(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យ លោក អែនឌ្រូ ហឺរ៉ាប់ ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។
លោក អែនឌ្រូ ហឺរ៉ាប់ បានថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជា ដែលផ្តល់កិច្ចសហការបានយ៉ាងល្អ ជាមួយតំណាងស្ថាប័នអនុវត្តច្បាប់ របស់ភាគីអាមេរិក អមស្ថានទូតប្រចាំនៅកម្ពុជា លើការងារមាតុភូមិនិវត្តន៍ពលរដ្ឋកម្ពុជា សញ្ជាតិអាមេរិក និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការងារស្វែងរកមុខសញ្ញាប្រព្រឹត្តបទល្មើសជនជាតិអាមេរិក ដែលរត់គេចខ្លួន និងបានថ្លែងអំណរគុណ ដល់នគរបាលជាតិកម្ពុជា ដែលបានផ្តល់កិច្ចការពារសន្តិសុខបានយ៉ាងល្អ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់អាមេរិក ក្នុងកំឡុងពេលមកបំពេញទស្សនកិច្ច ឬចូលរួមកិច្ចប្រជុំនៅក្នុងប្រទេសកម្ពុជា។
បន្ថែមពីនេះ ភាគីអាមេរិកក៏បានពិភាក្សាការងារមួយចំនួន ពាក់ព័ន្ធការទប់ស្កាត់ប្រយុទ្ធប្រឆាំងបទល្មើសឆបោក តាមប្រព័ន្ធអនឡាញ ដែលកំពុងមានការកើនឡើងទាំងក្នុងតំបន់ និងទាំងក្នុងសកលលោក។ ភាគីអាមេរិក ក៏បានសន្យាចូលរួមចំណែកជាមួយនគរបាលជាតិកម្ពុជា ក្នុងការបង្កើនកិច្ចសហការដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេតក្នុងការស្វែងរកជនសង្ស័យ ដែលប្រព្រឹត្តបទល្មើស ដើម្បីប្រមូលភស្តុតាងកសាងសំណុំរឿងផ្តន្ទាទោសជនល្មើស និងបណ្តាញពាក់ព័ន្ធទៅតាមផ្លូវច្បាប់។
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្វាគមន៍ចំពោះវត្តមានរបស់លោក អែនឌ្រូ ហឺរ៉ាប់ និងសហការី ដែលបានចំណាយពេលវេលាដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារនៅពេលនេះ។ នាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់នគរបាលជាតិកម្ពុជា ជាមួយតំណាងស្ថាប័នអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក អមស្ថានទូតប្រចាំនៅកម្ពុជា មានដូចជា ៖ ក្រុមការងារ Task Force FBI DEA HSIជាដើម។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានបន្តថា បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាប្រឈមជាសកលដែលគ្រប់បណ្តាប្រទេសទាំងអស់ នៅក្នុងពិភពលោកត្រូវរួមគ្នា ក្នុងការដោះស្រាយ និងប្រយុទ្ធប្រឆាំងបទល្មើសនេះ។ នាយឧត្តមសេនីយ៍ ស ថេត ក៏បានឯកភាព និងគាំទ្រចំពោះការបង្កើនកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសខាងលើនេះ និងបានស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់ អនុវត្តទៅស្របតាមខ្លឹមសារនៃអនុស្សារណៈនៃការយោគយល់គ្នាដែលមានស្រាប់។
នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា នគរបាលជាតិកម្ពុជាត្រៀមសហការជាមួយភាគីអាមេរិក លើការងារផ្លាស់ប្តូរព័ត៌មានដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេតរកពលរដ្ឋអាមេរិកដែលប្រព្រឹត្តបទល្មើស ហើយរត់គេចខ្លួនមកនៅកម្ពុជា។ នាយឧត្តមសេនីយ៍ បានស្នើឲ្យភាគីទាំងពីររួមគ្នាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលនាំឲ្យមានបទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ តាមរយៈការជួយសង្គ្រោះជនរងគ្រោះ ការស៊ើបអង្កេត និងបង្ក្រាបខ្សែរយៈបណ្តាញដើម្បីធ្វើការអនុវត្តតាមផ្លូវច្បាប់។
ភាគីនគរបាលជាតិកម្ពុជា និងអាមេរិក បានឯកភាពគ្នាទៅលើការបង្កើនកិច្ចសហប្រតិបត្តិការលើការងារបណ្តុះបណ្តាល បង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងនិន្នាការប្រែប្រួលនៃបទល្មើស៕