(ភ្នំពេញ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិចិនម្នាក់ រឹបអូសបានថ្នាំញៀនជាង ១៨គីឡូក្រាម។
ប្រតិបត្ដិការនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១០៖៤០នាទី កម្លាំងជំនាញ (ក.៣) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ ស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀន ស្ថិតនៅ០២គោលដៅ៖ គោលដៅទី១ នៅចំនុចខាងមុខសណ្ឋាគារកាហ្សា ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី២ នៅចំណុចខុនដូរមួយកន្លែង ផ្លូវ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សម្រាប់លទ្ធផលនៃការបង្ក្រាបនោះ កម្លាំងជំនាញបានចាប់ខ្លួនជនល្មើស ១នាក់ ឈ្មោះ ឆឹង ជីហ្សាំង (TSENG CHIH HSIANG) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និងចាប់បានវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ជាង ១៨១០៦ ក្រាម និងសារធាតុគីមីផ្សំទម្ងន់សរុប ៩៥២ក្រាម។ វត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ១៨១០៦ ក្រាម (១៨គីឡូ ១០៦ក្រាម)។
បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ កម្លាំងជំនាញបន្តសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវតាមចាប់ខ្លួន មុខសញ្ញាពាក់ព័ន្ធ ព្រមទាំងស៊ើបអង្កេតស្វែងរកទ្រព្យសម្បត្តិទាំងឡាយ ដែលជាផលនៃបទល្មើស។
សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀនប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន។
ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។
ជាការគត់សម្គាល់ រយៈពេល៧ខែដើមឆ្នាំ២០២៤នេះ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានបទល្មើសគ្រឿងធំៗជាច្រើនករណី ដែលឧក្រិដ្ឋជនដឹកជញ្ជូន រក្សាទុក ក្នុងបរិមាណជាង៥តោន និងបានឃាត់ខ្លួនជនល្មើសជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕