(ស្វាយរៀង)៖ ​ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត និងពុទ្ធបរិស័ទជាច្រើនទៀត បានធ្វើដំណើររួមគ្នា នាំយកទេយ្យទាន និងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃ​ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ ចំនួន១២វត្ត​ក្នុងថ្ងៃតែមួយ ដើម្បីចូលរួមធ្វើមហាកុសលដ៏ធំស្របតាម ប្រពៃណីព្រះពុទ្ធសាសនា​។​ ចាត់​ទុក​ថា​ ជា​ឱកាស​ពិសេស​​រហូត​អាច​ថា ​ជា​យុ​ទ្ធ​នា​ការ​​បិណ្ឌ​កម្រ​បាន​ជួប ​ព្រោះតែ​១​ថ្ងៃ​ បាន​ចូល​ដាក់​បិណ្ឌ​ដល់​​ទៅ​១២​វត្ត​ ធ្វើ​ឲ្យ​ម្ចាស់​ទាន​ មាន​ទឹកចិត្ត​ជ្រះថ្លា​ ជា​ពន់ពេក​ ។

​​​ក្នុង​ពិធី​នោះ ​អ្វី​ដែល​បាន​បង្ហាញ​ពី​ស​ភាព​ពិសេស​ប្លែក​ គឺ​ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ​ កម្មវិធី​បាន​រៀបចំ​សម្រេច​គោល​​ដៅ​​ដាក់​បិណ្ឌ​តាម​វត្ត​ នៅ​តាម​ភូមិ-​ឃុំ​នានា​ រហូត​បាន​ដល់​ចំនួន​១២​វត្ត​ សមតា​ម​គោលដៅ​មិន​ឲ្យ​បងប្អូន​ពុ​ទ្ធ​​បរិស័ទ​ មាន​ភាព​ខ្វះខាត​ និង​ចន្លោះ​ចង្ហាន់​​ឡើយ​ ។​

លើស​ពី​នេះ​ យើង​សង្កេត​ឃើញ​ថា​ ទាំង​១២​វត្ត​​នា​ខេត្តស្វាយរៀង ​មាន​វត្ត​ខ្លះ​ទ្រុឌទ្រោម​ តាម​ផ្នែក​ខ្លះ ​និង​ខ្លះ​ខ្វះ​អណ្តូងទឹក ក៏​​ត្រូវ​បាន​ម្ចាស់​ទាន​ជួយ​ឧបត្ថម្ភ​ តាម​​សទ្ធា​​ជ្រះថ្លា​ ចេញពី​ចិត្ត​ជួយ​កសាង​ធ្វើ​ឲ្យ​ព្រះសង្ឃ​ មានចិត្ត​ត្រេកអរ​ផង​ដែរ ​ក្រោយ​ម្ចាស់​ជំនួយ​បើក​ចិត្ត​ទូលាយ​ ។

ព្រះ​តេជគុណ នី សុវណ្ណ​មុនី​រ៉េ​ត ​គង់នៅ​កុដិ​លេខ​២៤ ​នៃ​វត្ត​នាគ​វ័ន្ត​រាជធានី​ភ្នំពេញ​ ដែល​បាន​រៀបចំ​កម្មវិធី​បិណ្ឌ​ទី​៦​ នា​ខេត្ត​ស្វាយរៀង​ ​បាន​មាន​សង្ឃដីកា​ថា ​ថ្ងៃនេះ​ព្រះ​អង្គ​ និង​​លោក​ស្រី សៀង ចាន់​ ហេង ​បាន​រៀបចំ​បណ្តា​ចង្ហាន់​ជា​ច្រើន ​និង​ទេយ្យ​វត្ថុ​មាន​ជា​គ្រឿង​ ឧបភោគបរិភោគ​មួយ​ចំនួន​ យក​មក​វេ​ប្រគេន​ជូន​ព្រះសង្ឃ​យាយជី​តាជី​ គង់​តាម​បណ្តា​វត្ត​ជា​ច្រើន​ នា​ខេត្តស្វាយរៀង​ ។​

តាម​ទិស​ដៅ​ក្រុមការងារ​ បាន​ដាក់ចិត្ត​ដាក់​កាយ​ធ្វើ​យ៉ាងណា ​ខិតខំ​សម្រេច​គោលដៅ​​ដាក់​បិណ្ឌ​ឲ្យ​បាន​១២​វត្ត​ នៅ​តំបន់​នេះ ​យោង​លើ​ផ្លូវ​ឆ្ងាយ​ និង​មាន​ចំនួន​ពុ​ទ្ធបរិស័ទ​​ ទៅ​មិន​បាន​ច្រើន​គ្នា ​។​ ម៉្លោះហើយ​ គួប​ផ្សំ​នៅ​ខេត្តស្វាយរៀង​នេះ​ ជា​ទឹកដី​កំណើត​របស់​ព្រះ​អង្គ​ផង ​ទើប​រៀបចំ​ក្នុង​ឱកាស​​ថ្ងៃ​កាន់បិណ្ឌ​ នា​រដូវ​ភ្ជុំបិណ្ឌ​នេះ​តែ​ម្តង​​។

​ព្រះ​គ្រូ​ដែល​តែងតែ​​រំលេច ​ការ​ចែកទាន​មិន​ប្រកាន់​ជន​ទី​ទ័លក្រ​ បាន​បន្ត​ទៀត​ថា ​ជាល​ទ្ធ​ផល ​គឺ​យើង​ទទួល​បាន​ជោគជ័យ​ ជា​ស្ថាពរ​តាម​គោលដៅ​ ហើយ​ញាតិ​ញោម​​ ក៏​​ពេញចិត្ត​ទាំងអស់​គ្នា​ គ្រា​អំណោយ​ជា​ច្រើន​បាន ​ទៅ​ដល់​ដៃ​ប្រជាជន ​និង​ព្រះសង្ឃ​ទោះ​ផ្លូ​វ​លំបាក​​ពី​ភូមិ​មួយ ​ទៅ​ភូមិ​មួយ ​។ ​អ្វី​កាន់តែ​ពិសេស​ គឺ​អាកាសធាតុ​ គឺ​អំណោយផល​ណាស់​​ ដូច​បុណ្យ​ជួយ​វិញ​ គឺ​មិន​មាន​ភ្លៀង​រហូត​ទាល់ តែ​អស់កម្ម​វិធី​ ទើប​ព្រះ​ភិ​រុណ​បង្អុរ​មក​យ៉ាង​ ជោគ​ជាំ​តែ​ម្តង​។

គួរ​បញ្ជាក់​​ថា​ វត្ត​ទាំង​១២​​ ក្នុងខេត្តស្វាយរៀង​ ដែល​ពុ​ទ្ធបិ​ស័​ទ​ទាំងអស់​រួម​គ្នា​​ ចូលរួម​មាន​វត្ត​ស្វាយ​ជ្រំ, វត្ត​ស្វាយ​ព្រហូត , វត្ត​ចារ, វត្ត​ស្វាយ​ផ្អែម, វត្ត​ស្វាត​ស​ណ្តោ​ត, វត្ត​សូរ, វត្ត​ប​ល្ល័​ង​ជា, វត្ត​ប្រាសាទ​ (​ក្តី​ស្លា​), វត្ត​ព្រៃ​បន្ទាយ, វត្ត​អង្គ​រស, វត្ត​ឈូក​មាស និង​វត្ត​ស្វាយ​យាជាដើម៕