(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី Mio Kawada អនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
ក្នុងឱកាសនេះដែរ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានថ្លែងថា ជប៉ុនគឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ខណៈដែលវិនិយោគិនជប៉ុន ទទួលបានទំនុកចិត្តខ្ពស់ និងបានរួមចំណែកជាច្រើនដល់ការជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគដែលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិ ហើយកម្ពុជាពិតជាត្រូវការភាគីជប៉ុន ដូចដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សូមវិនិយោគិនជប៉ុនចាត់ទុកប្រទេសកម្ពុជាថា ជាផ្ទះរបស់ខ្លួន។
លោកអ្នកឧកញ៉ាប្រធាន បានសង្កត់ធ្ងន់ថា សមាគមឧកញ៉ាកម្ពុជា សូមស្វាគមន៍ជានិច្ច នូវកិច្ចសហប្រតិបត្តិការនានារវាងស្ថាប័នទាំងពីរសំដៅជំរុញ ក៏ដូចជាទាក់ទាញការវិនិយោគបន្ថែមទៀតនៅកម្ពុជា។
ទន្ទឹមនឹងនេះ លោកស្រី Mio Kawada បានលើកឡើងថា ក្នុងនាមលោកស្រីផ្ទាល់រួមជាមួយថ្នាក់ដឹកនាំ JETRO ពិតជាមានភាពកក់ក្តៅ និងរីករាយបំផុតដែលទទួលបានការស្វាគមន៍យ៉ាងខ្លាំង ពីសមាគមឧកញ៉ាកម្ពុជា ដែលបានរៀបចំជំនួបជាមួយសម្តេចធិបតីកាលពីម្សិលមិញ ក៏ដូចជាសន្និសីទ និងកម្មវិធីផ្គូផ្គងធុរកិច្ចរវាងធុរជន នៃប្រទេសទាំងពីរផងដែរ។
លោកស្រីបានបញ្ជាក់ថា នេះជាកាលានុវត្តភាពដ៏សំខាន់ ក្នុងការផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់មជ្ឈដ្ឋានធុរកិច្ចជប៉ុន ខណៈដែលមានវិនិយោគិនជប៉ុនច្រើនៗឡើង បានចាប់អារម្មណ៍អំពីប្រទេសកម្ពុជា ជាក់ស្តែងកាលពីឆ្នាំមុនមានក្រុមហ៊ុនតែ ៧ប៉ុណ្ណោះដែលមកចូលរួមសន្និសីទនេះ ប៉ុន្តែសម្រាប់ឆ្នាំ២០២៤មានក្រុមហ៊ុនដល់ទៅ ១៩បានចូលរួម។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ បានឯកភាពគ្នាថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីបង្កើតនូវកាលានុវត្តភាពនៃការចាប់ដៃគូរវាងធុរជនជប៉ុន និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជានាពេលអនាគត៕