(ព្រះសីហនុ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញពីសារៈសំខាន់របស់កំពង់ផែស្វយ័តខេត្តព្រះសីហនុ និងព្រែកជីហ្វូណនតេជោ ដែលអាចជំរុញនូវការនាំចេញកសិផលរាយរបស់កម្ពុជា កាន់តែច្រើន ជាពិសេសកាត់បន្ថយការចំណាយថ្លៃដឹកជញ្ជូន ដើម្បីប្រកួតប្រជែងជាមួយទំនិញបរទេស។
ក្នុងឱកាសចុះទស្សនកិច្ចកំពង់ផែស្វយ័តខេត្តព្រះសីហនុ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤, លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងថា៖ «កំពង់ផែស្វយ័តខេត្តព្រះសីហនុ គួរតែធ្វើការអភិវឌ្ឍឱ្យបានលឿន ដើម្បីជំរុញឱ្យការនាំចេញសមត្ថភាពផែ និងការប្រកួតប្រជែងផែ ថ្លៃដើមក្នុងការដឹកជញ្ជូននេះមានការធ្លាក់ចុះទាបជាងនេះ»។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបន្តថា កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់គាំទ្រព្រែកជីកហ្វូណនតេជោ ដែលទើបបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
«ខ្ញុំបានឃើញថា ព្រែកជីកហ្វូណនតេជោ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល៤ឆ្នាំទៀត ខណៈពេលដែលផែក៏ត្រូវបានបញ្ចប់នៅក្នុងឆ្នាំ២០២៨ ដែលដំណាក់កាលទី២ ដូច្នេះ ខ្ញុំយល់ថា គឺជាការឆ្លើយតបរវាងការអភិវឌ្ឍកំពង់ផែ ជាមួយនឹងព្រែកជីកហ្វូណនតេជោ ដើម្បីជំរុញការនាំចេញរបស់កម្ពុជា ដែលធ្វើឱ្យយើងអាចដាក់កុងតឺន័រឆ្លងកាត់រហូតដល់២លានកុងតឺន័របាន នៅក្នុងឆ្នាំ២០២៨ និងឆ្នាំ២០២៩»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់បណ្ឌិត គី សេរីវឌ្ឍន៍។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបង្ហាញការយល់ឃើញថា ជាមួយនឹងផលចំណេញលើផ្នែកដឹកជញ្ជូនទំនិញនេះ កំពង់ផែស្វយ័តខេត្តព្រះសីហនុនេះ ត្រូវតែជំរុញការឱ្យបានលឿន ពីព្រោះកំពង់ផែស្វយ័តខេត្តព្រះសីហនុនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ឧស្សាហកម្មរបស់កម្ពុជា ជាពិសេសការនាំចេញ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបន្ថែមថា៖ «ព្រែកជីកហ្វូណនតេជោ បើសិនជាយើងមើលអំពីការតភ្ជាប់មកកាន់កំពង់ផែយើង យើងឃើញថាមានសារៈសំខាន់មួយទៀត គឺសម្រាប់បង្ហូរកសិផលរបស់កសិករ ដែលអាចហូរតាមទន្លេសាប ទន្លេមេគង្គ នឹងចុះមកដល់កំពង់ផែតែម្តង ហើយពិតជាមានសារៈសំខាន់ការដឹកជញ្ជូនកសិផលយើង តែនៅពេលដែលព្រែកជីកហ្វូណនតេជោ អាចធ្វើរួចរាល់សមត្ថភាពផែព្រះសីហនុ អាចពង្រីកបាន ក៏ដូចជាផែនានារបស់ប្រទេសកម្ពុជា អាចនឹងរួមចំណែកក្នុងការនាំចេញកសិកផលជាទំនិញរាយ ជាចៀសជាង ដាក់ទូកុងតឺន័រ»។
គួរឱ្យដឹងថា កំពង់ផែទឹកជ្រៅដំបូងបង្អស់របស់ខេត្តព្រះសីហនុនឹងបញ្ចប់ការសាងសង់នៅដំណាច់ឆ្នាំ២០២៦ និងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនៅខែមីនា ឆ្នាំ ២០២៧។ កំពង់ផែទឹកជ្រៅនេះដែលមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៤ម៉ែត្រកន្លះ អាចឱ្យកប៉ាល់ខ្នាតធំដែលអាចផ្ទុកកុងតឺន័ររហូតដល់ជាង ៤ពាន់កុងតឺន័រចូលចតបាន។ កំពង់ផែនេះនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនរបស់កម្ពុជាទាបជាងមុនប្រហែល២០០ដុល្លារក្នុងមួយកុងតឺន័រ។ កំពង់ផែនេះមានតម្លៃប្រមាណ ២០០លានដុល្លារ ដែលជាប្រាក់កម្ចីពីជប៉ុន។ នៅពេលកំពង់ផែនេះដំណើរការ កម្ពុជាអាចដឹកទំនិញទៅទីផ្សារសកល និងនាំចូលទំនិញពីបរទេស បានដោយមិនបាច់ឆ្លងកាត់វៀតណាមដូចពេលបច្ចុប្បន្ននេះទេ។
ការគ្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ ជំហានទី២ និង ជំហានទី៣ គឺធ្វើឡើងដើម្បីវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជាកាន់តែរីកចម្រើនហើយក៏ដើម្បីចូលរួមគាំទ្រគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ កំពង់ផែស្វយ័តខេត្តព្រះសីហនុគ្រោងនឹងអភិវឌ្ឍនិងពង្រីកបន្ថែមនូវសមត្ថភាពកំពង់ផែផងដែរ។
ដោយឡែកសម្រាប់ព្រែកជីកហ្វូណនតេជោ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ។ គ្រោងនេះ ចំណាយថវិកាសរុបប្រមាណ ១,៧០០លានដុល្លារអាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer) ដែលមានទីតាំងចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយតាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ ១លាន ៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ។
ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ ហើយសម្រាប់ជម្រៅនាវា ៤,៧ម៉ែត្រ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធ មានសន្ទះផ្លូវនាវាចរណ៍ ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ។ ដោយគ្រោងសាងសង់ប្រើប្រាស់ពេលវេលាចំនួន ០៤ឆ្នាំ នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
ព្រែកជីកប្រវត្តិសាស្រ្តនេះ បានផ្តល់អត្ថប្រយោជន៍លើវិស័យដឹកជញ្ជូន កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕