(ភ្នំពេញ)៖ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត រស់នៅក្នុងសហគមន៍ចំនួន១០ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រួមមានសហគមន៍អណ្តូង១, សហគមន៍អណ្តូង២, សហគមន៍អណ្តូង៣, សហគមន៍អណ្តូង៤, សហគមន៍អណ្ដូង៥, សហគមន៍អណ្ដូង៦, សហគមន៍ស្វាយចេកថ្មី, សហគមន៍ត្រពាំងសំព័រថ្មី, សហគន៍ជ្រេសថ្មី និងសហគមន៍ខ្មែរលើថ្មី បានទទួលអំណោយសម្រាលការលំបាក ពីកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។
ដោយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់អំណោយដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍អណ្ដូង ៤ និងអណ្ដូង៦ ដែលមានប្រជាជនចំនួន ៥០៨គ្រួសារ និងនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ បានផ្ដល់អំណោយសម្រាលការលំបាក ដល់ប្រជាពលរដ្ឋចំនួន ៨សហគមន៍ទៀត សរុបចំនួន ៧០៤គ្រួសារ ដែលប្រព្រឹត្ដទៅនៅក្នុងបរិវេណវត្ដឈូកវ៉ា ក្រោមអវត្ដមានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។
ការផ្ដល់អំណោយសម្រាលការលំបាកខាងលើនេះ គឺឆ្លើយតបតាមសំណូមពរ របស់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌព្រែកព្នៅ ដែលបានគោរពរាយការណ៍ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺតែងតែនៅជាប់ជាមួយនឹងប្រជាពលរដ្ឋគ្រប់ពេល ពិសេសពេលពលរដ្ឋមានទុក្ខលំបាកខ្វះខាត និងជួបនឹងបញ្ហាប្រឈមនានា រួមទាំងគ្រោះមហន្ដរាយធម្មជាតិផ្សេងៗ វត្ដមានរបស់អ្នកម្ដាយ គឺជាការផ្ដល់ក្ដីសង្ឃឹម ប្រកបដោយក្ដីមេត្ដា ករុណា ពោរពេញទៅដោយភាពកក់ក្ដៅ សណ្ដោសប្រណីឱ្យពលរដ្ឋរួចផុតពីទុក្ខវេទនា ដោយជួយជាសម្រាលការលំបាកទាំងផ្លូវចិត្ដ និងជីវភាព តាមរយៈអញ្ជើញចុះមកសួរសុខទុក្ខផ្ទាល់ និងចាត់តំណាងនាំយកអំណោយ ជាថវិកា ស្បៀង សម្ភារៈ ឬសាងសង់ផ្ទះសម្បែងជាដើម ជូនដល់ប្រជាជនងាយររងគ្រោះបំផុត ដូចជាចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយកូនច្រើនជាបន្ទុក និងកុមារកំព្រារជាដើម។
ជាក់ស្ដែងប្រជាពលរដ្ឋងាយរងគ្រោះ ដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោកស្រី ម៉ែន នារីសោភ័គ ចុះមកសួរសុខទុក្ខដោយផ្ទាល់ និងផ្ដល់អំណោយសម្រាលការលំបាកនេះ គឺសុទ្ធតែជាប្រជាពលរដ្ឋដែលស្ម័គ្រចិត្ដចេញពីតំបន់ផ្សេងៗ ដូចជាតាមមាត់ទឹក តំបន់ដែលមិនរៀបរយ ឬសំបុកចាបជាដើម ហើយត្រូវប្ដូរកន្លែងមកស្នាក់អាស្រ័យនៅក្នុងសង្កាត់គោករកានេះ កាលពីកំលុងឆ្នាំ២០០៦មកម្លេះ។
លោកស្រីបន្ដថា «ប្រជាពលរដ្ឋយើងនៅទីនេះ ភាគច្រើនមានមុខរបរជាកម្មករ កម្មការិនី អ្នកខ្លះជាអ្នកលក់ លៀសហាល ខ្ចៅស្ងោរ លក់ដូរតិចតួចនៅតាមផ្ទះ និងប្រកបមុខរបបជាអ្នករើសអេតចាយ»។
ក្នុងឱកាសសំណេះសំណាលនេះ លោកស្រីអគ្គលេខាធិការរងទី១ ក៏បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យយល់ច្បាស់ពីតម្លៃនៃសន្តិភាព បើទោះបីជាយើងមានការលំបាកខាងផ្នែកជីវភាពក៏ដោយ ក៏យើងមានឱកាសរស់នៅក្រោមម្លប់សុខសន្តិភាព មិនដូចនៅតាមបណ្តាប្រទេសមួយចំនួន ដែលមានប្រជាជន កុមារតូចជាច្រើន បាននិងកំពុងរត់ភៀសខ្លួនពីភ្លើងសង្គ្រាមនោះឡើយ។
ក្នុងឱកាសសំណេះសំណាលនេះដែរ លោកស្រីបានផ្ដល់សារអប់រំជុំវិញសុខភាព រួមទាំងសុខភាពផ្លូវចិត្ដផងដែរ ក្រៅពីបញ្ហាជំងឺឆ្លងនិងជំងឺមិនឆ្លងនានា ជាពិសេសជំរុញលើកទឹកចិត្ដដល់ពួកគាត់ ត្រូវជំរុញឱ្យកុមារ ឬកូនចៅបានទៅសិក្សារៀនសូត្រឱ្យបានគ្រប់ៗគ្នា ដើម្បីចៀសផុតពីការភាពអវិជ្ជា មានការងារធ្វើ មានប្រាក់ចំណូលគ្រប់គ្រាន់ផ្គត់ផ្គង់ជីវភាព កាត់បន្ថយភាពក្រីក្រ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍នេះ បានសម្ដែងការសប្បាយរីករាយ និងត្រេកអរជាខ្លាំង ដែលទទួលបានការយកចិត្ដទុកដាក់ ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានថ្លែងគោរពដឹងគុណ និងសូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ដប្រកបដោយព្រហ្មវិហារធម៌ របស់មាតាមនុស្សធម៌។ ទន្ទឹមនឹងនេះ ក៏បានថ្លែងអំណរគុណសុខសន្តិភាព ជាពិសេសសូមចូលរួមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះផងដែរ។
គ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ១០០,០០០រៀល។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋក្រីក្រជួបការលំបាករស់នៅសង្កាត់គោករកាទាំងមូល ទទួលបាននូវប័ណ្ណសមធម៌ក្រីក្រក្នុងកញ្ចប់គ្រួសារ ដែលមានប្រាក់ឧបត្ថម្ភប្រចាំខែរបស់រដ្ឋ និងសម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃផងដែរ៕