(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបឋកថាលើកត្តាកំណត់ភាពជោគជ័យ សម្រាប់ការដឹកនាំ សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៤០៦៧នាក់។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាល និងបានលើកទឹកចិត្ត គាំទ្រជំរុញឱ្យគ្រប់បណ្តាថ្នាក់ដឹកនាំមូលដ្ឋាន បន្តខិតខំធ្វើការងាររបស់ខ្លួន ហើយនឹងចេះជួយគ្នាទៅវិញទៅមកតាមឋានានុក្រម ដូចជាឧទាហរណ៍ ដែលលោកសាស្រ្តាចារ្យបានលើកឡើង សម្រាប់ធ្វើជាគំរូល្អនៅ ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
នៅក្នុងបទបាឋកថា លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ចែករំលែកបទពិសោធន៍ និងគន្លឹះនៃអ្នកដឹកនាំថា តើគួរមានចំណេះដឹងបែបណា ដើម្បីដឹកនាំនៅក្នុងមូលដ្ឋានរបស់ខ្លួនបានជោគជ័យ។ ជារួមអ្នកដឹកនាំគ្រប់រូបត្រូវមានចំណេះដឹងទូលំទូលាយឱ្យបានច្រើនមុខជំនាញ ដោយការសិក្សាស្វែងយល់ និងត្រូវដឹង ត្រូវស្គាល់ការងារដែលខ្លួនធ្វើ និងទទួលបន្ទុកឱ្យបានច្បាស់លាស់ ដែលមានការសួរនាំដល់សមាជិកក្រុមទាំងអស់ ដើម្បីបង្កើតក្រុមការងារដែលមានប្រសិទ្ធិភាព។ អ្នកដឹកនាំត្រូវមានយុទ្ធសាស្រ្តកសាងក្រុម និងចេះបង្កើតភាពស្និទ្ធស្នាលជាមួយក្រុមការងារ ដើម្បីធ្វើការរួមគ្នាសម្រេចផែនការយយុទ្ធសាស្រ្តរបស់អង្គភាពរបស់ខ្លួន។
ដោយមានការអនុញ្ញាតពីលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី មណ្ឌលសុខភាពគោកចក ក្នុងខេត្តសៀមរាបក៏បានចូលរួមធ្វើបទបង្ហាញពីការប្រើប្រាស់ PDIA ក្រោមប្រធានបទ «ហេតុអ្វីបានជាប្រជាជនមួយចំនួន ពុំទាន់មកប្រើប្រាស់សេវាសុខភាព នៅមណ្ឌលសុខភាពគោកចក?»។
សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង នៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង ៥ ចាប់តាំងពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ជាតិ៕