(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី អ៊ូឃូ ខូចាអេសហ្វ៊េ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ ស ថេត និងលោកស្រី អ៊ូឃូ ខូចាអេសហ្វ៊េ បានឯកភាព និងសន្យាបន្តរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ជាងនេះទៅទៀត ភាគីទាំងពីរឯកភាព ក្នុងការផ្តល់វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីទៅតាមជំនាញជាអាទិភាពមានដូចជា៖ ការប្រឆាំងអំពើភេរវកម្ម ការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញជាដើម។
បន្ថែមលើកិច្ចសហការប្រតិត្តិការខាងលើនេះ ភាគីទាំងពីរកម្ពុជា-តួកគី ក៏បានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តការនេះ ឲ្យកាន់តែរឹងមាំបន្ថែមទៀត ដោយឈរលើគោលការណ៍សមភាព គោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក និងជួយគាំទ្រគ្នាយ៉ាងពេញទំហឹងនៅលើវេទិការអន្តរជាតិសំខាន់ៗផងដែរ៕