(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹងស្តីពី ការដាក់ QR Code ស្តង់ដារ ដែលអាចផ្ទៀងផ្ទាត់បានតាម ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នៅលើវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម (Certificate of Incorporation)។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤។
សេចក្ដីជូនដំណឹងបានឱ្យដឹងថា ក្រសួងទាំងពីរសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនូវ QR Code ស្តង់ដា នៅលើ វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម (Certificate of Incorporation) ចេញដោយក្រសួងពាណិជ្ជកម្ម ដែលអាចផ្ទៀងផ្ទាត់បានតាម ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ គឺជាការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យបានទូលំទូលាយក្នុងការផ្តល់
សេវាសាធារណៈ ឱ្យកាន់តែមានភាពងាយស្រួល ល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងមុំទី១ នៃបញ្ចកោណទី៥ របស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការដាក់ QR Code ស្តង់ដា នៅលើ វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម (Certificate of Incorporation) ដែលអាចផ្ទៀងផ្ទាត់បានតាម ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នឹងផ្តល់ភាពងាយស្រួលដល់ធុរជន និងសាធារណជនទាំងអស់ ធ្វើការផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវនៃឯកសារ ដោយគ្រាន់តែប្រើប្រាស់ម៉ាស៊ីនថតរបស់ឧបករណ៍ឆ្លាតវៃក្នុងការស្កេន QR Code តែប៉ុណ្ណោះ។
ផ្អែកតាម មាត្រា៦ នៃអនុក្រឹត្យលេខ៥២ អនក្រ.បក ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ស្ដីពីការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ឯកសារដែលដាក់បញ្ចូល QR Code ស្តង់ដា គឺអាចប្រើជាផ្លូវការបាន ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។
សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវ័ត្តកម្មឌីជីថល ស្រូបតាមឧត្តមានុវត្តជាអន្តរជាតិ។
ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាលនេះ ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដារដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង៖