ្តុះបណ្តាលអំពីវិធីសាស្រ្តបង្រៀន សម្រាប់ថ្នាក់ទី១ និងថ្នាក់ទី២។ បន្ថែមពីនេះ កញ្ចប់អំណានសម្រាប់ថ្នាក់ទី៣ ទើបត្រូវបានអនុម័តថ្មីៗនេះ សម្រាប់ការប្រើប្រាស់ ទូទាំងប្រទេស។ គ្រូបង្រៀនដែលទទួលបានការបណ្តុះបណ្តាលទាំងនេះ បានបង្រៀនដល់សិស្សជាង ២០៤,០០០នាក់។
រហូតមកទល់បច្ចុប្បន្ននេះ ក្នុងភាពជាដៃគូជាមួយក្រសួង និងម្ចាស់ជំនួយដទៃទៀត កម្មវិធីអំណានកម្រិតថ្នាក់ ដំបូងនៃទីភ្នាក់ងារជំនួយអាមេរិក USAID បានអនុវត្តដោយសាលា បឋមសិក្សាចំនួន៥,៨៧៣សាលា ផ្តល់អត្ថប្រយោជន៍ដល់គ្រូបង្រៀនប្រមាណ២១,០០០នាក់ និងសិស្សជាង៨៥០,០០០នាក់ នៅក្នុងសាលាបឋមសិក្សាសាធារណៈទាំងអស់ ពីចំនួន២២ខេត្ត នៃខេត្តសរុបទាំង២៥ របស់កម្ពុជា។
គម្រោង IPEA ប្រើវិធីសាស្ត្រចម្រុះទៅលើការអប់រំកម្រិតថ្នាក់ដំបូង ដោយរួមបញ្ចូលការគាំទ្រការប្រឹក្សា គរុកោសល្យ និង ការគ្រប់គ្រងតាមសាលារៀន ដោយទទួលស្គាល់ថាការអប់រំដែលមានប្រសិទ្ធភាព មាន វិសាលភាពហួសពីសកម្មភាពក្នុងថ្នាក់រៀន។
តាមរយៈការប្រឹក្សាគរុកោសល្យ គ្រូបង្រៀនទទួលបានការណែនាំ និងធនធានដ៏សំខាន់ដើម្បីកែលម្អការបង្រៀន ដោយបង្កើតបរិយាកាសឲ្យគ្រូបង្រៀនអាចបន្ត ការអភិវិវឌ្ឍជំនាញរបស់ពួកគេ។
ដោយមានកិច្ចសហការជាមួយក្រសួង និងដៃគូអភិវឌ្ឍន៍នានា និងការគាំទ្រ ពីគម្រោង IPEA ទីប្រឹក្សាគរុកោសល្យជំនាញចំនួន៣២៧៧នាក់ នៅក្នុងខេត្តចំនួន១៥ ត្រូវបានជ្រើសរើស និងទទួលបានការបណ្តុះបណ្តាលជំនាញ។
ជាមួយគ្នានេះដែរ ការគ្រប់គ្រងតាមសាលារៀនផ្តល់អំណាចដល់សាលា ក្នុងការគ្រប់គ្រងដំណើរការអប់រំរបស់ ពួកគេ ជំរុញឲ្យមានដំណោះស្រាយ ដែលសមស្របទៅនឹងតម្រូវការជាក់លាក់របស់សិស្ស ។ ចាប់តាំងពីឆ្នាំ ២០២១មក គម្រោង IPEA បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ សាកល្បង និងអនុវត្តកិច្ចការនេះ នៅខេត្តកំពង់ឆ្នាំង។
មកទល់បច្ចុប្បន្ននេះ គណៈកម្មាធិការគ្រប់គ្រងសាលារៀន ចំនួន១,០៩៣ និង គណៈកម្មាធិការគ្រប់គ្រងថ្នាក់រៀនចំនួន៧,៩០៥ត្រូវបានបង្កើតឡើងតាមរយៈការបោះឆ្នោតនៅសាលា បឋមសិក្សាចំនួន១,០៩៤ នៃខេត្តកំពង់ឆ្នាំង ស្វាយរៀង និងព្រៃវែង៕