(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា បានសហការជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំកម្ពុជា ព្រមទាំងភ្នាក់ងាររុករកលំហអាកាសជប៉ុន (JAXA) រៀបចំ «សន្និសីទស្តីពីការបង្កើតកិច្ចសហការរួមគ្នាកម្ពុជា-ជប៉ុន ចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូននៅកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងសំហរអាកាសទំនើបចុងក្រោយបំផុត របស់ប្រទេសជប៉ុន» នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ។
សន្និសីទនេះ ធ្វើឡើងក្នុងគោលបំណង បង្កើនការយល់ដឹងដល់ធុរជន តាមរយៈបច្ចេកវិទ្យា និងបង្កើននូវឱកាសអាជីវកម្មថ្មីៗ ដើម្បីបង្កើតប្រភពចំណូលមួយផ្សេងទៀត តាមរយៈការលក់ឥណទានកាបូន និងពង្រីកអាជីវកម្ម តាមរបៀបបៃតង និងនិរន្តរភាព។
លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានថ្លែងថា បន្ទាប់ពីគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានចូលរួមអមដំណើរ សម្តេចធិបតីក្នុងដំណើទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុន កាលពីចុងឆ្នាំ២០២៣រួចមក សមាគមឧកញ៉ាកម្ពុជា បានបន្តធ្វើការ ជាមួយភាគីជប៉ុនជាហូរហែ។
លោកអ្នកឧកញ៉ាមានប្រសាសន៍ថា ការធ្វើធុរកិច្ចបៃតង និងឥណទានកាបូន នៅប្រទេសជប៉ុន ជាដែលនឹងត្រូវយកមកអនុវត្តកម្ពុជា នឹងជួយប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសឈានមុខគេ ក្នុងតំបន់ក្នុងការធ្វើធុរកិច្ចបៃតង និងឥណទានកាបូននេះ។ ដូច្នេះការ ត្រៀមខ្លួនរួចជាស្រេច និងការចូលរួមអនុវត្តរបស់ធុរជនទាំងពីរប្រទេស នឹងធ្វើឱ្យកិច្ចការនេះទទួលបាន ជោគជ័យដូចការគ្រោងទុក។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិនជាតិ-អន្តរជាតិទាំងអស់ ដែលមានបំណងជួយឱ្យកម្ពុជាមានភាពស្អាត កម្ពុជាមានភាពបៃតង និងរក្សាបានភាពស្អាត និងភាពបៃតងនេះជារៀងរហូតទៅ។
លោកបន្ថែមថា ការនាំមកនូវបច្ចេកវិទ្យា គឺជាកត្តាជំរុញឱ្យល្បឿននៃការវិនិយោគវិវឌ្ឍទៅបានលឿន និងឆាប់រហ័ស ប៉ុន្តែយ៉ាងណាត្រូវតែគិតមុនគេទៅដល់ប្រាក់ចំណូល និងផលប្រយោជន៍របស់ប្រជាកសិករខ្មែរ។
សូមជម្រាបផងដែរថា ចាប់ពីថ្ងៃទី៦-៧-៨ ខែសីហា ឆ្នាំ២០២៤ នេះ គណៈប្រតិភូជប៉ុនចំនួន ២៤រូប ដែលអញ្ជើញមកបំពេញ ទស្សនកិច្ចធុរកិច្ចនៅកម្ពុជា ចូលជួបសម្តែងការគួរសម សម្តេចធិបតីនាយករដ្ឋមន្ត្រី និងទស្សកិច្ចសិក្សានៅរោងចក្រនិងចំការអំពៅ ក្នុងខេត្តកំពង់ស្ពឺ, រោងចក្រ ខ្មែរ ប៊ែវើរីជីស ក្នុងទីក្រុង ភ្នំពេញ និងកសិដ្ឋានផលិតស្រូវ និងជីកំប៉ុស្តិ៍ ក្នុងខេត្តព្រៃវែងផងដែរ៕