(ភ្នំពេញ)៖ ក្រោយមហាព្រឹត្តការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា «ថ្ងៃបើកពិធីការដ្ឋានសាងសង់ ព្រែកជីកហ្វូនតេជោ ៥ សីហា ២០២៤» ក្រោមគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបើកបង្ហាញសាករាជថ្មីបន្តបន្ទាប់អំពីមហាសមិទ្ធផលជាតិ ក្រោមគោលនយោបាយឈ្នះ ឈ្នះ អតីតនាយករដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រោមការខិតខំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។
លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានសម្តែងថា៖ ថ្ងៃ៥ សីហា ឆ្នាំ២០២៤ ជាថ្ងៃដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលការរងចាំបានមកដល់ យើងអាចសង្កេតឃើញថា មុនកម្រោងព្រែកជីកហ្វូណនតេជោ ប្រជាជនខ្មែរគ្រប់ទិសទី គ្រប់ស្រទាប់វណ្ណៈ ទាំងក្នុងនិងក្រៅប្រទេស បានចូលរួមអបអរសាទរ យ៉ាងក្លៀវក្លាបំផុត។
ជាការពិតណាស់ កូនខ្មែរទាំងអស់គ្នា បានចងចាំនិងដឹងគុណូបការៈមហាធំធេង និងមិនអាចកាត់ថ្លៃបាន របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលជាបិតាសន្តិភាព ក្នុងការបង្រួបបង្រួមបណ្តុះមនសិការស្នេហាជាតិ ពិសេស ការខិតខំ លះបង់បូជាសាច់ស្រស់ឈាមស្រស់របស់សម្តេចស្ទើមួយជីវិត ដើម្បីប្រជាជនកម្ពុជា ក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍ ជូនសង្គមជាតិ។
ប៉ុន្តែយើងអាចសង្កេតឃើញថា មានជនជ្រុលនិយមមួយចំនួនតូច ឬអ្នកនយោបាយចាស់វស្សាជាទណ្ឌិតភៀសខ្លួននៅក្រៅប្រទេស តែងតែបង្កើតនយោបាយមនោគមវិជ្ជាខ្មៅកខ្វក់ នយោបាយយកជើងរាវទឹក គឺមានចិត្តគំនិតទុច្ចរិក បំផ្លើសបំផ្លៃព័ត៌មាន ញុះញង់ គ្រប់តែរឿង ការធ្វើនយោបាយខ្មៅកខ្វក់ របស់ក្រុមជ្រុលនិយមទាំងនេះ គឺមិនបានលទ្ធផលទេ ផ្ទុយទៅវិញ កាន់តែធ្វើឲ្យប្រជាជនខ្មែរសាមគ្គីគ្នា និងស្រឡាញ់ជាតិកាន់តែខ្លាំងឡើង ពិសេសពួកគេបានបាត់ទំនុកចិត្តពីបក្សពួក និងសកម្មជនខ្លួនទៅវិញ៕