(ព្រះសីហនុ)៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទៃដីប្រតិបត្តិការប្រមាណ១២៥ហិកតា។ កំពង់ផែនេះស្ថិតនៅឈូងសមុទ្រកំពង់សោមដែលជាកំពង់ផែទឹកជ្រៅតែមួយគត់សម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រដែលទទួលបានភាពអនុគ្រោះពីធម្មជាតិ ដូចជាមានជម្រៅទឹកជ្រៅ មានកោះជារបាំងខ្យល់ និងរលកធំៗ ហើយស្ថិតនៅចំទីតាំងដែលពុំតម្រូវឱ្យមានការបូមស្តារឃ្លងនាវាជាប្រចាំឡើយ ។
កំពង់ផែនេះត្រូវបានសាងសង់ឡើងនៅដើមឆ្នាំ១៩៥៦ និងបានពង្រីកជាលំដាប់ ហើយឥឡូវនេះ កំពង់ផែមានចំណតនាវាចំនួន៨ចំណត ដែលបំពាក់ ដោយឧបករណ៍លើកដាក់ទំនើបទាន់សម័យ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះបរិមាណទំនិញឆ្លងកាត់មានការកើនឡើងជាបន្តបន្ទាប់។
បើតាម លោក ទី សាគុណ អគ្គនាយករង នៃកំពង់ផែស្វយ័តខេត្តព្រះសីហនុ បានឱ្យដឹងថា កំពង់ស្វយ័តខេត្តព្រះសីហនុ បាននិងកំពុងធ្វើការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ដោយសារមានកំណើនកុងតឺន័រ ហើយក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២៤នេះ មានទំនិញនាំចូល និងទំនិញនាំចេញ កើនឡើងជាង២៦ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងដើមឆ្នាំ២០២៣។
លោកបានបញ្ជាក់បន្ថែមថា ចាប់តាំងពីឆ្នាំ២០២២មក កំពង់ផែបានចាប់ផ្តើមអនុវត្តការកែច្នៃផែ ប្រវែងពី២៥៣ម៉ែត្រ ពីផែទំនិញរាយ ឱ្យទៅជាផែដែលអាចប្រតិបត្តិការជាមួយទំនិញកុងតឺន័របាន ហើយឥឡូវនេះក៏បានបញ្ចប់ការងារអភិវឌ្ឍផ្លាស់ប្តូរពីផែទំនិញរាយ ឱ្យមកជាផែកុងតឺន័រចប់សព្វគ្រប់កាលពីបំណាច់ខែកន្លងទៅនេះ ហើយដាក់ឱ្យប្រើប្រាស់សរុបទាំងអស់មាន៣ចំណតកុងតឺន័រផងដែរ។
លោកបានបន្ថែមថា ជាមួយនឹងការកែប្រែផែនេះ បច្ចុប្បន្នកំពង់ផែស្វយ័តខេត្តព្រះសីហនុ បានពង្រីកសមត្ថភាពទទួលទំនិញប្រមាណ២៥ភាគរយ បើធៀបទៅនឹងសមត្ថភាពទទួលកុងតឺន័រពីមុន ឬអាចធ្វើប្រតិបត្តិការទៅលើទំនិញជាច្រើននៅក្នុង១ឆ្នាំបាន ជាមួយនឹងផែជំហានថ្មី ដែលកំពុងបញ្ចប់។
លោកបានបញ្ជាក់ថា កំពង់ផែទឹកជ្រៅនេះដែលមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៤ម៉ែត្រកន្លះ អាចឱ្យកប៉ាល់ខ្នាតធំដែលអាចផ្ទុកកុងតឺន័ររហូតដល់ជាង៤ពាន់កុងតឺន័រ ចូលចតបាន។
ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ ជំហានទី២ និង ជំហានទី៣ គឺធ្វើឡើងដើម្បីវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជាកាន់តែរីកចម្រើន ហើយក៏ដើម្បីចូលរួមគាំទ្រគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ កំពង់ផែស្វយ័តក្រុងព្រះសីហនុគ្រោងនឹងអភិវឌ្ឍនិងពង្រីកបន្ថែមនូវសមត្ថភាពកំពង់ផែផងដែរ។
«ផែអាចហើយមុនគម្រោងព្រែកជីកហ្វូណនតេជោ ១ឆ្នាំ ដូច្នេះ ជំហានទី១ របស់កំពង់ផែដែលសាងសង់រួចមុន១ឆ្នាំ ព្រែកជីកហ្វូណនតេជោ គឺកំពង់ផែបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីទទួលនូវបរិមាណទំនិញដែលអាចឆ្លងកាត់តាមព្រែកជីកហ្វូណនតេជោ ឆ្លងមកតំបន់ផែតាមឆ្នេរសមុទ្រយើង»។ នេះជាការលើកឡើងបន្ថែមរបស់លោក ទី សាគុណ។
គួរឱ្យដឹងថា ប្រមុខរដ្ឋាភិបាលសម្តេចធិបតី បានកំណត់កំពង់ផែស្វយ័តក្រុងសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់ ប៉ុនែ្តមិនមែនសម្រាប់តែកម្ពុជាទេ គឺជាកំពុងផែសម្រាប់តំបន់ ដោយគ្រប់នាវាទាំងអស់ ដែលធ្វើនាវាចរណ៍នៅក្នុងតំបន់ និងក្នុងពិភពលោកអាចចូលចត ឬចេញពីកំពង់ផែកម្ពុជាបាន ហើយទំនិញកម្ពុជាមិនលំបាកក្នុងការយកទៅផ្ទេរ នៅកំពង់ផែប្រទេសជិតខាង ដូចជាកំពុងផែប្រទេសសិង្ហបុរី ដែលមានតម្លៃដឹកជញ្ជូនខ្ពស់នោះទេ។
ក្នុងឆ្នាំ២០២៣កន្លងទៅ កំពង់ផែស្វយ័តភ្នំពេញ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នូវឃ្លាំងសន្និធិគយបណ្តោះអាសន្ននៅចំណតផែកុងតឺន័រ LM១៧, ចំណតផែរណបពហុបំណង TS១១, UM២ និង LM២៦ និងឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់៕