(ភ្នំពេញ)៖ អតីតបុគ្គលិកវិទ្យុអាស៊ីសេរី អ្នកស្រី អ៊ុក សាវបូរី ដែលមានវ័យប្រមាណ៥៦ឆ្នាំ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅកាន់ ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងវិទ្យុអាស៊ីសេរី (RFA) ទាមទារសុំប្រាក់សំណង ពាក់ព័ន្ធនឹងការរំលាយកិច្ចសន្យាការងារពី វិទ្យុអាស៊ីសេរី ចំនួនប្រមាណជាង ២៦,០១៩.២៣ ដុល្លារសហរដ្ឋអាមេរិក។
អ្នកស្រី អ៊ុក សាវបូរី បានសម្រេចជ្រើសតាំងលោក លី ច័ន្ទតុលា និង លី ទិត្យបូនាមី ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាមេធាវីការពារឿងក្តីរបស់អ្នកស្រី។
នៅក្នុងពាក្យបណ្តឹងចំនួន៣ទំព័រ អ្នកស្រី អ៊ុក សាវបូរី បានរៀបរាប់ថា៖
១៖ ប្តឹងសុំទាមទារប្រាក់សំណងពាក់ព័ន្ធនឹងការរំលាយកិច្ចសន្យាការងារពីវិទ្យុអាស៊ីសេរី,
២៖ បង្គាប់ឲ្យចុងចម្លើយធ្វើការសងប្រាក់សំណងពាក់ព័ន្ធ នឹងការរំលាយកិច្ចសន្យាការងារមានថិរវេលាមិនពិតប្រាកដនូវទឹកប្រាក់សរុប ២៦,០១៩.២៣ដុល្លារសហរដ្ឋអាមេរិក។
៣៖ បង្គាប់ឲ្យចុងចម្លើយធ្វើការសងការខូចខាត ការខាតបង់ពេលវេលា និងសេវាផ្លូវច្បាប់ នូវទឹកប្រាក់សរុបចំនួន ១០,០០០ដុល្លារអាមេរិកមកដើមបណ្តឹង។
៤៖ បង្គាប់ឲ្យអនុវត្តជាបណ្តោះអាសន្នលើការទាមទារក្នុងចំណុច «គ»។
៥៖ ប្រាក់ប្រដាប់ក្តី ជាបន្ទុករបស់ចុងចម្លើយ។
ក្រៅពីប្តឹងទាមទារ អ្នកស្រី អ៊ុក សាវបូរី ក៏បានរៀបរាប់ដើមហេតុ នៅក្នុងពាក្យបណ្តឹងផងដែរ។ ពាក្យបណ្តឹងរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរីរូបនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ វាយត្រាចូល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦៕