(កំពង់ធំ)៖ ផ្លូវក្រាលក្រួសក្រហម១ខ្សែ មានប្រវែង៧០០០ម៉ែត្រ ចាប់ពីភូមិអូរអង្គ ក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ទៅកាន់ព្រំប្រទល់ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលជាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះខ័នកំពង់ស្វាយ ត្រូវបានជួសជុលឡើងវិញតាមសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីសម្រួលដល់ការធ្វើដំណើរ។
ក្នុងស្មារតីយកចិត្តទុកដាក់ចំពោះការងារនិងភារកិច្ច និងមើលឃើញពីការធ្វើដំណើរមានការលំបាកពីប្រជាពលរដ្ឋ នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ លោក តាន់ វាសនា ប្រធានមន្ទីរស្ដីទីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ព្រមទាំងលោកមេឃុំសាគ្រាម និងសហការីបានចុះពិនិត្យមើលសកម្មភាពក្នុងការជួសជុលផ្លូវក្រួសក្រហមមួយខ្សែនេះ។ លោក តាន់ វាសនា បានបញ្ជាក់ថា ផ្លូវក្រាលក្រួសក្រហមនេះនឹងជួសជុលរួចជាស្ថាពរប្រហែលបីបួនថ្ងៃទៀតក្នុងពេលខាងមុខឆាប់ៗនេះ។
លោក នួន ផារ័ត្ន បានជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ត្រូវពន្លឿនការជួសជុលផ្លូវមួយខ្សែនេះឱ្យរួចជាស្ថាពរមុនឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីសម្រួលដល់ការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋ និងងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ពីព្រំប្រទល់ខេត្តកំពង់ធំទៅខេត្តព្រះវិហារ។ ផ្លូវមួយខ្សែនេះ គឺជាផ្លូវទៅកាន់ប្រាសាទបុរាណដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ដើម្បីឲ្យមានការងាយស្រួលក្នុងការដឹកកសិផលដែលបានដាំដុះយកទៅលក់នៅទីផ្សារ ដែលជាការឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរចាំបាច់របស់ប្រជាជន។
លោកបន្តទៀតថា នៅក្នុងខេត្តកំពង់ធំ ផ្លូវជាច្រើនកន្លែងបានជួសជុលរួចជាស្ថាពរហើយ ដើម្បីសម្រួលដល់ការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ លោកប្រធានមន្ទីរស្ដីទីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំក៏បានអំពាវនាវដល់ប្រជាពលរដ្ឋថា ស្របពេលដែលផ្លូវល្អហើយ សូមបើកបរត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ។ ម្យ៉ាងទៀត សូមពលរដ្ឋទាំងអស់គ្នាចូលរួមថែរក្សានិងការពារផ្លូវនៅតាមមូលដ្ឋានឱ្យមានលក្ខណៈល្អប្រសើរ ដើម្បីប្រើប្រាស់បានគង់វង្សនិងយូរអង្វែង។
ប្រជាពលរដ្ឋមានការសាទរនិងត្រេកអរសប្បាយចិត្តជាខ្លាំង ចំពោះថ្នាក់ដឹកនាំដែលបានគិតគូរដល់ប្រជាពលរដ្ឋ ជាពិសេសសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តកំពង់ធំ ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ ដែលបានជួយសម្រួលក្នុងការជួយជួសជុលផ្លូវមួយខ្សែនេះឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាក្នុងការដឹកកសិផលទៅកាន់ទីផ្សារ៕